អភិបាលរាជធានី បង្ហូតទង់ថ្មី នៅរមណីយដ្ឋានវត្តភ្នំ ដើម្បីសុំសេចក្តីសុខ សិរីសួស្តី ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ
ភ្នំពេញ៖ ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវជា ស៊ីណា ឃួង ស្រេង នាព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញ ក្នុងពិធីបង្ហូតទង់ថ្មី នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តវត្តភ្នំ ដើម្បីសុំសេចក្តីសុខ សិរីសួស្តី ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ថ្ងៃសុក្រ ៩ រោចរនោច ខែចេត្រ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា គ្រិស្តសករាជ ២០២៣នេះ។
ពិធីនោះ ឯកឧត្តមឃួង ស្រេងនិងលោកស្រី បានអញ្ជើញសូត្រមន្តតាមបែបសាសនា នៅក្នុងវិហារធំលើកំពូលវត្តភ្នំ រួចបន្តហែរ ទង់ព្រះពុទ្ធសាសនា (ទង់ជ័យឆព្វណ្ណរង្សី) មកខាងមុខព្រះវិហារ និងបានបង្ហូតទង់ទាំង២ឡើង។
ការប្រារព្វឲ្យមានពិធីនេះឡើង គឺដើម្បីឧទ្ទិសដល់ចល្លាមុនីចេតីយ៍ រំលឹកគុណដល់បុព្វកាលរីជន អ្នកកសាងវត្តភ្នំ កសាងរាជធានីភ្នំពេញ និងសុំអោយបុព្វកាលរីជនទាំងនោះជួយថែរក្សា ប្រជាពលរដ្ឋទាំងអស់ ពិសេសប្រជាពលរដ្ឋ រស់នៅរាជធានីភ្នំពេញ អោយជួបតែសេចក្តីសុខចំរើន មានសិរីសួស្តី ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ថ្ងៃសុក្រ ៩ រោចរនោច ខែចេត្រ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា គ្រិស្តសករាជ ២០២៣នេះ។
ទង់ជ័យឆព្វណ្ណរង្សីដែលបានបង្ហូតឡើងនេះ តំណាងឲ្យជាតិសាសន៍ ឬ ព្រះពុទ្ធសានានៅលើពិភពលោក ធ្វើអោយពុទ្ធសាសនិក មានចិត្តស្ងប់ មិនកាចសាហាវ គោរពបូជាចំពោះព្រះធម៏និងរួមចិត្តថ្លើមគ្នា ដើម្បីបានសេចក្តីសុខសប្បាយរហូតតទៅ៕