ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹទ្ធសភាបន្តសម័យប្រជុំលើកទី១០ ដើម្បីពិនិត្យហើយឱ្យយោបល់ លើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន០៧

57

 

ភ្នំពេញ៖ នាព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០២៣ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំលើកទី១០ នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន ៥៩រូប។

អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈចំនួន០៧ ដូចខាងក្រោម៖
១-ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់បោះឆ្នាត។

ក្នុងរបៀបវារៈទី១នេះ ឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញឡើងរាយការណ៍ជូនអង្គប្រជុំជ្រាបអំពីលទ្ធផល នៃការពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់នេះ។

បន្ទាប់ពីសមាជិកព្រឹទ្ធសភាឡើងមានយោបល់រួចមក ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានឆ្លើយបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា។
អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែ និងចាត់ទុកជាការប្រញាប់ចំនួន ៥៩សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

២-ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុនខ្មែរ អេឡិកទ្រីខលផៅវ័រ សម្រាប់អនុវត្តគម្រោងវារីអគ្គិសនីស្ទឹងឫស្សីជ្រំកណ្តាល អានុភាព៧០មេហ្កាវ៉ាត់ផ្គួបគ្នាជាមួយគម្រោងអភិវឌ្ឍវារីអគ្គិសនីស្ទឹងវាលថ្មកំបុត អានុភាព១០០មេហ្កាវ៉ាត់ ខេត្តកោះកុង។
៣-ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ឡាក់ឃី សូឡាផៅវ័រ ឯ.ក សម្រាប់គម្រោងអភិវឌ្ឍស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យអានុភាព៨០មេហ្កាវ៉ាត់ ខេត្តព្រៃវែង។

៤-ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្នេថេក ខូអិលធីឌីសម្រាប់គម្រោងអភិវឌ្ឍស្ថានីយផលិតអគ្គិសនីដើរ ដោយថាមពលពន្លឺព្រះអាទិត្យអានុភាព១៥០មេហ្កាវ៉ាត់ ខេត្តពោធិ៍សាត់។
៥-ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្នេថេក ខូអិលធីឌីសម្រាប់គម្រោងអភិវឌ្ឍស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៦០មេហ្កាវ៉ាត់ ខេត្តស្វាយរៀង។

៦-ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្នេថេក ខូអិលធីឌីសម្រាប់គម្រោងអភិវឌ្ឍស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៦០មេហ្កាវ៉ាត់ ខេត្តកំពងឆ្នាំង។

៧-ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្ទឹងមេទឹក ហាយ ដ្រូផៅវ័រ សម្រាប់គម្រោងអភិវឌ្ឍវារីអគ្គិសនីស្ទឹងមេទឹក អានុភាព ១៥០មេហ្កាវ៉ាត់ខេត្តកោះកុង។
សេចក្តីព្រាងច្បាប់ក្នុងរបៀបវារៈទី២ ទី៣ ទី៤ ទី៥ ទី៦ និងទី៧ខាងលើនេះ ត្រូវបានឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា អញ្ជើញឡើងធ្វើសេចក្តីរាយការណ៍ជូនអង្គប្រជុំជ្រាបអំពីលទ្ធផលនៃការពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ទាំង៦នេះ។

បន្ទាប់ពីសមាជិកព្រឹទ្ធសភាឡើងមានយោបល់រួចមក ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានឆ្លើយបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា ។
អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់នីមួយៗដោយឥតកែប្រែ និងចាត់ទុកជាការប្រញាប់ចំនួន ៥៩សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល៕

 

អត្ថបទដែលជាប់ទាក់ទង