រដ្ឋមន្រ្តីក្រសួងរ៉ែនិថាមពល ប្រកាសពី “គោលការណ៍សម្រាប់ការអនុញ្ញាត ឱ្យប្រេីប្រាស់ថាមពលពន្លឺព្រះអាទិត្យលេីដំបូលនៅកម្ពុជា”
ភ្នំពេញ៖ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែនិថាមពល បានអញ្ជើញជាគណៈអធិបតីក្នុងវេទិកាផ្សព្វផ្សាយប្រកាស ស្តីពី “គោលការណ៍សម្រាប់ការអនុញ្ញាតឱ្យប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យលើដំបូលនៅកម្ពុជា” ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកអគ្គិសនីកម្ពុជា ឯកឧត្តម យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា លោកស្រី Alissar Chaker ប្រធានអង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ប្រចាំកម្ពុជា និងឯកឧត្តម លោកជំទាវ តំណាងក្រសួងស្ថាប័នជាតិ ដៃគូអភិវឌ្ឍន៍ អង្គការក្រៅរដ្ឋាភិបាល និងវិស័យឯកជនមួយចំនួនទៀត នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ សណ្ឋាគារសូហ្វីថែល ភូគីត្រាភ្នំពេញ។
ឯកឧត្តម ស៊ុយ សែម បានថ្លែងថា “គោលការណ៍សម្រាប់ការអនុញ្ញាតឱ្យប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យលើដំបូលនៅកម្ពុជា” នេះ គឺជាកិច្ចសហការរៀបចំឡើងដោយក្រសួងរ៉ែនិងថាមពល និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP)។ គោលការណ៍នេះ បានកំណត់ចក្ខុវិស័យក្នុងការលើកកម្ពស់ការគ្រប់គ្រងការអនុញ្ញាតឱ្យប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យលើដំបូលនៅកម្ពុជា ឱ្យបានច្បាស់លាស់ មានប្រសិទ្ធភាព មានតម្លាភាព ស្មើភាពគ្នា គណនេយ្យភាព និងសមធម៌។ តាមយៈគោលការណ៍នេះ យើងនឹងផ្តល់ការអនុញ្ញាត ដល់ការស្នើសុំដំឡើងថាមពលពន្លឺព្រះអាទិត្យលើដំបូល របស់អ្នកប្រើប្រាស់អគ្គិសនីទាំងឡាយ ដែលមិនមានការប៉ះពាល់ដល់ការផ្គត់ផ្គង់របស់ប្រព័ន្ធបណ្តាញជាតិ ហើយអាចចែករំលែកទំហំ នៃការអភិវឌ្ឍថាមពលពន្លឺព្រះអាទិត្យ ដែលបានកំណត់ក្នុងផែនការមេតាមប្រព័ន្ធកូតា ឱ្យទៅអ្នកប្រើប្រាស់អគ្គិសនីដែលមានបំណងបំពេញកាតព្វកិច្ចបរិស្ថាន និងការប្រែប្រួលអាកាសធាតុ។
បន្ថែមពីការគ្រប់គ្រង និងជួយសម្រួលដល់អ្នកប្រើប្រាស់នោះ រាជរដ្ឋាភិបាលកម្ពុជា ក៏អាចបំពេញបន្ថែមការប្តេជ្ញាចិត្តក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដូចមានចែងក្នុងរបាយការណ៍រួមចំណែករបស់ជាតិ ដើម្បីអនុវត្តអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុផងដែរ៕