ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីការបរទេស កម្ពុជាស្នើអាស៊ានពន្លឿនដំណើរការកិច្ចព្រមព្រៀងសន្ដិសុខប្រេងអគ្គសនីថាមពលកកើតឡើងវិញដើម្បីធានាបាននូវតម្លៃសមរម្យមានសុវត្ថិភាពនិងចីរភាពក្នុងតំបន់

11

ហ្វីលីពីន៖ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានស្នើអាស៊ានពន្លឿនដំណើរការកិច្ចព្រមព្រៀងសន្ដិសុខប្រេង អគ្គសនី ថាមពលកកើតឡើងវិញ ដើម្បីធានាបាននូវតម្លៃសមរម្យ មានសុវត្ថិភាព និងចីរភាពក្នុងតំបន់។ 

ការណ៍នេះ បានធ្វើឡើងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៩ និងកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការក្នុងទម្រង់ពង្រីកសក្ដីពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦។ 

ក្នុងអំឡុងពេលនៃកិច្ចប្រជុំ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការវិវត្តនៃបរិបទភូមិសាស្ត្រ នយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ច តម្រូវឱ្យអាស៊ានពង្រឹងសមាហរណកម្មតំបន់ឱ្យកាន់តែស៊ីជម្រៅ ពង្រឹងការសម្របសម្រួលជាយុទ្ធសាស្ត្រ និងពង្រឹងការកសាងសហគមន៍អាស៊ាននៅគ្រប់សសរស្តម្ភទាំងបី។ 

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការដោះស្រាយជម្លោះប្រកបដោយយុត្តិធម៌ សន្តិភាព និងយូរអង្វែង ផ្អែកលើច្បាប់អន្តរជាតិ ដោយសង្កត់ធ្ងន់ថា ការគោរពអធិបតេយ្យ និងបូរណភាពទឹកដី ការបោះបង់ចោលការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង និងការដោះស្រាយជម្លោះដោយសន្តិវិធី នៅតែជាគោលការណ៍ជាមូលដ្ឋាន សម្រាប់ការរក្សាសន្ដិភាពតំបន់ ស្ថិរភាព និងសណ្តាប់ធ្នាប់តំបន់ផ្អែកលើវិធានច្បាប់។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីសន្តិសុខថាមពលដែលជាអាទិភាពយុទ្ធសាស្ត្រ ការបន្តអភិវឌ្ឍបណ្តាញអគ្គិសនីអាស៊ាន ការវិនិយោគកាន់តែច្រើនលើថាមពលកកើតឡើងវិញ និងកិច្ច សហប្រតិបត្តិការតំបន់ឱ្យកាន់តែរឹងមាំ ដើម្បីធានាបាននូវថាមពលដែលមានតម្លៃសមរម្យ មានសុវត្ថិភាព និងប្រកបដោយចីរភាព សម្រាប់តំបន់។

ស្តីពីទំនាក់ទំនងខាងក្រៅរបស់អាស៊ាន ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានសម្តែងការគាំទ្រដល់ការ អនុម័តលើការកែសម្រួលគោលការណ៍ណែនាំស្តីពីទំនាក់ទំនងខាងក្រៅរបស់អាស៊ាន ដោយកត់សម្គាល់ថា គោលការណ៍ណែនាំនេះផ្តល់នូវក្របខ័ណ្ឌច្បាស់លាស់ជាងមុន និងផ្អែកលើលក្ខណៈវិនិច្ឆ័យ សម្រាប់ទំនាក់ទំនងជាមួយដៃគូដែលមានស្រាប់និងនាពេលអនាគត។ 

ប្រមុខការទូតកម្ពុជារូបនេះ ក៏បានសង្កត់ ធ្ងន់ថា អាស៊ានគួរប្រកាន់យកវិធីសាស្ត្រកាន់តែបុរេសកម្ម និងមានលក្ខណៈជាយុទ្ធសាស្ត្រ ក្នុងការពង្រីកនិងពង្រឹងភាពជាដៃគូខាងក្រៅរបស់ខ្លួន។

ក្នុងស្មារតីនេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានស្វាគមន៍តួកគីយ៉េ ជាដៃគូសន្ទនាថ្មីបំផុតរបស់អាស៊ាន និងបានសម្តែងនូវការជឿជាក់ថា តួកគីយ៉េនឹងរួមចំណែកដ៏មានអត្ថន័យ ដល់កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការលើកកម្ពស់ ស្ថិរភាព និងវិបុលភាព ក្នុងតំបន់៕

អត្ថបទដែលជាប់ទាក់ទង