នគរបាលព្រហ្មទណ្ឌ បង្រ្កាបជនសង្ស័យម្នាក់ ជាមុខសញ្ញាឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ
ភ្នំពេញ៖ ករណីឆក់កាបូបស្ពាយពីបុរសរងគ្រោះ (ជាជនជាតិចិន) នៅចំនុចមុខផ្ទះលេខ៣៣EO ផ្លូវលេខ១៧៨ ក្នុងសង្កាត់ផ្សារជ័យជំនះ ខណ្ឌដូនពេញ ត្រូវកម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបង្រ្កាបបានហើយ។ ជននេះជាមុខសញ្ញាឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ។
ប្រតិបត្តិការនេះធ្វើឡើងក្រោមការណែនាំផ្ទាល់ពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អគ្គស្នងការរងទទួលផែន ប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ និងចង្អុលបង្ហាញបញ្ជាដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។
ក្រោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែន បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក ញ៉ែម វ៉ន ជានាយការិយាល័យ ដោយមានការចូលរួមសហការពីលោក វរសេនីយ៍ទោ ប៊ុត ស៊ីម៉េង បានធ្វើការស្រាវជ្រាវនឹងបើកការស៊ើបអង្កេតកំណត់មុខសញ្ញា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង២២៖១៥នាទី ក៏ប្រទះឃេីញជនសង្ស័យកំពុងជិះម៉ូតូម្នាក់ឯងនៅបណ្តោយផ្លូវជាតិលេខ៣ ក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រកធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិគេតាមផ្លូវសាធារណៈ។
ភ្លាមនោះកម្លាំងជំនាញការិយាល័យ បានធ្វើការឃាត់ប៉ុន្តែជនសង្ស័យជិះរត់គេចនឹងយកដំបងវាយមកលើកម្លាំងជំនាញ រហូតដល់ចំណុចមុខបុរីពិភពថ្មី៣ ផ្លូវជាតិលេខ៣ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ជនសង្ស័យបានដួលក៏ត្រូវបានកម្លាំងជំនាញឃាត់ខ្លួនបាន មានឈ្មោះ ណាត ប៊ុនណាក់ ហៅណេត អាយុ១៧ឆ្នាំ។
សំភារះដកហូតរួមមាន ម៉ូតូម៉ាក HONDA-CLICK ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1HW-2128។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕