រដ្ឋបាលរាជធានីភ្នំពេញ បន្តចុះស្តារប្រព័ន្ធលូ ជាអាទិភាពនៅក្នុងភូមិសាស្ត្រខណ្ឌ៧មករា ធ្វើយ៉ាងណាការពារកុំឱ្យមានការដក់លិចទឹកភ្លៀង លើផ្លូវសំខាន់ៗ ធ្វើឱ្យលំហូរទឹកភ្លៀងអាចហូរចេញបានលឿន
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បន្តចុះស្តារប្រព័ន្ធលូ ជាអាទិភាពនៅក្នុងភូមិសាស្ត្រខណ្ឌ៧មករា ធ្វើយ៉ាងណាការពារការដក់លិចទឹកភ្លៀង លើផ្លូវសំខាន់ៗ ក្រោយពីសកម្មភាពស្តារប្រព័ន្ធលូ និងសម្អាតទរទឹកភ្លៀង នៅភូមិសាស្ត្រខណ្ឌកណ្ដាលក្រុងបានអនុវត្តជាបន្តបន្ទាប់ ហើយខណ្ឌ៧មករាបន្ទាប់ពីខណ្ឌចំការមននិងខណ្ឌដូនពេញ។
ជាក់ស្តែងនាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ ចុះស្តារប្រព័ន្ធលូ ដើម្បីកាយភក់ និងសំរាម ដែលអាចធ្វើឱ្យរាំងស្ទះដល់លំហូរទឹកភ្លៀង ដែលចាប់ផ្តើមពីចំណុចផ្លូវលេខ២១១ និងទៅកាន់ផ្លូវសំខាន់ៗជាច្រើនទៀត ដូចជាផ្លូវលេខ២១៥, ផ្លូវលេខ១៨២, ប្រមាណជា ៣.២៣៤ម៉ែត្រ នៃខណ្ឌ៧មករា ដែលជាខណ្ឌអទិភាព និងស្ថិតនៅកណ្តាលរាជធានីភ្នំពេញ។
ក្នុងឱកាសនេះ ឯកឧត្តម ឯក ឃុនដឿន បានឱ្យក្រុមការងារ អនុវត្តតាមការណែនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានណែនាំឱ្យយកចិត្តទុកដាក់ ចំពោះផ្លូវណា ឬតំបន់ណាដែលចាំបាច់ ត្រូវធ្វើការស្តារភ្លាមៗ ដើម្បីធានាថា ប្រព័ន្ធលូមិនរាំងស្ទះកាកសំណល់ និងសំរាម សំដៅបើកមុខលូឱ្យស្អាតល្អ និងធ្វើឱ្យលំហូរទឹកភ្លៀងអាចហូរចេញបានលឿន ។
ក្នុងនោះឯកឧត្តម ឯក ឃុនដឿន ក៏បានឱ្យក្រុមការងារឆែកមើលតាមប្រព័ន្ធលូ ដែលមិនទាន់មានការតភ្ជាប់បង្ហូរចេញត្រូវតភ្ជាប់ ខណៈបណ្តាញលូណាដែលមិនទាន់បើកមុខធំ ក៏ត្រូវបើកឱ្យអស់ ដោយសារស្ថានីយបូមទឹកមួយចំនួន បានសាងសង់រួចរាល់ អាចធានាដល់លំហូរទឹកភ្លៀងបានហើយ ។
ឆ្លៀតក្នុងឱកាសនោះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ មេត្តាកុំចាក់សាប រៀបការូឡាលើគម្របលូ និងយកដីចាក់បិទលូផងដែរ ។
សម្រាប់យុទ្ធនាការស្ដារលូ អណ្ដូងលូ កាយភក់ និងសំរាម ក្នុងខណ្ឌកណ្ដាលក្រុងទាំង៥នេះជាផែនការរបស់រដ្ឋបលរាជធានីភ្នំពេញហើយការងារទាំងនេះធ្វើឡើងក្រោមការយកចិត្តទុកដាក់ពី ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងផែនការត្រៀមរំដោះជំនន់ទឹកភ្លៀង ដេីម្បី បញ្ចៀសការជន់លិចផ្ទះសម្បែងនិងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងរដូវវស្សានេះ។
គួរបញ្ជាក់ដែរថា សកម្មភាពចុះស្តារ និងកាយភក់ យកសំរាម ចេញពីបណ្តាញលូ ក្នុងខណ្ឌ៧មករានាពេលនេះ គឺជាការពង្រីកសកម្មភាពស្តារនិងកាយភក់ និងសំរាម បន្តពីខណ្ឌសំខាន់ៗផ្សេងៗ ជាពិសេសខណ្ឌដែលនៅកណ្តាលរាជធានីភ្នំពេញទាំង៥តែម្តង ពោលរដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តចំពោះខណ្ឌដូចពេញ, ខណ្ឌចំការម៉ន និងខណ្ឌ៧មករា ជាខណ្ឌទី៣ផងដែរ ។
ក្នុងប្រតិបត្តិការចុះស្តារលូ និងកាយភក់យកសំរាមចេញពីប្រព័ន្ធលូនេះ ធ្វើឡើងដោយមានគ្រឿងចក្រជាច្រើនគ្រឿង រដ្ឋបាលរាជធានីនិងពីមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ផងដែរ៕
