ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាជរដ្ឋាភិបាលកម្ពុជា មានការយកចិត្តទុកដាក់ខ្ពស់អំពី សិទ្ធិស្រ្តីនិងក្មេងស្រី ក្នុងការជ្រើសរើសគូស្រករ និងការមានកូន

53

 

ភ្នំពេញ ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថនបានមានប្រសាសន៍ថា ប្រធានបទទិវាប្រជាជនពិភពលោកលើកទី៣៤ ឆ្នាំ២០២៣នេះ គឺ ”ការបញ្ចេញអានុភាពនៃសមភាពយេនឌ័រ ៖ ការជ្រោងឡើងនូវសម្លេងស្រ្តីនិងក្មេងស្រី ដើម្បីបង្ហាញពីលទ្ធភាពគ្មានដែនកំណត់នៃពិភពលោកយើង” (Unleashing the power of gender equality: Uplifting the voices of women and girls to unlock our world’s infinite possibilities)។ ប្រធានបទនេះពិតជាមានអត្ថន័យដ៏ធំធេង ដែលឆ្លុះបញ្ចាំងអំពីស្ថានភាព ដែលពិភពលោកបាននិងកំពុងបន្តជួបប្រទះជាមួយនឹងការកើតមានបញ្ហាវិសមភាពយេនឌ័រ, ភាពក្រីក្រ, បម្រែបម្រួលប្រជាសាស្រ្ត និងបម្រែបម្រួលអាកាសធាតុ ដែលបញ្ហាទាំងនេះកំពុងតែជះឥទ្ធិពលដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ក្នុងនេះដែរ កម្ពុជាបានចាប់ផ្តើមប្រារព្ធទិវាប្រជាជនពិលោកលើកដំបូងនៅឆ្នាំ២០០៣ គឺជាឆ្នាំដែលរាជរដ្ឋាភិបាលបានប្រកាសដាក់អនុវត្តគោលនយោបាយជាតិប្រជាជនជាលើកដំបូង។ ការប្រារព្ធទិវាប្រជាជនពិភលោកនៅកម្ពុជា ត្រូវបានធ្វើឡើងដោយផ្សារភ្ជាប់ទៅនឹងប្រធានបទតាមឆ្នាំនីមួយៗរបស់សកល។

នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានគណៈកម្មាធិការពិសេសតាមដានការអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្តីពីប្រជាជននិងអភិវឌ្ឍន៍ បានអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវេទិកាទិវាប្រជាជនពិភពលោកលើកទី ៣៤, ១១ កក្កដា ២០២៣ ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មានការយកចិត្តទុកដាក់ខ្ពស់អំពីសិទ្ធិស្រ្តីនិងក្មេងស្រីក្នុងការជ្រើសរើសគូស្រករ និងការមានកូន។ ជាក់ស្តែង គោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ បានប្រកាសទទួលស្គាល់ និងគាំទ្រចំពោះសិទ្ធិរបស់គូស្វាមីភរិយានិងបុគ្គលទាំងអស់ឱ្យមានសិទ្ធិជាមូលដ្ឋានក្នុងការសម្រេចចិត្តដោយសេរី និងដោយទទួលខុសត្រូវលើចំនួនកូននិងការពន្យារកំណើត ហើយបង្កលទ្ធភាពឱ្យស្រ្តីនិងក្មេងស្រ្តីទទួលបាននូវព័ត៌មាន ការអប់រំ សេវា និងមធ្យោបាយដើម្បីធ្វើការសម្រេចចិត្តនេះ។ លើសពីនេះទៀត រាជរដ្ឋាភិបាលបានបង្កលក្ខណៈកាន់តែអនុគ្រោះដល់ស្រី្តគ្រប់រូប ដើម្បីផ្តល់ឱកាស និងបើកលទ្ធភាពកាន់តែទូលាយសម្រាប់ការចូលរួមការងារសង្គម និងការចូលរួមក្នុងឆាកនយោបាយ និងបន្តដោះស្រាយបញ្ហាជាច្រើនទៀតដែលស្រី្តកំពុងប្រឈម ដូចជា បញ្ហាសុខភាព ការអប់រំ និងការរំលោភបំពាន ជាដើម។ ជារួម រាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ដល់បញ្ហាស្រី្តគ្រប់វ័យ គ្រប់កាលៈទេសៈ ហើយជានិច្ចកាលតែងតែចាត់ទុកការដោះស្រាយបញ្ហាជូនស្រី្ត ជាបញ្ហាអាទិភាពខ្ពស់បំផុត។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បន្តថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងផែនការ ដោយសហការជាមួយនឹងមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) និងស្ថាប័នពាក់ព័ន្ធ បានប្រារព្ធទិវាប្រជាជនពិភពលោកជារៀងរាល់ឆ្នាំ ក្នុងគោលបំណង (ទី១) ដើម្បីរំលឹក និងជំរុញបន្ថែមដល់ថ្នាក់-ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បញ្ញវន្ត សិស្ស និសិ្សត និងអ្នកមានចំណែកពាក់-ព័ន្ធទាំងអស់ ព្រមទាំងប្រជាពលរដ្ឋគ្រប់រូប ឱ្យបន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នាផ្តោតការយកចិត្តទុកដាក់ និងស្វែងរកដំណោះស្រាយសមស្រប អំពីបញ្ហាប្រជាជននានា ដែលកើតមានឡើង និងដែលកំពុងជះឥទ្ធិពលដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និង (ទី២) ដើម្បីបង្ហាញសាធារណជនអំពីការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដូចមានក្នុងខ្លឹមសារលិខិតអបអរសាទររបស់ សម្តេចអគ្គមហាសេនាបេតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមបន្ថែមថា ក្នុងខ្លឹមសារលិខិតរបស់សម្តេចតេជោក៏បានបញ្ជាក់ផងដែរថា កម្ពុជាកំពុងស្ថិតក្នុងស្ថានភាពប្រជាសាស្រ្តមួយល្អប្រសើរ សម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិបានលឿនជាងមុន ដោយសារមានចំនួនប្រជាជនក្នុងវ័យធ្វើការច្រើន និងប្រជាជនក្នុងបន្ទុកតិច។ ចំនួនប្រជាជនវ័យ ១៥-៦០ឆ្នាំ នឹងកើនដល់ ៦៥ភាគរយ នៃប្រជាជនសរុប និងផលធៀបវ័យក្នុងបន្ទុកសរុបថយចុះដល់ចំនួន ៥៤នាក់ ក្នុងចំណោមប្រជាជនវ័យ ១៥-៦០ឆ្នាំ១០០នាក់ នៅឆ្នាំ២០៤០ ដែលបរិបទនេះ ហៅថា ភាគលាភប្រជាសាស្រ្ត។ ដូច្នេះ ដើម្បីចាប់យកឱកាសនៃភាគលាភប្រជាសាស្រ្តដែលកំពុងមាន កម្ពុជាចាំបាច់ត្រូវមានការតម្រង់ទិសគោលនយោបាយតាមវិស័យពាក់ព័ន្ធ ឱ្យបានសមស្រប និងទាន់ពេល តាមរយៈគោលនយោបាយជាតិប្រជាជន ដែលជាក្របខ័ណ្ឌគោលនយោបាយរួមមួយសម្រាប់តម្រង់ទិសគ្រប់វិស័យ ជាពិសេស ការអប់រំនិងបណ្តុះ បណ្តាលវិជ្ជាជីវៈ ការបង្កើតការងារនិងផលិតភាពការងារ ការបង្កើនការវិនិយោគលើវិស័យសុខាភិបាល បច្ចេកវិទ្យាឌីជីថល ការលើកកំពស់សមភាពយេនឌ័រ និងការបង្កើតឱ្យមានកម្មវិធីសន្សំប្រាក់ សំដៅប្រែក្លាយកម្លាំងពលកម្មឱ្យក្លាយទៅជាមូលធនមនុស្សសម្រាប់ជំរុញការអភិវឌ្ឍប្រទេសឱ្យបានលឿនជាងមុន។

ក្នុងនោះដែរឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ក៏បានអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍនានា អង្គការសង្គមស៊ីវិល និងវិស័យឯកជន បន្តសហការជាមួយនឹងក្រសួងផែនការ ដើម្បីរួមគ្នាគិត និងរួមគ្នាដោះស្រាយបញ្ហាប្រជាជន និងត្រៀមទទួលយកនូវបម្រែបម្រួលប្រជាសាស្រ្ត និងចាប់យកឱកាសដែលមកជាមួយនឹងបម្រែបម្រួលនេះ ដើម្បីពង្រឹងភាពភាពធន់ប្រជាសាស្រ្ត និងជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចបានលឿន៕

 

អត្ថបទដែលជាប់ទាក់ទង