បញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទ ជាបណ្ដោះអាសន្ន ក្នុងអំឡុងពេល បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី០១ ខែកក្កដា
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹងស្តីពី
ការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្នក្នុងអំឡុងពេល បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី០១ ខែកក្កដា ឆាំ្ន២០២៣។
រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ឱ្យបានជ្រាបថា នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ ជាថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ របស់គណបក្សនយោបាយនានាដែលបានស្នើសុំទៅគណៈកម្មការរៀបចំការ បោះឆ្នោតរាជធានីភ្នំពេញ ដើម្បីធ្វើការជួបជុំសមាជិក សមាជិកា និងដង្ហែក្បួនឃោសនារកសម្លេងឆ្នោតក្នុង រាជធានីភ្នំពេញ ក្នុងនោះមានគណបក្សចំនួន០៤ ក្នុងចំណោមគណបក្សទាំង១៨ ដែលមានសកម្មភាពដូច ខាងក្រោម៖
១- គណបក្សប្រជាជនកម្ពុជានឹងរៀបចំជួបជុំសមាជិក សមាជិកា នៅតំបន់មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដើម្បីប្រារព្ធពិធីមីទ្ទិញ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២ និងដង្ហែក្បួន ឃោសនា ដោយមានអ្នកចូលរួមសរុបចំនួន ៧៦.៥០០នាក់ ក្នុងនោះ ចូលរួមក្នុងពិធីមីទ្ទិញចំនួន ៣០,០០០នាក់ និងក្នុងពិធីហែក្បួនឃោសនាចំនួន ៤៦,៥០០នាក់ ដោយបែងចែកជា ០២ក្រុម តាមតម្រាយផ្លូវដូចខាងក្រោម៖
–
ក្បួនទី១ ចាប់ផ្តើមចេញដំណើរពីកោះពេជ្រនៅវេលាម៉ោង ០៨:៣០នាទី ឆ្ពោះទៅរង្វង់មូល សម្តេចសង្ឃជួនណាត បន្តទៅនាគបាញ់ទឹក រួចបត់ឆ្វេងចូលមហាវិថីសម្តេចសុធារស ឆ្ពោះទៅ ស្តុបចំការមន បន្តត្រង់តាមមហាវិថីម៉ៅសេទុង (ផ្លូវលេខ២៤៥) ស្តុបចេនឡា បត់ស្តាំតាម មហាវិថីសម្តេចមុនីរ៉េត (ផ្លូវលេខ២១៧) រហូតដល់ស្តុបអាងទឹកស្តាតអូឡាំពិក រួចបត់ឆ្វេងចូល មហាវិថីនេរុហ៍ (ផ្លូវលេខ២១៥) រហូតដល់ស្តុបដេអិន បត់ឆ្វេងចូលមហាវិថីកម្ពុជាក្រោម (ផ្លូវលេខ១២៨) រហូតដល់ស្តុបសន្ធរម៉ុក បត់ឆ្វេងចូលមហាវិថីម៉ៅសេទុង (ផ្លូវលេខ២៤៥) រហូតដល់ស្តុបទេពផន បត់ស្តាំចូលវិថីឧកញ៉ាទេពផន (ផ្លូវលេខ១៨២) រហូតដល់ស្តុប ផ្លូវលេខ២៧១ រួចបត់ឆ្វេងចូលផ្លូវលេខ២៧១ ឆ្លងស្ពានអាកាសស្ទឹងមានជ័យ រហូតដល់ស្តុប ផ្សារដើមថ្កូវ បត់ឆ្វេងចូលរង្វង់មូលផ្សារដើមថ្កូវ ត្រង់ចូលផ្លូវលេខ៤៨៨ ឆ្ពោះទៅស្តុបបឹងត្របែក រួចបត់ឆ្វេងចូលមហាវិថីព្រះមុនីវង្ស (ផ្លូវលេខ៩៣) រហូតដល់ស្តុបបូកគោ បត់ស្តាំចូលមហាវិថី ម៉ៅសេទុង (ផ្លូវលេខ២៤៥) រហូតដល់ស្តុបចំការមន ត្រង់ចូលមហាវិថីសម្តេចសុធារស បន្តទៅនាគបាញ់ទឹក បត់ស្តាំឆ្ពោះទៅកោះពេជ្រ តាមស្ពាននាគភ្លោះ (រំសាយ)។ ដោយឡែក នៅពេលរសៀលគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌទាំង១៤ នឹងធ្វើការហែក្បួន
ឃោសនាក្នុងមូលដ្ឋានខណ្ឌរៀងៗខ្លួន
– ក្បួនទី២ នៅពេលព្រឹកវេលាម៉ោង ០៨:៣០នាទី ផ្តើមចេញពីកោះពេជ្រ ឆ្ពោះទៅរង្វង់មូល សម្តេចសង្ឃជួនណាត បន្តបត់ស្តាំចូលតិរវិថីព្រះស៊ីសុវត្ថិ រហូតដល់ក្រោមស្ពានជ្រោយចង្វារ បត់ឆ្វេងមករង្វង់មូលកាំភ្លើងគួចកាណុង បន្តត្រង់ចូលផ្លូវឧកញ៉ាឃ្លាំងមឿង (ផ្លូវលេខ៧០) ត្រង់តាមផ្លូវលេខ២៧៣ បត់ឆ្វេងចូលផ្លូវលេខ៥១៦ បន្តទៅបត់ឆ្វេងចូលផ្លូវលេខ៣៣៧ ស្តុបផ្លូវលេខ៥៩៨ រួចបត់ស្តាំចូលផ្លូវលេខ៥៩៨ ឆ្ពោះទៅរង្វង់មូលកាំកូស៊ីធី បត់ឆ្វេងចូល មហាវិថីអង្គរ ឆ្ពោះទៅមុខក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ (សម្រាកអាហារ ថ្ងៃត្រង់)។ បន្ទាប់មកនៅពេលល្ងាចចាប់ផ្ដើមចេញពីមុខក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ តាមមហាវិថីអង្គរ ឆ្ពោះមករង្វង់មូលកាំកូស៊ីធី បន្តត្រង់តាមផ្លូវលេខ៣៥៥ ឆ្ពោះ មកអង់តែនទួលគោក បន្តត្រង់តាមវិថីសម្ដេចប៉ែននុត (ផ្លូវលេខ២៨៩) ត្រង់ចូលមហាវិថី គឹមអ៊ុលស៊ុង ឆ្ពោះមកស្ពានអាកាស៥មករា ត្រង់ចូលមហាវិថីម៉ៅសេទុង (ផ្លូវលេខ២៤៥) រហូតដល់ស្តុបទេពផន បត់ឆ្វេងចូលវិថីឧកញ៉ាទេពផន (ផ្លូវលេខ១៨២) ដល់ស្តុបផ្សារដេប៉ូ រួចបត់ស្តាំចូលមហាវិថីនេរុហ៍ (ផ្លូវលេខ២១៥) រហូតដល់ស្តុបអាងទឹកស្តាតអូឡាំពិក បត់ស្តាំ ចូលមហាវិថីសម្តេចមុនីរ៉េត (ផ្លូវលេខ២១៧) ឆ្ពោះទៅមហាវិថីចោមចៅ រួចបន្តទៅស្ពាន អាកាសចោមចៅ បត់ឆ្វេងចូលផ្លូវជាតិលេខ៣ (រំសាយមុខកងពលតូចង៧០)។
២- គណបក្សខ្មែររួបរួមជាតិនឹងធ្វើការជួបជុំសមាជិក សមាជិកា នៅវេលាម៉ោង ០៧:០០នាទី ដោយមានអ្នកចូលរួមប្រមាណ ១,០០០នាក់ នៅទីលានប្រជាធិបតេយ្យ ខណ្ឌឫស្សីកែវ ព្រមទាំងធ្វើការ ថ្លែងសារទៅសមាជិក បន្ទាប់មកហែក្បួនតាមបណ្ដោយផ្លូវជាតិលេខ៥ ឆ្ពោះមកស្ពានជ្រោយចង្វារ បត់ស្តាំមករង្វង់មូលកាំភ្លើងគួចកាណុង ត្រង់ចូលផ្លូវឧកញ៉ាឃ្លាំងមឿង (ផ្លូវលេខ៧០) ឆ្ពោះមកអង់តែនទួលគោក បត់ស្តាំតាមផ្លូវលេខ៣៥៥ បន្តទៅរង្វង់មូលកាំកូស៊ីធី ឆ្វេងតាមផ្លូវឧកញ្ញ៉ាម៉ុងឬទ្ធី (ផ្លូវលេខ១៩២៨) បន្តទៅបត់ឆ្វេងតាមមហាវិថីមិត្តភាពភ្នំពេញ-ហាណូយ ឆ្ពោះមកស្ពានអាកាស ផ្សារដីហ៊ុយ បន្តត្រង់ចូលផ្លូវណតប៊្រីត បន្តតាមផ្លូវទ្រង់មាន់ បត់ស្តាំចូលមហាវិថីចោមចៅ បត់ត្រង់ តាមមហាវិថីសម្តេចមុនីរ៉េត (ផ្លូវលេខ២១៧) បត់ឆ្វេងស្ពានអាកាសស្ទឹងមានជ័យចូលផ្លូវក្រោមដី រួចបត់មកតាមផ្លូវលេខ២៧១ បន្តត្រង់មកស្ពានអាកាស៧មករា ត្រង់តាមផ្លូវ៥៩៨ រួចបត់ស្តាំតាម ផ្លូវលេខ៦០៨ រហូតដល់អតីតរង្វង់មូលទួលគោក វត្តនាគវ័ន្ត ចូលទៅផ្លូវបឹងកក់ បត់ឆ្វេងចូល ផ្លូវឧកញ៉ាឃ្លាំងមឿង (ផ្លូវលេខ៧០) បត់ស្តាំតាមផ្លូវលេខ៧០ រហូតដល់រង្វង់មូលកាំភ្លើងគួចកាណុង ដល់ក្រោមស្ពានជ្រោយចង្វារបត់ឆ្វេង តាមបណ្ដោយផ្លូវជាតិលេខ៥ ឆ្ពោះទៅទីលានប្រជាធិបតេយ្យវិញ (រួចរំសាយ)។
៣- គណបក្សខ្មែរឈប់ក្រនឹងធ្វើការជួបជុំសមាជិក សមាជិកា នៅវេលាម៉ោង ០៨:០០នាទី នៅ ទីស្នាក់ការកណ្តាលគណបក្ស ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយហែក្បួនចេញទីតាំងខាងលើ ឆ្ពោះមកផ្សារឈូកមាស ទៅផ្លូវលេខ២០១១ បត់ឆ្វេងផ្លូវក្រាំងធ្នង់ ឆ្ពោះទៅវត្តជុំ បន្តត្រង់រហូតដល់មហាវិថីឈ្នះឈ្នះ បត់ស្តាំចូលមហាវិថីមិត្តភាពភ្នំពេញ-ហាណូយ ក្រោមស្ពានអាកាសផ្សារដីហ៊ុយ រួចបន្តទៅផ្លូវទ្រុងមាន់ រហូតដល់ស្តុបណតប្រ៊ីត បត់ស្តាំដល់ផ្លូវ លេខ២០០៤ កែងមហាវិថីសហព័ន្ធរុស្ស៊ី បន្តរហូតដល់ផ្លូវលេខ២០១១ ផ្សារឈូកមាស ដោយ ឆ្ពោះទៅទីស្នាក់ការកណ្តាលគណបក្សវិញ (រួចរំសាយ)។
៤- គណបក្សខ្មែរតែមួយនឹងធ្វើជួបជុំសមាជិក សមាជិកា នៅផ្ទះលោកស្រី ម៉ាន់ ស្រីនឿន ស្ថិតក្នុង ភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ដោយមានអ្នកចូលរួមចំនួន ១២៥នាក់ ដើម្បីធ្វើការឃោសនារកសម្លេងឆ្នោត ចាប់ពីវេលាម៉ោង ០៨:០០នាទី ដល់វេលាម៉ោង ១១:០០នាទី ដោយពុំមានការដង្ហែក្បួនឃោសនាគណបក្សឡើយ។
ក្នុងអំឡុងពេលបើកយុទ្ធនាការឃោសនានេះ អាចមានចរាចរមមាញឹកជាខ្លាំងដោយសារមធ្យោបាយ ធ្វើដំណើររបស់សមាជិក សមាជិកាដែលអញ្ជើញចូលរួម ដើម្បីបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាល រាជធានីភ្នំពេញនឹងធ្វើការបញ្ចៀសចរាចរចំពោះយានយន្តគ្រប់ប្រភេទនៅតាមទីតាំងជួបជុំរបស់គណបក្សនីមួយៗ
និងតាមតម្រាយផ្លូវនានាដែលគណបក្សនយោបាយហែក្បួនឃោសនា នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ ចាប់ពីម៉ោង ០៥:០០នាទី រហូតដល់ការដង្ហែក្បួនបានបញ្ចប់។
រដ្ឋបាលរាជធានីភ្នំពេញសង្ឃឹមជឿជាក់ថាបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាយោគយល់ អធ្យាស្រ័យ និងចូលរួមបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងខាងលើបើមិនមានការចាំបាច់ ដើម្បីកាត់បន្ថយការកកស្ទះចរាចរ។ បន្ទាប់ពីក្បួនឃោសនារបស់គណបក្សនីមួយៗឆ្លងកាត់ផុត នោះ រដ្ឋបាលរាជធានីភ្នំពេញនឹងបើក ឱ្យធ្វើចរាចរជាធម្មតាវិញ។
ទទួលបានសេចក្ដីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធ ហត្ថរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងចាត់តាំងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕