លោក ទេសរដ្ឋមន្រ្តី លី ធុជ ៖ ប្រគល់វិញ្ញាបនបត្រ និងសម្ភារៈសង្រ្គោះបឋម ជូនដល់មន្រ្តី បុគ្គលិកអាជ្ញាធរមីន ដែលបានទទួលវគ្គបណ្តុះបណ្តាលសង្រ្គោះបឋម
ភ្នំពេញ ៖ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្នាក់ការអាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសម្ភារៈសង្រ្គោះបឋម ជូនដល់មន្រ្តី បុគ្គលិកអាជ្ញាធរមីនចំនួន ៤៥ នាក់ ដែលបានទទួលវគ្គបណ្តុះបណ្តាលសង្រ្គោះបឋម (First Aid Training) កាលពីថ្ងៃទី០៩ មិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារ Himawari ភ្នំពេញ។
ក្នុងនាមថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក អាជ្ញាធរមីន លោក ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកAndrew Tay នាយកសណ្ឋាគារ Himawari និងជាប្រធានអង្គការ St John Phnom Penh ដែលបានផ្តល់នូវវគ្គបណ្តុះបណ្តាលសង្គ្រោះបឋម ជូនដល់មន្រ្តី បុគ្គលិកអាជ្ញាធរមីន ដែលវគ្គបណ្តុះបណ្តាលនេះ បានទទួលបានការគាំទ្រ និងបង្រៀនដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីអង្គការសេនចនភ្នំពេញ។
លោក ទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរ គុណជូនចំពោះ Singapore Club Cambodia ដែលបានផ្តល់នូវសម្ភារៈសង្រ្គោះបឋមចំនួន ២០ ជូនដល់អាជ្ញាធរមីន សម្រាប់ការប្រើប្រាស់ក្នុងករណីចាំបាច់។ ឯកឧត្តម បានបន្តទៀតថា សម្ភារៈសង្រ្គោះបឋមនេះ គឺជាសម្ភារៈមួយដែលសំខាន់ និងចាំបាច់សម្រាប់មន្រ្តីបុគ្គលិកអាជ្ញាធរមីន យកទៅប្រើប្រាស់ក្នុងការចុះបំពេញបេសកកម្មការងារនៅតាមសហគមន៍ និងចុះពិនិត្យការងារបោសសម្អាតមីននៅទីវាល។
ជាមួយគ្នានោះលោក បានលើកឡើងទៀតថា សម្រាប់វិភាគទានរបស់អង្គការ St John ចំនួន៥.០៥០ដុល្លារ ដែលផ្តល់ជូនមកអាជ្ញាធរមីន នឹងត្រូវប្រើប្រាស់កិច្ចការសង្រ្គោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងការ ងារអប់រំផ្សព្វផ្សាយការយល់ដឹងអំពីយុទ្ធភណ្ឌមិនទាន់ផ្ទុះ តាមតម្រូវការរបស់សហគមន៍ដែលរងផលប៉ះពាល់ដោយសារមីន ជាដើម។
លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមទៀតថា ការងារអប់រំផ្សព្វផ្សាយការយល់ដឹងអំពីយុទ្ធភណ្ឌមិនទាន់ផ្ទុះ គឺជាកិច្ចការចំបាច់មួយដើរទន្ទឹមគ្នាជាមួយនឹងការងារ បោសសម្អាតមីន ក្នុងការចូលរួមកាត់ បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ៕. សំរិត