ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យសិក្សាធ្វើវិសោធន​កម្មច្បាប់ស្តីពីការបោះឆ្នោត ដើម្បីដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត សម្រាប់ជនណាដែលមិនទៅបោះឆ្នោត

63

 

ភ្នំពេញ ៖ សារសំឡេងពិសេស សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងបទបញ្ញត្តិចំពោះអ្នកមានសិទ្ធិឈរឈ្មោះអោយប្រជាពលរដ្ឋបោះឆ្នោត និងអ្នកដែលអាចចូលរួមបោះឆ្នោត។
ថ្ងៃទី១២​ មិថុនា​ ២០២៣។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ បានស្នើឱ្យសិក្សាធ្វើវិសោធន​កម្មច្បាប់ស្តីពីការបោះឆ្នោត ដើម្បីដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត សម្រាប់ជនណាដែលមិនទៅបោះឆ្នោត។ អ្នកដែលមានបំណង​ចង់ឈរឈ្មោះឱ្យគេបោះឆ្នោត ត្រូវមានការទទួលខុសត្រូវ ក្នុងនាមជាពលរដ្ឋល្អរបស់ជាតិ ក្នុងសង្គមប្រជាធិបតេយ្យ ដោយចាប់ផ្តើមពីការ​អនុវត្ត ឱ្យបានខ្ជាប់ខ្ជួននូវសិទ្ធិបោះឆ្នោត ក្នុងន័យនេះអ្នកដែលមិនបានបោះឆ្នោត ដោយគ្មានមូលហេតុសមរម្យតាមផ្លូវច្បាប់ នឹងត្រូវចាត់ទុក​ថា បានបាត់បង់នូវលក្ខខណ្ឌក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត ប៉ុន្តែអ្នកទាំងនោះនៅតែមានសិទ្ធិទៅបោះឆ្នោត​ក្នុងនាមជាពលរដ្ឋដដែល ដោយមិនមានផលប៉ះពាល់អ្វីឡើយ។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ប្រសិនបើជននោះ មិនបានទៅបោះឆ្នោតលើកទី១ទេ រូបគេក៏មិនអាចទៅឈរឈ្មោះឱ្យគេ​បោះឆ្នោត​​ឱ្យដែរ ក្នុងនោះមានទាំងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាក្រុង​ស្រុកខណ្ឌ ក្រុមប្រឹក្សាខេត្ត ទាំងសមាជិកព្រឹទ្ធសភា និងសមាជិករដ្ឋសភា។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា ការធ្វើវិសោធនកម្មច្បាប់នេះ គឺជារឿងចាំបាច់ ដើម្បីចៀសវាងការនិយាយចុះឡើង ប៉ុន្តែត្រូវតែនិយាយអំពីបញ្ហាផ្លូវច្បាប់។សម្តេចបានបន្ថែមថា ការធ្វើវិសោធនកម្មនេះ នឹងធ្វើឱ្យស្របតាមមាត្រា៣៤ថ្មី នៃរដ្ឋធម្មនុញ្ញកម្ពុជា ហើយគ្មានអ្វីដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញ​នោះឡើយ។សម្តេចបានបន្តថា ក៏អាចធ្វើដូចថៃពេលនេះប៉ុន្តែនឹងមិនធ្វើឱ្យប៉ះពាល់ដល់សិទ្ធិប្រជាពលរដ្ឋទៅបោះឆ្នោត ឬមិនបោះ​ឆ្នោត​នោះទេ៕

អត្ថបទដែលជាប់ទាក់ទង