អាជ្ញាធរខេត្ត ដឹកនាំកងកម្លាំង ចុះសម្អាតសំរាម និងកំផ្លោក តាមបណ្តោយសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ
ខេត្តកណ្ដាល៖ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាល កាលពីព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ បានដឹកនាំកងកម្លាំង ចុះធ្វើការសម្អាតសំរាម និងកំផ្លោក នៅតាមបណ្តោយសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ដើម្បីសម្រួលដល់ការបណ្តែតប្រទីប និងសោភ័ណភាពទីក្រុង ក្នុងកម្មវិធីសង្ក្រាន្តខេត្តកណ្ដាល នាពេលឆាប់ៗខាងមុខនេះ ។
ក្នុងការចុះសម្អាតនេះ ឯកឧត្តម តាំង ម៉េនលាន បានតម្រូវឱ្យកម្លាំងទាំងអស់ ត្រូវរុញបោចកំផ្លោក និងប្រមូលសំរាមផ្សេងៗទៀតចេញឱ្យអសពីច្រាំងទន្លេ ព្រោះការងារអនាម័យ បរិស្ថាននេះគឺជារឿងសំខាន់ណាស់ជាមុខមាត់របស់ខេត្ត ដូច្នេះកងកម្លាំងទាំងអស់ត្រូវសហការគ្នាសម្អាត ឱ្យបានរួចរាល់ឆាប់រហ័សបំផុត សំដៅលើកកម្ពស់សោភ័ណភាពតាមដងទន្លេ ត្រៀមសម្រាប់រៀបចំសង្ក្រាន្តខេត្តកណ្តាល ដើម្បីអបអរសារទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រព្រឹត្តទៅបានរលូន ប្រកបដោយសុភ័ណភាពស្អាត និងមានបរិស្ថានល្អផងដែរ។
នាឱកាសនោះដែរ ឯកឧត្តមក៏បាន ធ្វើការពន្យល់ណែនាំ និងសម្របសម្រួលដល់បងប្អូនខ្មែរឥស្លាម ដែលមានទូកនេសាទចតតាមច្រាំងទន្លេ សូមមេត្តាជួយសម្រួលដោយនាំគ្នាទៅចតនៅទីតាំងផ្សេង ដែលអជ្ញាធរបានកំណត់ ដើម្បីជួយសម្រួលដល់ក្រុមការងារ សម្អាតកំប្លោក និងសំរាមនៅទីតាំងនេះប្រព្រឹត្តទៅបានងាយស្រួល និងឆាប់រហ័ស។
សូមជម្រាបជូនផងដែរថា រដ្ឋបាលខេត្តកណ្ដាលនឹងរៀបចំសង្រ្កានខេត្តកណ្ដាលនៅក្រុងតាខ្មៅ ចាប់ពីថ្ងៃទី ១៤-១៥-១៦ ខែមេសា ក្នុងកម្មវិធីសង្ក្រាន្តនេះដែរ រដ្ឋបាលខេត្ត បានរៀបចំនូវកម្មវិធីជាច្រើនរួមមាន៖ កម្មវិធីតាមបែបសាសនា ពិធីក្រុងពាលី បួងសួងសុំសេចក្តីសុខ ពិធីចម្រើនព្រះបរិត្ត សូត្រមន្តលើករាសី របាំបួងសួង និងរបាំត្រុដ ពិធីទទួលទេវតាឆ្នាំថ្មី ពិធីពូនភ្នំខ្សាច់ ស្រង់ព្រះ។ ពិធីកម្សាន្តសប្បាយរួមមាន៖ កម្មវិធីលេងល្បែងប្រជាប្រិយខ្មែរ ចោលឈូង បោះអង្គុយ លាក់កន្សែង ទាញព្រ័ត ស្តេចចង់ ជាដើម ។ កម្មវិធីកីឡា មានការប្រកួតកីទ្បាជាច្រើនប្រភេទ រីឯក្នុងពេលរាត្រី មានកម្មវិធីសម្តែងសិល្បៈ រាំស្គរដី ការប្រគុំតន្ត្រីសម័យដោយមានការចូលរួមពីតារាល្បី អមជាមួយនិង ការបណ្តែតប្រទីបលើផ្ទៃទឹក បង្ហោះគោមលើអាកាស បាញ់កាំជ្រួច សួនថតរូបអនុស្សាវរីយ៍មានជាច្រើនទំរង់ ព្រមទាំងមានស្តង់លក់ផលិតក្នុងស្រុកជាច្រើនផងដែរ ។