ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពិធីបុណ្យកាត់ឬសសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានា នៅវត្តព្រះបារមីវង្កតបុរី គ្រោងធ្វើឡើង ៣យប់៤ថ្ងៃ

75

 

ភ្នំពេញ៖ ពិធីបុណ្យកាត់ឬសសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានា នៅវត្តព្រះបារមីវង្កតបុរី គ្រោងធ្វើឡើង ក្នុងរយៈពេល៣យប់៤ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី២២ដល់ថ្ងៃទី២៤ មេសាឆ្នាំ២០២៣ ។

ពិធីបុណ្យនេះ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែននឹងអញ្ជើញជាអធិបតីភាពដ៏ខ្ណង់ខ្ពស់ក្នុងពិធីកាត់ឬសសីមា។ ដើម្បីអោយពិធីនេះប្រព្រឹត្តទៅដោយភាពអធឹកអធម និងរក្សាបានសុខសន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ១០០ភាគរយជូនថ្នាក់ដឹកនាំប្រទេសនោះ អាជ្ញាធររាជធានីភ្នំពេញដឹកនាំដោយលោកឃួង ស្រេង អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញ តែងបានចុះពិនិត្យទីតាំងជាក់ស្តែង ក្នុងទីអារាមវត្តនេះ ដែលស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែន និងបើកកិច្ចប្រជុំជាបន្តបន្ទាប់ជាមួយកងកម្លាំងពាក់ព័ន្ធ។

ជាក់ស្តែងនៅរសៀលថ្ងៃទី០៥ មេសានេះ លោកឃួង ស្រេង និងលោកយូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ព្រមទាំង កងកម្លាំងពាក់ព័ន្ធមួយចំនួនទៀត បានចុះវាស់វែង ពិនិត្យទីតាំង ព្រមទាំងបើកកិច្ចប្រជុំពិភាក្សាលើការងារមួយចំនួនថែមទៀត ដើម្បីធានាថា ពិធីនេះប្រព្រឹត្តទៅដោយភាពអធឹកអធមនិងមានសុខសន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ១០០ភាគរយ ជូនថ្នាក់ដឹកនាំប្រទេស។

កិច្ចប្រជុំនេះបានធ្វើឡើងក្នុងទីអារាមវត្តព្រះបារមីវង្កតបុរីនេះតែម្តង ដោយប្រជុំពិភាក្សា លំអិតលើកិច្ចការងាររៀបចំរោងពិធីទាំងមូល ពិភាក្សា លើកិច្ចការងារ ការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងពិធី ពិសេសកិច្ចការពារសុវត្ថិភាព ជូនសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន។

វត្តព្រះបារមីវង្កតបុរី ជាទីអារាមមួយដែលបានតំកល់ធាតុមាតា បិតារបស់ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ។ ក្រោមគំនិតផ្ដួចផ្ដើមរបស់សម្ដេចទាំងទ្វេ វត្តព្រះបារមីវង្កតបុរី នឹងត្រូវធ្វើពិធីបុណ្យកាត់ឬសសីមាព្រះវិហារដ៏ធំមួយ ដោយចាប់ផ្តើមពីថ្ងៃទី២២ដល់ថ្ងៃទី២៤ មេសាឆ្នាំ២០២៣ ។ សម្រាប់ថ្ងៃ២៤មេសាសម្ដេច តេជោហ៊ុនសែននិងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត
ប៊ុន រ៉ានីហ៊ុន សែន និងអញ្ជើញកាត់ឬសីមា ។

លោកឃួង ស្រេង បានអោយដឹងថាពិធីបុណ្យ៣យប់៤ថ្ងៃនេះ នឹងរៀបចំក្រុមសិល្បៈកំសាន្តជាច្រើនក្រុម ដើម្បីសម្តែងជូនទស្សនជនបានមើលកំសាន្ត ដោយមានទាំងក្រុមល្ខោនបាសាក់ ,ចាប៉ីដងវែង ,អាយ៉ៃឆ្លើយឆ្លងនិងការប្រគុំតន្ត្រីផងដែរ ។ដូច្នេះទេ លោកជម្រុញអោយមានការរៀបចំអោយបានល្អនិងត្រូវពេលវេលា ដើម្បីផ្តល់ភាពងាយស្រួលដល់ទស្សនជនបានទស្សនាកំសាន្ត សប្បាយ៕

អត្ថបទដែលជាប់ទាក់ទង