ចាប់ជនសង្ស័យ០២នាក់ឆក់ទូរស័ព្ទ ពីជនជាតិចិន
ភ្នំពេញ ៖ ជនសង្ស័យឆក់ទូរស័ព្ទ ពីជនជាតិចិន កំពុងជិះកង់បីឥណ្ឌាបានសម្រេច ត្រូវកម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដេញតាមចាប់ខ្លួនបានទាំង០២នាក់។ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យ បានបញ្ជូនជនសង្ស័យ និងម៉ូតូធ្វើសកម្មភាព ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។
នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង២១៖១៥នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែន បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក ញ៉ែម វ៉ន ជានាយការិយាល័យ ដោយមានការចូលរួមសហការពីលោកវរសេនីយ៍ទោ ប៊ុត ស៉ីម៉េង ចុះល្បាតតាមបណ្តោយផ្លូវលេខ៨៤ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក៏ប្រទះឃើញជនសង្ស័យជិះម៉ូតូចំនួន០១គ្រឿង មានគ្នាចំនួន០២នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសម្នាក់ (ជាជនជាតិចិន) ដែលកំពុងជិះកង់បីឥណ្ឌាបានសម្រេច។
ភ្លាមនោះកម្លាំងជំនាញ ការិយាល័យធ្វើការប្រដេញនឹងឃាត់ខ្លួនជនសង្ស័យបានទាំង០២នាក់ នៅចំណុចផ្លូវលំ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលមានឈ្មោះ៖
១. ឈ្មោះ ផន សុផានិត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ(ដៃដល់)
២. ឈ្មោះ យឿន រតនា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ(អ្នកបើក)
សម្ភារ:ដកហូតមាន៖ ១.ម៉ូតូម៉ាក HONDA-SCOOPY ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JO-2976(របស់ជនសង្ស័យ) ២.ទូរស័ព្ទដៃម៉ាក I-PHONE13 Promax ពណ៌ស (ជារបស់ជនរងគ្រោះ)។ ចំពោះទូរស័ព្ទដៃកម្លាំងជំនាញការិយាល័យ បានប្រគល់ឲ្យទៅបុរសរងគ្រោះជាជនជាតិចិនវិញ។
បច្ចុប្បន្នកម្លាំងជំនាញការិយាល័យ បានបញ្ជូនជនសង្ស័យខាងលើ និងម៉ូតូធ្វើសកម្មភាព ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕