ឯកឧត្តម ស៊ុយ សែម ៖ វេទិកាថាមពលកម្ពុជា ស្ដីពី “ការរៀបចំប្រព័ន្ធថាមពលកម្ពុជា សម្រាប់ពេលអនាគត”
ភ្នំពេញ៖ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល បានអញ្ជើញជាអធិបតីបើកវេទិការថាមពលកម្ពុជា ស្ដីពី “ការរៀបចំប្រព័ន្ធថាមពលកម្ពុជាសម្រាប់ពេលអនាគត”- Cambodia Energy Forum: Designing the Future of Cambodia’s Power System ដោយមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្ត្រីគោលនយោបាយពាក់ព័ន្ធពីក្រសួងរ៉ែនិងថាមពល អាជ្ញាធរអគ្គិសនីកម្ពុជា អគ្គិសនីកម្ពុជា តំណាងស្ថាប័នរដ្ឋាភិបាល តំណាងស្ថានទូត ដៃគូអភិវឌ្ឍន៍និងវិស័យឯកជន។
វេទិកានេះ គឺជាព្រឹត្តិការណ៍អន្តរជាតិដំបូងមួយ ដែលរៀបចំឡើងដោយក្រសួងរ៉ែនិងថាមពល ក្នុងនាមជាប្រធាននៃកិច្ចប្រជុំថាមពលអាស៊ានឆ្នាំ២០២២ ក្រោមកិច្ចគាំទ្រនិងសហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ វេទិកានេះ នឹងធ្វើការពិភាក្សាជាចម្បងលើវិស័យថាមពលកម្ពុជា បន្ទាប់មកទៀត យើងនឹងមានការសន្ទនាថ្នាក់តំបន់ លើបញ្ហាអន្តរកាលវិស័យថាមពល នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
សូមបញ្ជាក់ថា ក្រសួងរ៉ែនិងថាមពល បាននិងកំពុងរៀបចំផែនការមេអភិវឌ្ឍវិស័យថាមពល ដែលជាផែនការពេញលេញសម្រាប់រយៈពេលវែង (២០២១-២០៤០) ដែលមានគោលបំណងធ្វើការសិក្សាវាយតម្លៃអំពីសេណារីយ៉ូនៃកំណើនតម្រូវការ, ជម្រើសផ្សេងៗនៃការអភិវឌ្ឍប្រភពអគ្គិសនី និងការសិក្សាស្វែងយល់អំពីតម្រូវការក្នុងការពង្រីកបណ្តាញបញ្ជូន និងបណ្តាញចែកចាយ។ គោលការណ៍ដែលជាមូលដ្ឋានដឹកនាំដំណើរការរៀបចំផែនការមេនេះ គឺដើម្បីផ្តល់ឲ្យអ្នកប្រើប្រាស់ទាំងអស់នូវថាមពលអគ្គិសនីមួយដែលមានថ្លៃសមរម្យ មានស្ថេរភាព និងអាចទុកចិត្តបាន ទន្ទឹមនឹងការធ្វើឲ្យប្រសើរឡើងនូវសន្តិសុខនៃការផ្គត់ផ្គង់អគ្គិសនី និងប្រសិទ្ធភាពនៃការប្រើប្រាស់អគ្គិសនីក្នុងគ្រប់វិស័យ។
ក្រសួងរ៉ែនិងថាមពល បេ្តជ្ញាក្នុងការបង្កើននិងផ្តល់អាទិភាពឲ្យបានជាអតិបរមាការពង្រីកការប្រើប្រាស់ថាមពលស្អាត ជាពិសេសថាមពលកកើតឡើងវិញ និងប្រសិទ្ធភាពថាមពល។ វិធីសាស្ត្រនេះ គឺស្របទៅតាមក្របខណ្ឌយុទ្ធសាស្ត្រនិងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចក្នុងការរស់នៅជាមួយកូវីដ ១៩ តាមគន្លងប្រក្រតីភាពថ្មីដែលបានកំណត់ដោយរាជរដ្ឋាភិបាល ដែលរួមមានសសរស្តម្ភចំនួន ៣ គឺ៖ ការងើបឡើងវិញ កំណែទម្រង់ និងភាពធន់៕