ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន ក្នុងពិធីសម្ពោធវិមានរំលឹកដល់ អ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១

78

 

ភ្នំពេញ ៖ នៅថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ២០២៣ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពី ការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន ក្នុងពិធីសម្ពោធវិមានរំលឹកដល់ អ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨ “រូបពីរ”។

រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ឱ្យបានជ្រាបថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នឹងរៀបចំពិធីសម្ពោធវិមានរំលឹកដល់អ្នកដែល ទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨ រូបពីរ” ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ នៅឧទ្យាន ឡេអូប៉ូល សេដា សេនហ្គ័រ (សួនច្បារមុខស្ថានទូតបារាំង) ស្ថិតក្នុងសង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាប់តីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។

ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូនំ រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀប រៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការបញ្ចៀស ចរាចរជាបណ្តោះអាសន្នយានយន្តគ្រប់ប្រភេទដែលធ្វើដំណើរឆ្លងកាត់កំណាត់មហាវិថីព្រះមុនីវង្ស ចាប់ពី ផ្លូវលេខ៨៤ ដល់រង្វង់មូលកាំភ្លើងកួចកាណុង កំណាត់ផ្លូវលេខ៤៧ ចាប់ពីផ្លូវលេខខ៨៤ ដល់រង្វង់មូលកាំភ្លើង កួចកាណុង និងជុំវិញទីតាំងប្រារព្ធពិធីចាប់ពីវេលាម៉ោង ០៥:០០នាទី រហូតដល់បញ្ចប់កម្មវិធី។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់តាមផ្លូវខាងលើមេត្តាជ្រាប យោគយល់អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្ធពិធីតាមកាលបរិច្ឆេទខាងលើដោយ អនុគ្រោះ។ ផុតរយៈពេលបញ្ចៀសចរាចរនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឱ្យចរាចរជាធម្មតាវិញ។

ទទួលបានសេចក្ដីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌដូនពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងចាត់តាំងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់។

សូមរំលឹកឡើងវិញថា ស្តូបនេះត្រូវបានកសាងដំបូងនៅក្នុងឆ្នាំ១៩២៥ ក្នុងរាជ្យព្រះបាទស៊ីសុវត្ថិ (១៩០៤-១៩២៧) ហើយត្រូវបានបំផ្លាញដោយពួកខ្មែរក្រហម ក្នុងឆ្នាំ១៩៧៧។ រូបពីរនេះផងដែរ គឺកសាងឡើងក្នុងគោលបំណងរំលឹកទៅដល់ទាហានខ្មែរ-បារាំង ដែលបានច្បាំងនៅក្នុងសង្គ្រាមលោកទីមួយ ក្នុងអំឡុងឆ្នាំ១៩១៤-១៩១៨៕

អត្ថបទដែលជាប់ទាក់ទង