ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ ចែករំលែកបទពិសោធន៍ និងការដឹកនាំវិស័យ សកម្មភាពមីននៅកម្ពុជា ជូនដល់គណៈប្រតិភូ សកម្មភាពមីនប្រទេសហ្វីលីពីន

34

ភ្នំពេញ៖ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ចើញចែករំលែកបទពិសោធន៍ និងការដឹកនាំវិស័យសកម្មភាពមីននៅកម្ពុជា ជូនដល់គណៈប្រតិភូសកម្មភាពមីនហ្វីលីពីន និងភាគីពាក់ព័ន្ធ ក្នុងសិក្ខាសាលាស្តីពីអ្នកពាក់ព័ន្ធវិស័យសកម្មភាពមីនហ្វីលីពីន ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ។ សិក្ខាសលានេះ បានសហការរៀបចំដោយ មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC), មូលនិធិ Suisse de Déminage (FSD) ប្រទេសបារាំង, សហគមន៍អឺរ៉ុប និងយុទ្ធនាការហ្វីលីពីនដើម្បីហាមប្រាមគ្រាប់មីន។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ទេសរដ្ឋមន្រ្តី បានជម្រាបប្រាប់ដល់អង្គសិក្ខាសាលាថា កម្ពុជា ដែលមានអាជ្ញាធរមីនជាសេនាធិការ បានប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះកិច្ចសហប្រតិបត្តិការនេះ និងបានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសកម្មភាពមីននៅក្នុងតំបន់ មិនត្រឹមតែក្នុងអំឡុងពេលឆ្នាំនេះ ដែលជាឆ្នាំនៃការធ្វើជាប្រធានអាស៊ានរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែនៅគ្រប់ពេលវេលា។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បានលើកឡើងថា កាលពីឆ្នាំ២០១២ កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន បានផ្តួចផ្តើមគំនិតបង្កើតឲ្យមានមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន ដោយយល់ឃើញថា ការថែរក្សាសន្តិសុខមនុស្សជាតិ គឺជាផ្នែកសំខាន់មួយយ៉ាងសំខាន់នៃកិច្ចខិតខំប្រឹងប្រែងការកសាងសហគមន៍អាស៊ាន និងព្យាយាមធានាថារដ្ឋជាសមាជិកអាស៊ានទាំងអស់ និងគ្រប់វិស័យសង្គមទទួលបានអត្ថប្រយោជន៍ពីដំណើរការនេះ។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បានបន្តទៀតថា គោលដៅគ្មានមីនឆ្នាំ២០២៥ គឺជាការក្រើនរំលឹកសម្រាប់វិស័យសកម្មភាពមីន និងជាការប្តេជ្ញាចិត្តរបស់ពិភពលោកគ្មានមីន។ វិស័យមីន ត្រូវការការអភិវឌ្ឍជំនាញថ្មីៗ និងបច្ចេកវិទ្យាបន្ថែមទៀត ដែលអាចធ្វើឱ្យប្រតិបត្តិករទាំងអស់ បំពេញភារកិច្ចឱ្យអស់ពីសមត្ថភាព ហើយវាគឺជាសមិទ្ធផលដ៏អស្ចារ្យមួយ ដើម្បីអាចនាំឲ្យពិភពលោកសម្របខ្លួនទៅនឹងជំនាញ និងបច្ចេកវិទ្យាជឿនលឿន នៅពេលនិយាយអំពីបញ្ហាមីន និងបញ្ហាសំណល់ជាតិផ្ទុះពីសង្រ្គាម ក្នុងគោលដៅជួយសង្គ្រោះជីវិតមនុស្ស ជាពិសេសអ្នកងាយរងគ្រោះបំផុត និងប្រែក្លាយតំបន់មានមីនទៅជាតំបន់អភិវឌ្ឍន៍កសិកម្ម សាលារៀន មន្ទីរពេទ្យ និងទីផ្សារ ជាដើម។

ក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានកោតសរសើរចំពោះការតាំងចិត្តពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការផ្តល់កិច្ចសហការកាន់តែខ្លាំងនៅក្នុងតំបន់ និងធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នកបន្តបេសកកម្មសម្រាប់សកម្មភាពមីន ក្នុងការលើកកម្ពស់សុខសុវត្ថិភាព និងជួយដល់ជនងាយរងគ្រោះដែលរងផលប៉ះពាល់ដោយសំណល់ជាតិផ្ទុះពីសង្រ្គាម។ ការងារបោសសម្អាតមីន គឺជាបេសកកម្មរបស់យើងទាំងអស់គ្នា ហើយគ្រប់ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមឆ្ពោះទៅរកពិភពលោកគ្មានមីនឆ្នាំ២០២៥៕

អត្ថបទដែលជាប់ទាក់ទង