ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃុំចំនួន៣ នៅស្រុកព្រៃនប់ ទទួលបានសំណើដេញថ្លៃ គម្រោងមូលនិធិអភិវឌ្ឍន៍ឃុំសង្កាត់ឆ្នាំ២០២៣ ផ្លូវបេតុងអាមេ៤ខ្សែថ្មី ជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានភូមិ

58

ព្រះសីហនុ៖គម្រោងមូលនិធិអភិវឌ្ឍន៍ឃុំសង្កាត់ឆ្នាំ២០២៣ បានដេញថ្លៃបន្តបន្ទាប់ទៀត សម្រាប់ការសាងសង់ផ្លូវបេតុង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ចំនួន៣ឃុំ ដែលទទួលបានរួមមាន៖ ឃុំឃុំសាមគ្គី, ឃុំទឹកល្អក់, និងឃុំទឹកថ្លា នៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ

ឃុំទាំង៣ ដែលទទួលបានគម្រោងមូលនិធិអភិវឌ្ឍន៍នេះ គឺធ្វើឡើងក្រោយមានការបើកសំណើដេញថ្លៃ គម្រោងមូលនិធិរួមគ្នា នៅសាលាឃុំសាមគ្គី កាលពីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រោមការដឹកនាំដោយ លោក ឃាង ភារម្យ នាយកទីចាត់ការផែនការ និងវិនិយោគ លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក លោកមេឃុំទាំង៣ ក្រុមការងារបច្ចេកទេសខេត្ត គណៈកម្មការលទ្ធកម្មឃុំទាំង៣ និងក្រុមហ៊ុនដែលបានដាក់សំណើដេញថ្លៃ។

លោក ឃាង ភារម្យ នាយកទីចាត់ការផែនការ និងវិនិយោគខេត្តព្រះសីហនុ បានលើកឡើងថា ដើម្បីដោះស្រាយការលំបាក ជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន គម្រោងមូលនិធិអភិវឌ្ឍន៍ឃុំសង្កាត់ឆ្នាំ២០២៣ បានដាក់ឲ្យដំណើរការដេញថ្លៃ ជាបន្តបន្ទាប់ នៅទូទាំងខេត្តព្រះសីហនុ ហើយគម្រោងខ្លះបានស្ថាបនាហើយជាបណ្តើរៗតាមភូមិមួយចំនួន ។

លោកបានគូសបញ្ជាក់ថា គម្រោងសំណើដេញថ្លៃ បានដំណើរការដោយរលូន ស្របតាមនីតិវិធី និងប្រកបដោយតម្លាភាព ត្រឹមត្រូវតាមស្តង់ដារ ដំណើរការនៃកម្មពិធីទាំងមូល ហើយជាលទ្ធផលទទួលបាន ឃុំសាមគ្គី គម្រោងសាងសង់ផ្លូវបេតុងអាមេ១ខ្សែ ប្រវែង២៨៧ម៉ែត្រ ទទឹង ៥ម៉ែត្រ, នៅភូមិតាមោងធំ ឃុំទឹកល្អក់ បានគម្រោងផ្លូវបេតុងអាមេ១ខ្សែ មានប្រវែង២២០ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ,នៅភូមិកំពង់ស្មាច់តូច ឃុំទឹកថ្លា គម្រោងផ្លូវបេតុងអាមេ២ខ្សែ ប្រវែង ៣៦៧ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ,។
ក្នុងនោះម្ចាស់ក្រុមហ៊ុន ដែលដេញថ្លៃបានគម្រោងស្ថាបនាផ្លូវេ បានឡើងប្ដេជ្ញាចិត្ត និងអនុវត្តការសាងសង់ អោយបានត្រឹមត្រូវទៅតាមប្លង់ដែលបានកំណត់ និងស្តង់ដារ។ ដោយឡែកក្រុមហ៊ុន ដែលមិនទទួលបានការដេញថ្លៃនេះ ក៏មានការលើកឡើងថា ការដេញថ្លៃ គឺប្រព្រឹត្តទៅប្រកបដោយតម្លាភាព និងអាចទទួលយកបាន។

ជាចុងក្រោយលោក ឃាង ភារម្យ នាយកទីចាត់ការផែការ និងវិនិយោគខេត្តព្រះសីហនុ ក្រោយពីទទួលបានការដេញថ្លៃ ដោយទទួលបានជោគជ័យ លោកផ្ដាំផ្ញើឲ្យក្រុមហ៊ុនទាំងអស់ ត្រូវស្ថាបនាផ្លូវទៅតាមស្តង់ដារប្លង់ ដែលបានកំណត់ ដើម្បីឲ្យជាប់ល្អ និងប្រជាពលរដ្ឋប្រើប្រាស់បានយូរអង្វែង និងសូមឲ្យអាជ្ញាធរមូលដ្ឋានឃុំសង្កាត់ ត្រូវដោះស្រាយផលប៉ះពាល់នានា របស់ប្រជាពលរដ្ឋដោយសន្តិវិធី ដើម្បីឲ្យដំណើរការនៃការស្ថាបនាផ្លូវ បានរលូន លឿននិងឆាប់បានដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ បានទាន់ពេលវេលាផដែរ៕

អត្ថបទដែលជាប់ទាក់ទង