មន្ត្រីប៉ុស្ដិ៍នគរបាលរដ្ឋបាល សង្កាត់ព្រៃវែងម្នាក់ ធ្វើអត្តឃាតដកកាំភ្លើងបាញ់សម្លាប់ឯងក្នុងបន្ទប់
ភ្នំពេញ ៖ បុរសម្នាក់ជាមន្ត្រីប៉ុស្ដិ៍នគរបាលប៉ុស្ដិ៍រដ្ឋបាលព្រៃវែង នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានធ្វើអត្តឃាតយកកាំភ្លើងខ្លីបាញ់សម្លាប់ខ្លួនឯង ចំនួន២គ្រាប់ត្រូវមួយគ្រាប់បណ្តាលឲ្យស្លាប់នៅក្នុងបន្ទប់។ កាលពីវេលាម៉ោង២០:៣០ នាទីយប់ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅចំណុចផ្ទះលេខ២៤៤ ផ្លូវបេតុង ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
បើយោងតាមសម្តី សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា សពជនរងគ្រោះមាន ឈ្មោះ អេង សុខរី ភេទប្រុស អាយុ២៥ ឆ្នាំមុខរបរ ជាមន្រ្តីនគរបាល ឋានន្តរស័ក្ត ព្រិន្ទបាលឯក អត្តលេខ ៨៨៧៦៩ (មន្ត្រីប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រៃវែង នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ) ស្លាប់នៅកន្លែងកើតហេតុ ។
ចំណែកវត្ថុតាងបន្សល់ទុក: កាំភ្លើងខ្លី ម៉ាកLock19AustriaលេខK4YKZG1YS01-2101989 ចំនួន០១, បង់កាំភ្លើងចំនួន០១មានគ្រាប់ចំនួន៦ ,ស្រោមកាំភ្លើងចំនួន០១ ,សំបកគ្រាប់ចំនួន០២ ,ក្បាលគ្រាប់កំពិតចំនួន០១ និងគ្រាប់កាំភ្លើងចំនួន០១ដើម។ ដោយស្លាកស្នាមបន្សល់ទុក: ស្នាមគ្រាប់ចូលនៅសៀតផ្កាខាងស្តាំធ្លាយចេញមកសៀតផ្កាខាងឆ្វេង និងស្នាមអារដៃចាស់នៅកំភួនដៃឆ្វេងចំនួន៣កន្លែង។
សមត្ថកិច្ចបានបញ្ចាក់ឱ្យដឹងទៀតថាកាលពីយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៥និង៣០នាទី ជនរងគ្រោះឈ្មោះ អេង សុខរី ភេទប្រុស អាយុ២៥ឆ្នាំ បានជិះម៉ូតូចេញពីផ្ទះតែមិនដឹងថាទៅណានោះទេ លុះមកដល់វេលាម៉ោង១៩ និង៣០នាទី ជនរងគ្រោះក៏បានជិះម៉ូតូត្រលប់មកដល់ផ្ទះវិញ ក្រោយមកក៏ជិះម៉ូតូចេញទៅបាត់ម្តងទៀត លុះមកដល់វេលាម៉ោង២០និង៣០នាទីយប់ថ្ងៃដដែល ជនរងគ្រោះក៏ត្រលប់មកផ្ទះវិញម្តងទៀតដោយមានស្ថានភាពស្រវឹងស្រា រួចជនរងគ្រោះក៏បានហៅឲ្យប្អូនស្រីបង្កើតឈ្មោះ អេង កែវសុរី អាយុ២០ឆ្នាំ(ពិការផ្នែកសតិបញ្ញា) ដែលកំពុងលេងនៅខាងមុខផ្ទះឲ្យចូលផ្ទះ តែប្អូនស្រីមិនស្តាប់ ទើបជនរងគ្រោះដើរទៅយកកាំភ្លើងខ្លីម៉ាកLock19AustriaលេខK4YKZG1YS01-2101989 នៅក្នុងបន្ទប់គេងរបស់ខ្លួន(ជនរងគ្រោះ) យកមកបាញ់ឡើងលើចំនួន០១គ្រាប់ នឹងបាញ់ចុះក្រោមចំនួន០១គ្រាប់នៅក្នុងបរិវេណផ្ទះ ហើយជនរងគ្រោះក៏ដើរចូលទៅក្នុងបន្ទប់គេងវិញយកកាំភ្លើងភ្ជង់ក្បាលខ្លួនឯង ភ្លាមនោះដែរមានបុរសម្នាក់ឈ្មោះ អេង សុភា អាយុ៥៤ឆ្នាំត្រូវជាឪពុកបង្កើតរបស់ជនរងគ្រោះក៏ដើរទៅឃាត់និងលួងលោមឲ្យជនរងគ្រោះដាក់កាំភ្លើងចុះ តែជនរងគ្រោះមិនស្តាប់ហើយមិនឆ្លើយតបរួចជនរងគ្រោះក៏បានធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯងចំនួន០១គ្រាប់ទៀតចំស្នៀតផ្កាខាងស្តាំធ្លាយចេញមកស្នៀតផ្កាខាងឆ្វេងបណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។
បើតាមការសន្និដ្ឋានវាយតម្លៃជុំវិញកន្លែងកើតហេតុ និងធ្វើកោសល្យវិច្ច័យរបស់កម្លាំងការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោកឧកញ្ញាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ គឺជនរងគ្រោះស្លាប់ដោយត្រូវគ្រាប់កាំភ្លើង (អត្តឃាតបាញ់សម្លាប់ខ្លួនឯង)។ បច្ចុប្បន្ននេះ សពប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីនៅផ្ទះកើតហេតុ ។
ក្រោយពីប្តីធ្វេីអត្តឃាតខ្លួនឯង ដោយបាញ់នឹងកាំភ្លេីងនៅក្នុងផ្ទះរួចមក ស្ត្រីជាប្រពន្ធបានបង្ហោះសារដ៏ក្តុកក្តួលមួយនៅក្នុងហ្វេសបុកផ្ទាល់ខ្លួន នៅវេលាម៉ោង៣រំលងអធ្រាត្រថា នាងគេងមិនលក់ ធ្លាប់តែមានប្តីនៅក្បែរ៕