សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ស្នើឯកឧត្តមអតីប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ ជួយផ្សព្វផ្សាយកៀរគរឱ្យវិនិយោគិនកូរ៉េ មកវិនិយោគនៅកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត
ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតឱ្យ ឯកឧត្តម ប៉ាក ប៊ីយុងស៊ឺក (Park Byeongseug) អតីតប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ និងជាប្រធានវេទិកាសន្តិភាព និងការទូតចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា ក្នុងពេលដែលឯកឧត្តមបំពេញទស្សនកិច្ចនៅកម្ពុជា។
សម្តេចប្រធានរដ្ឋសភា មានសេចក្តីសោមនស្សរីករាយ និងបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម ប៉ាក ប៊ីយុងស៊ឺក ដែលបានអញ្ជើញមកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា និងឆ្លៀតឱកាសចូលជួបសម្តែងការគួរសមជាមួយសម្តេចនាពេលនេះ។
ដំណើរទស្សនកិច្ចឯកឧត្តមនាពេលនេះ ឆ្លុះបញ្ចាំងឱ្យឃើញពីរការបន្តយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំកូរ៉េ ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសទាំងពីរ កម្ពុជា-កូរ៉េ ជាពិសេសវិស័យការទូតសភា។
ឯកឧត្តម ប៉ាក ប៊ីយុងស៊ឺក បានគោរពកោតសរសើរចំពោះសម្តេចប្រធានរដ្ឋសភា ដែលបានបំពេញតួនាទីដ៏សំខាន់ៗនៅក្នុងការរំដោះ សង្រ្គោះអាយុជីវិតប្រជាពលរដ្ឋ ក៏ដូចជាប្រទេសជាតិ និងចូលរួមកសាងអភិវឌ្ឍន៍កម្ពុជារហូតមក។
ឯកឧត្តម សូមអបអរសាទរចំពោះការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា រួមនឹងមហាសន្និបាតអន្តរសភាអាស៊ាន(AIPA) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលកន្លងមកទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។
ជាមួយគ្នានេះ ឯកឧត្តមសូមសម្តែងក្តីសប្បាយចំពោះភាពរីកចម្រើនចំណងមិត្តភាព និងកិច្ចសប្រតិបត្តិការ កម្ពុជានិងសាធារណរដ្ឋកូរ៉េ ដែលមានការរីកចម្រើនបន្តបន្ទាប់។ ឯកឧត្តមបានលើកឡើងពីតួនាទីដ៏សំខាន់របស់រដ្ឋសភា នៅក្នុងការលើកកម្ពស់ទំនាក់ទំនងប្រទេសទំាងពីរ។
បន្ថែមពីនោះទៀត ឯកឧត្តម ប៉ាក ប៊ីយុងស៊ឺក បានគោរពស្នើសុំសម្តេច ជួយជំរុញទំនាក់ទំនងរដ្ឋសភាប្រទេសទំាងពីរ ឱ្យកាន់តែស៊ីជម្រៅថែមទៀត តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងគ្នាទៅវិញទៅមក។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគាំទ្រចំពោះបេសកកម្ម របស់ឯកឧត្តម និងគណៈប្រតិភូក្នុងការលើកកម្ពស់ការទូតសន្តិភាព។ សម្តេចបានគូសបញ្ជាក់ថាសាធារណរដ្ឋកូរ៉េ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងដំណើរស្វែងរកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា តាមរយៈការផ្តល់ជំនួយឥតសំណង កម្ចីឥណទានសម្បទាន ហើយគម្រោងនានាជាច្រើន បាននិងកំពុងអនុវត្ត។
ឆ្លៀតឱកាសនោះ សម្តេចបានស្នើសុំ ឯកឧត្តម ប៉ាក ប៊ីយុងស៊ឺក និងគណៈប្រតិភូជួយផ្សព្វផ្សាយឱ្យវិនិយោគិនកូរ៉េ មកវិនិយោគនៅកម្ពុជា ឱ្យបានកាន់តែច្រើនថែមទៀត ពីព្រោះកម្ពុជាមានសុខសន្តិភាពពេញលេញ មានសក្តានុពលើវិស័យសេដ្ឋកិច្ច។
ឯកឧត្តម ប៉ាក ប៊ីយុងស៊ឺក បានគោរពទទួលយកសំណើសម្តេចប្រធានរដ្ឋសភា និងបានជម្រាបជូនសម្តេចពីការរីកចម្រើនទំហំពាណិជ្ជកម្មប្រទេសទំាងពីរ ដែលបានកើនដល់៥ពាន់លានដុល្លារ។ សាធារណកូរ៉េ ជាប្រទេសឈរក្នុងលំដាប់ទី២ ដែលបានបោះទុនវិនិយោគនៅកម្ពុជាបន្ទាប់ពីប្រទេសចិន។
ឯកឧត្តមប្រធានគណៈប្រតិភូ បានជម្រាបជូនសម្តេចបន្តថា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលទើបនឹងចូលជាធរមាន ការវិនិយោគនិងពាណិជ្ជរវាងកម្ពុជា និងកូរ៉េ នឹងកើនឡើង។ ជាពិសេសនៅឆ្នាំនេះ សាធារណរដ្ឋកូរ៉េបានបង្កើនចំនួនកូតាពលករខ្មែរ ទៅធ្វើការនៅកូរ៉េចំនួន៤០% បន្ថែមទៀត៕
