កម្លាំងនគរបាលខេត្តព្រះសីហនុ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប្លន់ម៉ូតូឌុប
ខេត្តព្រះសីហនុ ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាព យកខ្សែរឹត.កជនរងគ្រោះអ្នករត់ម៉ូតូឌុបមួយរូប ប្ល.ន់យកម៉ូតូមួយគ្រឿងបានសម្រេច នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ត្រូវបានកម្លាំងនគរបាលជំនាញ ស្រាវជ្រាវរហូតចាប់ឃាត់ខ្លួនបាន ក្រោយជនសង្ស័យរត់គេចខ្លួនជាង ២០ថ្ងៃ ។
ករណីអំពើលួចមានស្ថានទម្ងន់ទោស (ប្ល.ន់ម៉ូតូ ដោយប្រើខ្សែរឹត.ក) មួយបានកើតឡើងកាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ នៅចំណុចក្រុមទី១ ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។
ជនសង្ស័យមានឈ្មោះ វង ស៊ីណា ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។
ចំណែកឯជនរងគ្រោះឈ្មោះ ង៉ែត ហុកហួត ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌូប រស់នៅភូមិ២ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។
បើតាមរបាយការណ៍នគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យខាងលើនេះ បានហៅម៉ូតូរបស់ជនរងគ្រោះ ជិះទៅស្រុកស្ទឹងហាវ ដោយអោយតម្លៃ៣០,០០០រៀល (បីម៉ឺនរៀល) លុះដល់ចំណុចជិតកន្លែងដាំកូនឈើ ស្ថិតនៅក្រុមទី១ ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ជាកន្លែងស្ងាត់ ជនសង្ស័យបានយកខ្សែមករឹត.កជនរងគ្រោះ បណ្ដាលអោយជនរងគ្រោះដួលសន្លប់ បន្ទាប់មកជនសង្ស័យ ក៏បានយកម៉ូតូរបស់ជនរងគ្រោះ ជិះរត់គេចខ្លួន តែម្តង ។
បន្ទាប់ពីទទួលបានព័ត៌មានករណីប្ល.ន់ម៉ូតូដោយប្រើខ្សែរឹត.ក លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឲ្យកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូតស្វែងរកឃើញម៉ូតូ១គ្រឿង ម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ គ្មានផ្លាកលេខ (ជាម៉ូតូរបស់ជនរងគ្រោះខាងលើ) នៅចំណុចក្នុងព្រៃ ក្រោយចំណោតលោកយាយម៉ៅ ស្ថិតក្នុងភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ដោយជនសង្ស័យបានយកទៅលាក់ទុកនៅទីនោះ ។
បន្ទាប់ពីយកម៉ូតូទៅរក្សាទុកនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរួចមក កម្លាំងសមត្ថកិច្ចយើង បានបន្តការស្រាវជ្រាវបន្ត រហូតដល់វេលាម៉ោង០២និង៣០នាទីរសៀលថ្ងែទី៣០ ខែមីនា ឆ្នាំ២០២៣ ទើបចាប់ឃាត់ខ្លួនបានជនសង្ស័យ នៅម្តុំតោ២ ស្ថិតនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
វត្ថុតាងចាប់យកបានរួមមាន មានម៉ូតូចំនួន ០១គ្រឿង និងទូរសព្ទ ០១គ្រឿង ។ ក្រោយឃាត់ខ្លួន ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនបានធ្វើសកម្មភាពប្លន់ពិតប្រាកដមែន ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ ៕