ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដោយសារតែការរីកចម្រើនខ្លាំង នៃបច្ចេកវិទ្យាបានធ្វើអោយអ្នកប្រើប្រាស់ អ៊ីនធឺណិត កើនឡើងយ៉ាងលឿន គួរឱ្យកត់សម្គាល់

102

 

ភ្នំពេញ៖ បច្ចុប្បន្ននេះ ដោយសារតែការរីកចម្រើនខ្លាំងនៃបច្ចេកវិទ្យា បានធ្វើអោយអ្នកប្រើប្រាស់អ៊ីនធឺណិត កើនឡើងយ៉ាងលឿន គួរឱ្យកត់សម្គាល់ ដោយក្នុងចំណោមអ្នកប្រើប្រាស់៣នាក់ មាន១នាក់ទៅហើយជាកុមារដែលបានប្រើប្រាស់អ៊ីនធឺណិតនេះ ដែលវាពិតជាផ្តល់នូវហានិភ័យ និងបង្កគ្រោះថ្នាក់យ៉ាងខ្លាំង ដល់កុមារ ដោយកុមារខ្លះអាចនិងអាចក្លាយទៅជាជនល្មើស ឬ អ្នកប្រព្រឹត្តបទល្មើសថែមទៀតផង។

នេះបើតាមការលើកឡើងរបស់លោក រឿង សេរីតារា អនុប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទារាជធានីភ្នំពេញ ក្នុងបទបង្ហាញមួយស្តីពីការពង្រឹងយន្តការរាយការណ៍និងឆ្លើយតបករណីនៃការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ក្នុងកិច្ចប្រជុំប្រចាំឆ្នាំឆ្លុះបញ្ចាំងលទ្ធផលអនុវត្តការងារឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រី្ត និងកុមារ នៃក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញតំណាងអោយលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

ក្នុងបទបង្ហាញនេះបានលើកឡើងថា៖ ទន្ទឹមនឹងការរីកចម្រើននៃបច្ចេកវិទ្យានាពេលបច្ចប្បន្ននេះ អ្នកប្រើប្រាស់អ៊ីនធឺណិត ជាកុមារ កំពុងតែមានការកើនឡើងយ៉ាងលឿនគួរឱ្យកត់សម្គាល់ ក្នុងចំណោមអ្នកប្រើប្រាស់៣នាក់ មាន១នាក់គឺជាកុមារ។ ប្រព័ន្ធអ៊ីនធឺណិត មិនត្រឹមតែជាទីកន្លែងដែលកុមារអាចស្វែងរកព័ត៌មាន រឿងរ៉ាវ រៀនសូត្រ ចំណេះដឹង លេងកម្សាន្ត និងភ្ជាប់ទំនាក់ ទំនងជាមួយមិត្តភ័ក្ត និងមនុស្សដទៃទៀតប៉ុណ្ណោះទេ ប៉ុន្តែជាទីកន្លែងផ្តល់នូវហានិភ័យ និងបង្កគ្រោះថ្នាក់យ៉ាងខ្លាំង ដល់កុមារ និងអ្នកប្រើប្រាស់ជាច្រើនផងដែរ ។ នេះដោយសារតែពួកគេមិនទាន់បានយល់ដឹងពីគុណសម្បត្តិ និងគុណ វិបត្តិ ឬ មិនទាន់ចេះប្រើប្រាស់វាបានត្រឹមត្រូវ។ កុមារខ្លះ ខណៈគ្មានឪពុកម្តាយ អាណាព្យាបាល ឬ អ្នកថែរក្សាកុមារនៅតាមមើល ឬគ្មានមនុស្សពេញវ័យនៅក្បែរ កុមារ ហ៊ានប្រព្រឹត្តដោយប្រថុយប្រថានតាមអនឡាញ។ ឧទាហរណ៍ កុមារ ហ៊ានផ្ញើរសាររូបភាព មាតិកាពាក់ព័ន្ធនឹងផ្លូវភេទ វីដេអូរួមភេទទៅឱ្យ មិត្តភក្តិ ឬនរណាម្នាក់។ ពេលខ្លះរូបភាព ឬវីដេអូទាំងនោះត្រូវបានគ ចែកចាយបន្តទៀតច្រើនដងដែលត្រូវបានគេប្រើប្រាស់ ឬ បកស្រាយ ខុសពីគោលបំណងដើម ជាហេតុបង្កនូវការលំបាកដល់កុមារ។ ពេល ខ្លះកុមារអាចក្លាយទៅជាជនល្មើស ឬ អ្នកប្រព្រឹត្តបទល្មើស ដែលអាច ប្រឈមមុខចំពោះមុខច្បាប់ទៀតផង។

ក្នុងបទបង្ហាញនោះ ក៏បានពិភាក្សាស្វែងយល់អំពី ឥរិយាបថកុមារនៅលើប្រព័ន្ធអ៊ីនធឺណិត យល់ដឹងពីហានិ ភ័យនៃការរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ ការរុកគួនឆាឆៅតាមអនឡាញ និង មធ្យោបាយនានា ដើម្បីស្វែងរកជំនួយ និងការគាំទ្រនៅពេលកូនៗរបស់អ្នកកំពុងប្រឈមមុខនឹងកង្វល់នៅតាមប្រព័ន្ធ អ៊ីនធឺណិត។

លោកស្រី កែវ សុខពិសី បានមានប្រសាសន៍លើកឡើងថា៖ នៅក្នុងឆ្នាំ២០២២ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រី្ត និងកុមារ នៃក្រុមប្រឹក្សារាជធានីភ្នំពេញ សម្រេចបានសមិទ្ធផលការងារ យ៉ាងល្អ ។ លោកស្រីគាំទ្រចំពោះផែនការសកម្មភាពការងារទិសសម្រាប់ការងារឆ្នាំ២០២៣របស់គណៈកម្មាធិការនេះ ដោយលោកស្រីបញ្ជាក់ថា៖ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រី្ត និងកុមារ នៃក្រុមប្រឹក្សារាជធានីភ្នំពេញ បានរួមចំណែកជាច្រើនជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្ររបស់
ប្រជាពលរដ្ឋដោយ ធ្វើយ៉ាងណាអោយកម្ពុជាសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួន ក្នុងប្រែក្លាយប្រទេស ដែលមានចំណូលមធ្យមកំរិតខ្ពស់ នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ ២០៥០ខាងមុខ។

លោកម៉ប់ សារិន បានមានប្រសាសន៍លើកឡើងថា សម្រាប់ឆ្នាំ២០២២កន្លងមកនេះគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រី្ត និងកុមារ នៃក្រុមប្រឹក្សារាជធានីភ្នំពេញ សម្រេចបានសមិទ្ធផលការងារ ល្អប្រសើរ ហើយអ្វីដែលត្រូវបន្តការងារនេះ គឺយើងត្រូវនាំគ្នាពិនិត្យ វាយតម្លៃ ប្រមូលទិន្នន័យរួម ដើម្បីដាក់ទិសដៅការងារក្នុងឆ្នាំ២០២៣ អោយកាន់តែល្អប្រសើរថែមទៀត ពិសេសការពង្រឹងតួនាទីស្ត្រី ព្រោះស្ត្រីជាឆ្អឹងខ្នងរបស់សង្គមជាតិ ។ ត្រូវបណ្តុះបណ្តាលស្ត្រីដែលក្រីក្រនិងងាយរងគ្រោះ ដើម្បីអោយពួកគាត់រកចំណូលចិញ្ចឹមជីវិតបាន កាត់បន្ថយបាននូវភាពក្រីក្រ ទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕

អត្ថបទដែលជាប់ទាក់ទង