ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ណែនាំ​ឱ្យ​អភិបាល​រាជធានី​ភ្នំពេញ បញ្ចេញ​រថយន្តក្រុង​ សម្រាប់​ដឹក​ជញ្ជូន​កម្មករ ​កម្មការិនី​ពី​ភ្នំពេញ ទៅ​បោះ​ឆ្នោត​នៅ​តាម​បណ្តា​ខេត្ត

89

ភ្នំពេញ​ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុ​ជា នា​រសៀល​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២៣​នេះ បាន​ណែនាំ​ឱ្យ​អភិបាល​រាជធានី​ភ្នំពេញ បញ្ចេញ​រថយន្តក្រុង​ចាប់​ពី​៣០០គ្រឿង​​ទៅ​៣៥០​គ្រឿង សម្រាប់​ដឹក​ជញ្ជូន​កម្មករ ​កម្មការិនី​ពី​ភ្នំពេញ ទៅ​បោះ​ឆ្នោត​នៅ​តាម​បណ្តា​ខេត្ត ដោយ​មិន​គិត​​ប្រាក់​នោះ​ទេ​។

ក្នុង​សារ​សំឡេង​ពិសេស​ដែល​ចែកចាយ​នៅ​តេ​ឡេ​ក្រាម សម្តេច​តេ​ជោ បាន​លើក​ឡើង​ថា រាជរដ្ឋា​ភិបាល បាន​សម្រេច​អនុញ្ញាត​ឱ្យ​កម្មករនិយោជិត ឈប់​សម្រាក​ចំនួន​៣​ថ្ងៃ នា​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​២៤ ខែកក្កដា ដើម្បី​ធ្វើ​ដំណើរ​ទៅ​ចូលរួម​បោះ​ឆ្នោត​។

សម្តេច​បាន​ថ្លែង​បន្ត​ថា ដើម្បី​សម្រួល​ដល់​កម្មករ​ កម្មការិនី ធ្វើ​ដំណើរ​ពី​ភ្នំពេញ ទៅ​បោះ​ឆ្នោត​នៅ​ស្រុក​កំណើត តាម​ណ្តា​ខេត្ត​នានា មាន​ភាព​ងាយស្រួល កុំឱ្យ​មានការ​កកស្ទះ និង​ចំណាយ​ច្រើន​នោះ សម្តេច​ឱ្យ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ត្រូវ​បញ្ចេញ​រថយន្តក្រុង​ពី ៣០០ ទៅ ៣៥០​គ្រឿង ដើម្បី​ដឹក​ជញ្ជូន​កម្មករ​ កម្មការិនី ដោយ​ឥត​គិតថ្លៃ ពី​ភ្នំពេញ ទៅ​តាម​បណ្តា​ខេត្ត ដើម្បី​បោះ​ឆ្នោត​។

សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់​ថា «​ការ​ដឹក​ជញ្ជូន​កម្មករ​ កម្មការិនី​នេះ គឺ​មិន​មានការ​រើសអើង​គណបក្ស​នយោបាយ​ណាមួយ​ទេ​» ហើយ​ក៏​មិន​គិត​ប្រាក់​នោះ​ដែរ ជា​ពិសេស​ការ​ដឹក​ជ​ញ្ជួ​ន​នេះ គឺ​ត្រូវធ្វើ​ទាំង​ការ​ដឹក​ទៅ​តាម​បណ្តា​ខេត្ត​ ដើម្បី​បោះ​ឆ្នោត និង​ត្រូវ​ដឹក​មក​វិញ​ផង​ដែរ​។

សម្តេច​នាយក​រដ្ឋមន្ត្រី ​បាន​បញ្ជាក់​បន្ថែម​ថា ការ​ដឹក​ជ​ញ្ជួ​ន​កម្មករ​ទៅ​បោះ​ឆ្នោត​បែប​នេះ គឺ​មិន​មែន​​ជា​ការ​ទិញ​ដូរ ឬ​សូកប៉ាន់ ដើម្បី​ឱ្យ​កម្មករ​ កម្មការិនី ដោះ​ដូរ​សន្លឹក​ឆ្នោត​នោះ​ទេ​។ សម្តេច​តេ​ជោ ក៏​បាន​ណែនាំ​ឱ្យ​រដ្ឋមន្ត្រីក្រសួង​ការងារ និង​អភិបាល​រាជធានី​ភ្នំពេញ រៀបចំ​ឱ្យ​បាន​ច្បាស់លាស់ ថា​ខេត្ត​​ណា ត្រូវការ​រថយន្តក្រុង​ប៉ុន្មាន​គ្រឿង សម្រាប់​ដឹក​ជញ្ជូន​កម្មករ​ កម្មការិនី ព្រោះ​ពេល​នេះ ខុស​ពី​​ពេល​ចូល​ឆ្នាំ​។ ពេល​ចូល​ឆ្នាំ យើង​រៀបចំ​រថយន្តក្រុង​ច្រើន ទៅ​ខេត្តសៀមរាប ដោយសារ​តែ​មាន​អង្គរ​​សង្ក្រាន្ត​។

អត្ថបទដែលជាប់ទាក់ទង