នាយកអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ(WWF)ប្រចាំប្រទេសកម្ពុជា បានសាទរចំពោះកំណើននៃចំនួនសត្វត្រយងចង្កំកសក្នុងប្រទេសកម្ពុជា
ភ្នំពេញ ៖ លោក សេង ទៀក នាយកអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ(WWF)ប្រចាំប្រទេសកម្ពុជា បានសាទរចំពោះកំណើននៃចំនួនសត្វត្រយងចង្កំកសក្នុងប្រទេសកម្ពុជា។ លោកថានេះជាលទ្ធផលវិជ្ជមាននៃកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការអភិរក្សប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជបំផុតនៅលើពិភពលោក។ សត្វត្រយងចង្កំកសចំនួន ៣២៦ ក្បាល ព្រមទាំងទ្រនំរបស់ពួកវាចំនួន ១៧កន្លែង ត្រូវបានកត់ត្រាថា ឃើញមាននៅដែនជម្រកសត្វព្រៃសំបូរក្នុងតំបន់ទេសភាពព្រៃលិចទឹកមេគង្គ នាខេត្តក្រចេះ ដែលចំនួននេះបានកើនឡើង ២៩% ក្នុងឆ្នាំ២០២២ ធៀបនឹងចំនួន ២៥២ ក្បាល ដែលបានកត់ត្រាក្នុងឆ្នាំ២០២១។ លោកបន្តថា៖ «អង្គការWWF មានសេចក្តីសោមនស្សរីករាយ និងសូមអបអរសាទរចំពោះលទ្ធផលវិជ្ជមាននៃជំរឿនសត្វត្រយ៉ងចង្កំកសក្នុងឆ្នាំនេះ។ សូមអរគុណដល់ក្រសួងបរិស្ថាន សមាជិកទាំងអស់នៃក្រុមការងារអភិរក្សសត្វត្រយ៉ងចង្កំកសនៅកម្ពុជា សហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ធដែលចូលរួមយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងការងារអភិរក្សសត្វកម្រ។ ក្នុងនាមជាសមាជិកនៃក្រុមការងារអភិរក្សសត្វត្រយ៉ងចង្កំកសកម្ពុជា អង្គការWWFប្តេជ្ញាបន្តកិច្ចសហការរួមគ្នាជាមួយអាជ្ញាធរដែលមានទំនួលខុសត្រូវ អង្គការក្រៅរដ្ឋាភិបាលជាដៃគូ រួមនឹងសហគមន៍មូលដ្ឋានការពារសត្វកំពុងរងគ្រោះថ្នាក់ជិតផុតពូជបំផុតនេះ តាមរយៈការគាំទ្រការអនុវត្តច្បាប់ក្នុងការការពារទីជម្រក ក៏ដូចជាយន្តការការពារសំបុកដោយសហគមន៍មូលដ្ឋាន។ អង្គការWWF បានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមក្នុងកិច្ចសហប្រតិបត្តិការក្នុងផែនការសកម្មភាពអភិរក្សរួម ដើម្បីធ្វើយ៉ាងណាអាចអោយសត្វស្លាបដ៏កម្រនេះរស់រាន្តកាន់តែប្រសើរនាថ្ងៃអនាគត»។
លោក Jonathan Charles Eames OBE, ប្រធានក្រុមហ៊ុន Rising Phoenix Co. Ltd. បានមានប្រសាសន៍ថា៖ «នៅក្រុមហ៊ុន Rising Phoenix បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង មិនត្រឹមតែរាប់ចំនួនសត្វប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចាត់វិធានការដើម្បីការពារទីជម្រកសត្វដ៏ធំបំផុតដែលស្ថិតនៅខាងក្រៅ ដែនជម្រកសត្វព្រៃសៀមប៉ាង។ ក្រុមការងាររបស់យើង បានខិតខំប្រឹងប្រែង និងលះបង់ពេលវេលា ក្នុងការការពារធនធានដ៏សំខាន់នេះ ដោយធ្វើការស្វែងរក និងតាមដានសំបុកសត្វត្រយងចង្កំកស ដែលបានរកឃើញសំបុកប្រមាណ៤៥ សំបុកក្នុងមួយឆ្នាំ»។
លោក ប៊ូ វរសក្ស នាយកអង្គការធម្មជាតិនៅកម្ពុជា បានមានប្រសាសន៍ថា៖ «ប្រទេសកម្ពុជាគាំទ្រដល់ចំនួនប្រជាសាស្ត្រសត្វត្រយងចង្កំកសច្រើនជាងគេនៅលើពិភពលោក លទ្ឋផលជំរឿងក្នុងឆ្នាំ ២០២២នេះ បានបង្ហាញពីអនាគតដ៏ជោគជ័យ។ អង្គការជីវិតធម្មជាតិនៅកម្ពុជា សូមថ្លែអំណរគុណចំពោះក្រសួងបរិស្ថាន ដែលបានដឹកនាំក្រុមការងារអភិរក្សសត្វត្រយងកម្ពុជា។ យើងមានសេចក្តីសោមនស្សរីករាយ ក្នុងការគាំទ្រដល់ក្រុមការងារអភិរក្សនេះ ដើម្បីរៀបចំនិងអនុវត្តផែនការសកម្មភាពអភិរក្សសត្វត្រយងកម្ពុជាកុំឱ្យផុតពូជ»៕ សំរិត
