ACUខែមិថុនា ទទួលការប្រកាសទ្រព្យសម្បត្តិ និងបំណុលពីមន្ត្រីជាប់កាតព្វកិច្ចចំនួន ៣៦០ នាក់និងសម្រេចលើពាក្យប្ដឹង៤១
ភ្នំពេញ៖ សម្រាប់ខែមិថុនា ឆ្នាំ២០២៣ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានទទួលប្រកាសទ្រព្យសម្បត្តិ និងបំណុល ពីមន្ត្រីជាប់កាតព្វកិច្ចចំនួន ៣៦០ នាក់និងសម្រេចលើពាក្យប្ដឹង៤១។ ក្រៅពីនេះ ACUក៏បានធ្វើការអប់រំ ការបណ្តុះបណ្តាល កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការងារតំបន់ និងអន្តរជាតិបានសម្រេចលទ្ធផលគួរជាទីពេញចិត្ត ហើយព្រមជាមួយគ្នា ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយបានផ្តល់នូវអនុសាសន៍ដែលជាចក្ខុវិស័យក្នុងការបំពេញការងារដល់អង្គភាពប្រឆាំងអំពើពុករលួយឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ។
យោងតាមកិច្ចប្រជុំលើកទី២៤ អាណត្តិទី៣នៃក្រុមប្រឹក្សាជាតិប្រ ឆាំងអំពើពុករលួយ នៅថ្ងៃទី២៩ ខែ មិថុនា ឆ្នាំ២០២៣ បានបញ្ជាក់ឱ្យដឹងថា ក្នុងខែមិថុនានេះការងារប្រកាស ទ្រព្យសម្បត្តិ និងបំណុល មានមន្ត្រីចំនួន ៣៦០ នាក់ បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះមន្ត្រីទើបទទួល បានការតែងតាំងថ្មីចំនួន ២៤៤ នាក់ និងមន្ត្រី ១១៦ នាក់ ទៀត បាន មកប្រកាសទ្រព្យសម្បត្តិ និង បំណុលជាលើកចុងក្រោយ ដោយមូលហេតុលាឈប់ពីការងារ -ចូលនិវត្តន៍ និងចប់អាណត្តិ។
ប្រភពខាងលើនេះបានបញ្ជាក់បន្ថែមថា៖ចំពោះអង្គភាពប្រឆាំងអំពើពុករលួយ បាន ដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹងដែលមានក្នុងខែនេះចំនួន ៤១ពាក្យប្ដឹង។ ក្រៅពីនេះអង្គភាពប្រឆាំងអំពើពុករលួយបានផ្ដល់បឋកថាច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ជូនដល់ថ្នាក់ដឹកនាំ និង បុគ្គលិកធនាគារ CIMB ចំនួន ៧៥ រូបផងដែរ។ អង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងដែរថា៖ក្នុងខែនេះដែរអង្គភាពមួយនេះបានចូលរួមសង្កេតការណ៍ការប្រឡង ចំនួន ២លើក រួមមាន៖ ការប្រឡងជ្រើស រើសមន្ត្រីរាជការចូល បំរើការងារក្នុងក្របខណ្ឌក្រសួងកិច្ចការនារី សម្រាប់ឆ្នាំ២០២៣ ចំនួន ៧ រូប ក្នុងចំណោម បេក្ខជនដាក់ពាក្យប្រឡងចំនួន ២២ រូប និងការប្រឡងជ្រើសរើសមន្ត្រីរាជការ ចូលបំរើការងា រក្នុងក្របខណ្ឌក្រសួងធម្មការ និងសាសនា សម្រាប់ឆ្នាំ២០២៣ ចំនួន ០៦ រូប ក្នុង ចំណោមបេក្ខជន ២៥៤ រូប។
អង្គភាពប្រឆាំងអំពើពុករលួយសង្កេតឃើញថាដំណើរការប្រឡងទាំងពីរលើកនេះ ចាប់តាំងពីការរៀបចំនីតិវិធីប្រឡង ដំណើរការប្រឡង ដំណើរការកំណែ ការស្រង់បូកពិន្ទុ និងការប្រកាសលទ្ធផលស្ថាពរប្រព្រឹត្តទៅដោយរលូន និងសហការល្អជាមួយ អង្គភាពប្រឆាំងអំពើពុករលួយ នៅគ្រប់ដំណាក់កាល ទាំងអស់នៃដំណើរការប្រឡង។ ក្រៅពីនេះ អង្គភាពប្រឆាំងអំពើពុករលួយ បានចុះសង្កេតការណ៍លទ្ធកម្មសាធារណៈ ចំនួន ៩៣ គម្រោង របស់អង្គភាពលទ្ធកម្មចំនួន ៣៤ទៀតផង ៕ សំរិត