សម្ដេចតេជោ ហ៊ុន សែន មិនបានប្រឆាំងលោក Pita នោះទេ, សារនេះប្រាប់ទៅក្រុមជ្រុលនិយមនៅកម្ពុជាថាពួកអ្នកត្រូវរលាយដូចអំបិលត្រូវទឹក
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីថ្លែងសារតាមរយៈបណ្ដាញសង្គមតេលេក្រាម នាព្រឹកថ្ងៃទី 14 ខែកក្កដាឆ្នាំ 2023 នេះថា ខ្ញុំមិនបានប្រឆាំងលោក Pita នោះទេ ហើយក៏មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសថៃនោះដែរ។ ការដែលខ្ញុំចេញសារនេះមានបំណងប្រាប់ទៅក្រុមជ្រុលនិយមនៅកម្ពុជាថា បំណងរបស់ពួកអ្នកត្រូវរលាយដូចអំបិលត្រូវទឹក។
សម្ដេចតេជោ ហ៊ុន សែន នាថ្ងៃទី 13 ខែកក្កដាឆ្នាំ 2023 បានថ្លែងសារថា ” ខ្ញុំសូមប្រកាសថ្ងៃនេះថា ការមិនទទួលបានសម្លេងគ្រប់គ្រាន់ដើម្បីធ្វើជានាយករដ្ឋមន្រ្តីថៃរបស់លោក Pita គឺជាការបរាជ័យដ៏ធំរបស់ក្រុមពួកតិរច្ឆាននៅកម្ពុជា ហើយនេះមិនមែនបង្ហាញថាខ្ញុំជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ថៃនោះទេ ខ្ញុំគ្រាន់តែចង់បង្ហាញថា ព្រោះកន្លងមកពួកក្បត់ជាតិទាំងនេះ តែងតែរំពឹងទុកថានៅពេលលោក Pita ក្លាយជានាយករដ្ឋមន្រ្តីរបស់ថៃ ពួកគេនឹងប្រើប្រាស់ទឹកដីរបស់ថៃ ដើម្បីធ្វើចលនាប្រឆាំងបះបោរនឹងរាជរដ្ឋាភិបាលកម្ពុជា ឥឡូវនេះក្តីរំពឹងរបស់ពួកអាតិរច្ឆានទាំងនោះបានរលាយដូចអំបិលត្រូវទឹកហើយ។
សូមកុំធ្វើនយោបាយផ្អែកលើដង្ហើមអ្នកដទៃ ដែលនេះជាការដាស់តឿន និងជាបំណងល្អរបស់ខ្ញុំសម្រាប់ក្រុមជ្រុលនិយម”។
សម្តេចបានបន្តថា ល្ងាចម្សិលម៉ិញខ្ញុំបានបង្ហោះសារមួយដែលមានន័យថា ការដែលលោក Pita មិនបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីថៃ វាជាបរាជ័យរបស់ក្រុមប្រឆាំងជ្រុលនិយមនៅកម្ពុជា ដោយហេតុថាក្រុមនេះបាន ប្រើប្រាស់ឈ្មោះលោក Pita និងគណបក្សរបស់លោកធ្វើការឃោសនាថា ក្រោយលោក Pita កាន់ដំណែងជានាយករដ្ឋមន្ត្រី ហើយពួកគេនិងធ្វើសកម្មភាពចេញពីទឹកដីថៃ រហូតអ្នកវិភាគតាមវិទ្យុបរទេសនិយាយភាសារខ្មែរ លើកឡើងថា មេដឹកនាំក្រុមជ្រលនិយម នឹងមកកម្ពុជាតាមទឹកដីថៃ។
ក្រុមនេះបានប្រើប្រាស់ឈ្មោះលោក Pita ជិត២ខែមកហើយតាំងពីលោកឈ្នះឆ្នោតមកម្ល៉េះ។
ខ្ញុំមិនបានប្រឆាំងលោក Pita នោះទេ ហើយក៏មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសថៃនោះដែរ។ ការដែលខ្ញុំចេញសារនេះមានបំណងប្រាប់ទៅក្រុមជ្រុល
និយមនៅកម្ពុជាថា បំណងរបស់ពួកអ្នកត្រូវរលាយដូចអំបិលត្រូវទឹក។
ក្រោយខ្ញុំបង្ហោះមានបងប្អូនថៃចូលមក Comment ជាភាសាថៃយ៉ាងច្រើនដែលខ្ញុំមិនយល់ ដោយមិនចេះអានភាសារថៃ។
សម្ដេចបានបញ្ជាក់យ៉ាងដូច្នេះថា នៅទីនេះខ្ញុំសូមបញ្ជាក់ថា៖
1. ខ្ញុំមិនប្រឆាំងលោក Pita នោះទេ ហើយក៏បានត្រៀមខ្លួនធ្វើការជាមួយលោក Pita ក្នុងករណីលោក Pita ដឹកនាំរដ្ឋាភិបាលថៃ។
2. ខ្ញុំគោរពការសម្រេចរបស់ប្រជាជនថៃ និង មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសថៃនោះឡើយ។
3. ខ្ញុំត្រៀមខ្លួនធ្វើការជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាលថៃ ទោះអ្នកណា ឬបក្សណាដឹកនាំក៏ដោយ។
4. ពួកជ្រុលនិយមខ្មែរដែលយកទឹកដីថៃ សម្រាប់ធ្វើសកម្មភាពប្រឆាំងកម្ពុជារាប់ទាំងការប្រើប្រាស់ឈ្មោះលោក Pita គប្បីបញ្ឈប់សកម្មភាពធ្វើនយោបាយ ដែលពឹងលើដង្ហើមអ្នកដទៃ ដើម្បីបំផ្លាញជាតិខ្លួនឯងទៀតទៅ ជាពិសេសឈប់ប្រើឈ្មោះលោក Pita ដែលគាត់មិនទាំងដឹងខ្លួនផង ឲ្យមកប្រឆាំងជាមួយកម្ពុជាទៀតទៅ៕