ធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ KfW បានស្វែងយល់អំពីវឌ្ឍនភាព នៃការអភិវឌ្ឍវិស័យថាមពល នៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ទី នរិន្ទ រដ្ឋលេខាធិការ បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយតំណាងធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ KfW ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់នៃភាគីទាំងពីរដែលទទួលបន្ទុក្នុងវិស័យថាមពល។
កិច្ចប្រជុំនេះបានផ្តោតសំខាន់ទៅលើការស្វែងរកឱកាសពង្រីកលទ្ធភាពបន្ថែមក្នុងការគាំទ្រដល់ការអភិវឌ្ឍបណ្តាញបញ្ជូនថាមពលអគ្គិសនី ការកែលម្អនិងពង្រឹងគុណភាពហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីដែលមានស្រាប់ និងឱកាសក្នុងការចូលរួមគម្រោងអភិវឌ្ឍន៍និងវិនិយោគវិស័យថាមពលតាមរយៈផែនការមេអភិវឌ្ឍន៍ថាមពលថ្មីរបស់កម្ពុជាឆ្នាំ២០២២-២០២៤០ និងគោលនយោបាយជាតិស្តីពីប្រសិទ្ធភាពថាមពល ២០២២-២០៣០។
ជាមួយគ្នានេះដែរ ធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ KfW ក៏បានស្វែងយល់អំពីវឌ្ឍនភាពនៃការអភិវឌ្ឍវិស័យថាមពលនៅកម្ពុជា ជាពិសេសការវវិឌ្ឍថ្មីៗនៃគម្រោងថាមពលដែលចូលរួមប្រយុទ្ធប្រឆាំងនឹងបំរែបម្រួលអាកាសធាតុរួមមាន គម្រោងអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ គម្រោងប្រើប្រាស់បច្ចេកវិទ្យាសម្រាប់គាំទ្រដល់ប្រភពអភិវឌ្ឍន៍ថាមពល ផែនទីបង្ហាញផ្លូវថាមពលស្អាតដើម្បីឆ្ពោះទៅរកអព្យាក្រឹត្យកាបូន និងគោលការណ៍សម្រាប់អនុញ្ញាតឱ្យប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យលើដំបូលនៅកម្ពុជាជាដើម៕
