អនុមោទនា ពិធីបុណ្យកាន់បិណ្ឌ នៃបុណ្យភ្ជុំបិណ្ឌ
ភ្នំពេញ ៖ ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ គឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២នេះ ជាពិធីបុណ្យភ្ជុំបិណ្ឌ រាប់ពីថ្ងៃបិណ្ឌទី១ នេះទៅ មានរយៈពេល១៥ថ្ងៃ ថ្ងៃចុងក្រោយជាថ្ងៃភ្ជុំធំ ឬភ្ជុំបិណ្ឌ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ មានប្រសាសន៍ថា ពិធីបុណ្យភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីប្រចាំឆ្នាំដ៏ធំរបស់ជាតិយើង ដែលបានប្រារព្ធធ្វើតាំងពីបុរាណកាលមក ដើម្បីតបស្នងសងគុណដល់លោកអ្នកមានគុណ មានឪពុកម្តាយ ជីដូនជីតា និងដើម្បីឧទ្ទិសបុណ្យកុសល ដល់ពពួកញាតិ និងជីដូនជីតាទាំងឡាយ ដែលបានចែកស្ថានទៅហើយ តាមរយៈការឧទ្ទិកុសលផលបុណ្យដោយប្រគេននូវចង្ហាន់និងទេយ្យវត្ថុផ្សេងៗ ចំពោះព្រះសង្ឃ ដែលបានគង់ចាំព្រះវស្សាតាមទីវត្តអារាមនានា។
ក្នុងឱកាសនេះ សូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់បងប្អូនប្រជាពលរដ្ឋ បានធ្វើបុណ្យទានតាមគន្លងប្រពៃណីសាសនា តាមវត្តអារាមនានានៅទូទាំងប្រទេស។
ជាមួយគ្នានេះ សូមបងប្អូនជនរួមជាតិគោរពតាមរាល់ការណែនាំ និងវិធានការសុខាភិបាល ឱ្យបានខ្ជាប់ខ្ជួន ដោយហេតុថាជំងឺកូវីដ-១៩នៅតែជាកង្វល់របស់ពិភពលោកនៅឡើយ។ សូមជនរួមជាតិបន្តអនុវត្តវិធានការ ”បីកុំ បីការពារ” ធ្វើយ៉ាងណាឱ្យការប្រារព្ធពិធីប្រពៃណីជាតិយើងបានប្រព្រឹត្តទៅដោយរលូន ជ្រះថ្លា និងចៀសឆ្ងាយពីជំងឺកូវីដ-១៩។
សូមជូនពរបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗក្រុមគ្រួសារកុំបីឃ្លៀងឃ្លាតឡើយ៕