ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តឡិចស៊ីសRX330 បុករបាំងថ្មពុះចែកទ្រូងផ្លូវ បាក់អស់៣កង់ និងដាច់កង់ម្ខាង ក្រឡាប់ផ្ងារជើង

46

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តឡិចស៊ីសRX330 យ៉ាងលឿនជ្រុលចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យបាក់អស់ចំនួន៣កង់ រីឯរថយន្តដាច់កង់ម្ខាងក្រឡាប់ផ្ងារជើងបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២ និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ នៅត្រង់ចំណុចស្ទុបក្បាលទំនប់ តាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុនោះគឺ គេឃើញរថយន្តបង្កម៉ាក ឡិចស៊ីស RX 330 ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AL-0026 បានធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ ទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរបាំងថ្មបាក់រៀបចំនួន៣កង់ រីឯរថយន្តបង្កបានដាច់កង់មុខម្ខាងក្រឡាប់ផ្ងារជើងរងការខូចខាតយ៉ាងដំណំ ។

ភ្លាមៗនោះស្រាប់តែមានបុរសម្នាក់បើកទ្វារវាចេញពីរថយន្តបង្កមានសភាពមិនរបួសធ្ងន់ធ្ងរនោះទេ រួចក៏ចាក់ចេញពីកន្លែងកើតហេតុបាត់ស្រមោល ។
ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងទំនាក់ទំនងទៅសមត្ថកិច្ចជំនាញឲ្យមកធ្វើការវាស់វែងយករថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង