ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កូនប្រុសខឹងម្តាយ សុំលុយមិនបាន យកកាំបិតចាក់សម្លាប់ម្តាយ

54

 

ភ្នំពេញ ៖ សមត្ថកិច្ចឃាត់ខ្លួនបុរសជាជនដៃដល់ ជាកូនបង្កើត បន្ទាប់ពីសុំលុយម្តាយមិនបាន យកកាំបិតចាក់ជាច្រើនកាំបិត នៅក្នុងបន្ទប់ជួលស្លាប់ក្នុងថ្លុកឈាម នៅវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៣ផ្លូវ៦១២ ភូមិ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សពមានឈ្មោះតូយ លឿយ ភេទស្រី អាយុ ៥២ ឆ្នាំ មុខរបរ អ្នកអនាម័យ ស្នាក់នៅបន្ទាប់ជួលផ្លូវ ៦១២ ភូមិ២៣សង្កាត់ បឹងកក់ទី ២ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ ។ ចំណែកជនសង្ស័យ ត្រូវជាកូនបង្កើតឈ្មោះ ឈៀត ឆែល ភេទប្រុស អាយុ ៣៥ ឆ្នាំ មុខរបរ អ្នកដឹកជញ្ជូន ស្នាក់នៅ កន្លែងកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិជ្រិះ ឃុំជ្រិះ ស្រុកមេសាង ខេត្តព្រៃវែង ។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុ ដោយបុរសជាកូនបង្កើត និងជាជនដៃដល់បានឡើងទៅលើបន្ទប់ជួល រួចក៏បានសុំលុយពីម្តាយចំនួន៣៥ម៉ឺនរៀល តែម្តាយបានប្រាប់មកវិញថា គាត់គ្មានលុយឲ្យនោះទេ ដោយរូបគាត់បានយកទៅទិញសម្ភារៈអស់ហើយ ភ្លាមនោះដែរក៏មានការឈ្លោះប្រកែកគ្នា ឮសូសំឡេងខ្លាំងៗមួយសន្ទុះក្រោយមកក៏ឃើញ បុរសជាជនដៃដល់បានរត់ចុះពីក្នុងបន្ទប់ជួល ចុះមកក្រោមខ្លួនប្រាណប្រឡាក់សុទ្ធតែឈាម ហើយពេលនោះដែរពលរដ្ឋជិតខាង ក៏បានឮសូរសំឡេងស្រ្តីជាម្តាយនិងជនរងគ្រោះបានស្រែកឲ្យជួយ ខណៈពេលនោះដែរ ប្រជាពលរដ្ឋជិតខាងបាននាំគ្នារត់ឡើងទៅលើក្នុងបន្ទប់ ស្រាប់តែឃើញស្រ្តីរងគ្រោះឈាមស្រោចពេញខ្លួនស្លាប់បាត់ទៅហើយ។
ចំណែកឯបុរសជនដៃដល់វិញ ត្រូវបានពលរដ្ឋឃាត់បានរួច ទាក់ទងទៅសមត្ថកិច្ចឲ្យចុះមកជួយអន្តរាគមន៍ភ្លាមៗ។

ក្រោយពីកម្លាំងសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់ក៏បានធ្វើការឃាត់ខ្លួន បុរសត្រូវជាកូនជនដៃដល់យកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បឹងកក់ទី២ ដើម្បីសួរនាំបន្ត និងចាត់ការទៅតាមនីតិវិធីផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង