ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួលជួបក្រុមអ្នកសង្កេតការណ៍បោះឆ្នោត មកពីអង្គការប្រទេសនិយាយភាសាបារំាង (ហ្វ្រង់កូហ្វូនី)

150

 

ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជា ណាចក្រកម្ពុជាបានអនុញ្ញាតឱ្យប្រតិភូបេសកកម្ម វាយតម្លៃការបោះឆ្នោតហ្វ្រង់កូហ្វូនី ដឹកនាំដោយ ឯកឧត្តម Desir Nyaruhirira ទីប្រឹក្សាអង្គការទទួលបន្ទុកកិច្ចការនយោបាយនិងការទូត ចូលជួបសម្តែងការគួរសមនៅព្រឹកថ្ងៃទី២១ ខែ កក្កដា ឆ្នាំ២០២៣ នៅសណ្ឋាគារ សូហ្វីតែល ភូគីត្រា ក្នុង ខណៈដែលគណៈប្រតិភូបានអញ្ជើញមកចូលរួមសង្កេតការណ៍ពីការបោះឆ្នោត ជ្រើសតំាងតំណាងរាស្រ្តនីតិកាលទី៧ នៅកម្ពុជា។

អង្គការប្រទេសនិយាយភាសាបារំាង(ហ្វ្រង់កូហ្វូនី) មានសមាជិកចំនួន៨២ប្រទេស និងតែងតែចូលរួមសង្កេតការណ៍បោះឆ្នោតនៅតាមប្រទេសជាសមាជិក។ នៅកម្ពុជាអង្គការនេះនឹងសង្កេតការណ៍បោះឆ្នោតនៅបីទីតំាងមាននៅភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ធំ។

ឯកឧត្តម Desir Nyaruhirira បានគូសបញ្ជាក់ការចូលរួមសង្កេតការណ៍របស់អង្គការ ហ្វ្រង់កូហ្វូនីដើម្បីចូលរួមលើកកម្ពស់នីតិរដ្ឋនិងដំណើរប្រជាធិបតេយ្យ។ នៅក្នុងឱកាសនោះ ឯកឧត្តម បានកោតសរសើរចំពោះការចូលរួមយ៉ាងសកម្មរបស់កម្ពុជាជាមួយ អង្គការហ្វ្រង់កូហ្វូនី។

ឯកឧត្តម បានគោរពជម្រាបជូនសម្តេចប្រធានរដ្ឋសភា នៅក្រោយបញ្ចប់បេសកកម្មរបស់ខ្លួន នៅក្នុងការចូលរួមសង្កេតការណ៍បោះឆ្នោតនេះ អង្គការនឹងមានរបាយការណ៍មួយដើម្បីដាក់ជូនអង្គការ និងជូនមកប្រទេសកម្ពុជា។
ក្នុងនាមរដ្ឋសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន មានសេចក្តីសោមនស្សរីករាយ និងបានសូមស្វាគមន៍ យ៉ាងកក់ក្តៅជូនគណៈប្រតិភូ ។
សម្តេចបានមានប្រសាសន៍ថាប្រទេសកម្ពុជា ពិតជាមានកិត្តិយសខ្លាំងណាស់ដោយ ឯកឧត្តម ក្នុងនាមជាទីប្រឹក្សាពិសេស ទទួលបន្ទុកផ្នែកនយោបាយ និងការទូត របស់លោកជំទាវអគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី អញ្ជើញដឹកនាំគណៈប្រតិភូមកបំពេញបេសកកម្មនៅកម្ពុជា។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានជម្រាបជូនគណៈប្រតិភូថា ចាប់តាំងពីឆ្នាំ១៩៩៨ មក កម្ពុជាបានរៀបចំការបោះឆ្នោតដោយខ្លួនឯង ប្រកបដោយជោគជ័យ និងមានលក្ខណៈសេរី និងយុត្តិធម៌ ដែលមានគណបក្ស នយោយបាយជាច្រើន តែងចូលរួមប្រកួតប្រជែងដោយស្មើភាព ក្រោមការរៀបចំរបស់ គណៈកម្មការរៀបចំការបោះឆ្នោត ដែលជាស្ថាប័នឯករាជ។ ជាមួយគ្នានេះ សម្តេចបានជូនពរឳ្យការបំពេញបេសកកម្មនៅកម្ពុជានាពេលនេះទទួលបានជោគជ័យល្អ ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង