ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន ទុកពេលវេលាមួយខែ ជាកំហិតឱ្យ គង់ គាំ ប្រគល់ឱ្យក្រសួងការបរទេសវិញ នូវផ្ទះនិងដី ដែល គង់ គាំ បានស្នាក់នៅ និងបន្លំយកធ្វើជាកម្មសិទ្ធិ

283

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារ ដើម្បីជាការបញ្ជាក់បន្ថែមផង និងជាការដាស់តឿនផង ដល់ គង់ គាំ ថា ដើម្បីចៀសវាងផលវិបាកនានា ដែលកើតចេញពីបណ្តឹង និងសកម្មភាពទាំងឡាយខាងផ្លូវច្បាប់ ដែលរាជរដ្ឋាភិបាលនឹងចាត់វិធានការក្នុងការទាមទារយកផ្ទះនិងដីរបស់ក្រសួងការបរទេសមកវិញ និងក្នុងឋានៈខ្ញុំជាមេដឹកនាំ ដែលបានកាន់អំណាចជាប់រហូតឥតដាច់អស់ពេលជាង ៤៤ ឆ្នាំ ពីឆ្នាំ ១៩៧៩ រហូតមកដល់បច្ចុប្បន្ន។

សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះថា ខ្ញុំសូមដាស់តឿនឱ្យ គង់ គាំ ប្រគល់ឱ្យក្រសួងការបរទេសវិញនូវផ្ទះនិងដី ដែល គង់ គាំ បានស្នាក់នៅ និងបន្លំយកធ្វើជាកម្មសិទ្ធិឯកជន ដោយទុកពេលវេលាមួយខែជាកំហិត គិតពីថ្ងៃនេះ “ថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៣” តទៅ។

ខ្ញុំសូមផ្ញើសារ ដើម្បីជាការបញ្ជាក់បន្ថែមផង និងជាការដាស់តឿនផង ដល់ គង់ គាំ ដូចខាងក្រោម ៖

ទី១-តាំងពីក្រោយឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន នៅកម្ពុជា ពុំមានឡើយនូវមុខតំណែងជា “អនុរដ្ឋមន្រ្តីទី១” គឺ នៅសម័យនោះ មានតែមុខតំណែងជា “អនុរដ្ឋមន្រ្តី” និង “ឧបការី” ប៉ុណ្ណោះ ហើយក៏ពុំមានដែរនូវមុខតំណែងជា “រដ្ឋលេខាធិការ”។
ទី២-នៅក្នុងលិខិតបំភ្លឺផ្ញើទៅកាន់ហ្រ្វេសញ៉ូ គង់ គាំ បានបញ្ជាក់ថា បានចូលទៅស្នាក់នៅនៅផ្ទះ ដែលជាកម្មសិទ្ធិរបស់ក្រសួងការបរទេស ដោយគ្រាន់ត្រឹមតែជាការ “ជូនព័ត៌មានមកខ្ញុំ ក្នុងឋានៈខ្ញុំជារដ្ឋមន្រ្តីនាពេលនោះប៉ុណ្ណោះ” ពុំមែនជា “ការស្នើសុំកាន់កាប់យកជាកម្មសិទ្ធិលើផ្ទះនោះទេ”។ ហេតុដូច្នេះ ពុំមានឡើយនូវការសម្រេចណាមួយពីខ្ញុំដែលជារដ្ឋមន្រ្តីនាពេលនោះ ក្នុងការប្រគល់ផ្ទះនិងដីរបស់ក្រសួងការបរទេសទៅឱ្យ គង់ គាំ ឡើយ។ និយាយម្យ៉ាងទៀត តាមផ្លូវច្បាប់ ផ្ទះនិងដីនេះនៅតែជាកម្មសិទ្ធិស្របច្បាប់របស់ក្រសួងការបរទេសដដែល ដោយពុំមានការកែប្រែឡើយ ហើយរាជរដ្ឋាភិបាល នឹងចាត់វិធានការតាមនីតិវិធីច្បាប់ ដើម្បីទាមទារយកត្រឡប់មកវិញនូវផ្ទះ និងដីដែលជាកម្មសិទ្ធិរបស់រដ្ឋ។
ទី៣-ដើម្បីចៀសវាងផលវិបាកនានា ដែលកើតចេញពីបណ្តឹង និងសកម្មភាពទាំងឡាយខាងផ្លូវច្បាប់ ដែលរាជរដ្ឋាភិបាលនឹងចាត់វិធានការក្នុងការទាមទារយកផ្ទះនិងដីរបស់ក្រសួងការបរទេសមកវិញ និងក្នុងឋានៈខ្ញុំជាមេដឹកនាំ ដែលបានកាន់អំណាចជាប់រហូតឥតដាច់អស់ពេលជាង ៤៤ ឆ្នាំ ពីឆ្នាំ ១៩៧៩ រហូតមកដល់បច្ចុប្បន្ន, ខ្ញុំសូមដាស់តឿនឱ្យ គង់ គាំ ប្រគល់ឱ្យក្រសួងការបរទេសវិញនូវផ្ទះនិងដី ដែល គង់ គាំ បានស្នាក់នៅ និងបន្លំយកធ្វើជាកម្មសិទ្ធិឯកជន ដោយទុកពេលវេលាមួយខែជាកំហិត គិតពីថ្ងៃនេះ “ថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៣” តទៅ៕

អត្ថបទដែលជាប់ទាក់ទង