រាជរដ្ឋាភិបាល នឹងជំរុញកំណើនសេដ្ឋកិច្ចជាតិក្នុងអត្រា៦,៦ ភាគរយនៅឆ្នាំ២០២៤
ភ្នំពេញ៖ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងឆ្នាំ២០២៤ខាងមុខនេះ នឹងបន្តប្រកាន់ខ្ជាប់នូវ ការអនុវត្តគោលការណ៍ រក្សាសមិទ្ធផលចាស់ បង្កើតសមិទ្ធផលថ្មី សំដៅលើកកម្ពស់ការបន្ត
អភិវឌ្ឍន៍ជាតិប្រកបដោយបរិយាបន្ន, ជាពិសេស ការរក្សាកំណើនសេដ្ឋកិច្ចជាតិ ក្នុងអត្រា៦,៦% ជាមួយនឹងអត្រាអតិផរណា ស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន។ នេះបើតាមការអះអាងឲ្យដឹងពីអ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃទី២៥ កក្ដដា ២០២៣ ។
លោកបន្ដថា ក្នុងក្របខណ្ឌគោលនយោ បាយម៉ាក្រូសេដ្ឋកិច្ច នៃសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការ គ្រប់គ្រងឆ្នាំ ២០២៤ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរំលេចពីទស្សនវិស័យសេដ្ឋកិច្ច សកល សម្រាប់ឆ្នាំ ២០២៤ ត្រូវបានរំពឹងថា នឹងសម្រេចបានកំណើនល្អ ជាមួយនឹងការថមថយ អត្រា អតិផរណា ខណៈឆ្នាំ២០២៣ ជាចំណុចរបត់មួយ ដែលកំណើនសេដ្ឋកិច្ចសកលធ្លាក់ចុះដល់ កម្រិត ទាបបំផុត ក្នុងបរិការណ៍ក្រោយវិបត្តិជំងឺកូវីដ-១៩ ។
ឈរលើមូលដ្ឋាននេះ, កំណើនសេដ្ឋកិច្ច កម្ពុជាក្នុងឆ្នាំ ២០២៤ រំពឹងថា នឹងសម្រេចបានក្នុងអត្រា ៦,៦% ជាមួយនឹងអត្រាអតិផរណា ស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន ក្នុងអត្រា២,៥% និងការរក្សា បាន នូវស្ថិរភាពអត្រាប្តូរប្រាក់ ៤ ០៦៥ រៀល ក្នុងមួយដុល្លារអាមេរិក ។
តាមរបាយការណ៏ពី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថា៖ ជុំវិញកំណើនខ្ពស់ និងរឹងមាំនេះ គាំទ្រដោយលទ្ធភាព ក្នុងការ សម្របខ្លួន បានទៅនឹង និន្នាការសកល និងតំបន់ ដែលបាននិងកំពុងលេចឡើង, ការត្រៀមខ្លួន ដោះ ស្រាយបញ្ហាប្រឈម និងហានិភ័យធំៗ,ការទាក់ទាញ វិនិយោគដែលមាន តម្លៃបន្ថែមខ្ពស់,ភាពអំណោយផលនៃទីតាំងភូមិសាស្ត្រ និងភាគលាភប្រជាសាស្ត្រកម្ពុជា, ការទាញប្រយោជន៍ពីការ រីកចម្រើនយ៉ាងរហ័សនៃឌីជីថលូបនីយកម្ម, ព្រមទាំងកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីនានា ។
អ្នកឧកញ៉ា លឹម ហេង ជុំវិញ ការវិនិយោគនេះដែរ ដោយមើលឃើញថា ក្រោយពីបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី ៧ កម្ពុជា និងអាចស្រូប យកឱកាសវិនិយោគកាន់តែច្រើន ខណៈការបោះឆ្នោតនេះ បានបង្ហាញឱ្យពិភពលោក ជាពិសេសវិនិយោគិនបរទេស មានទំនុកចិត្តកាន់ខ្លាំង ក្នុងការមកបណ្តាក់ ទុនរកស៊ីទទួលទាននៅកម្ពុជា។
ដោយឡែក លោកស្រី កែវ មុំ ប្រធានសមាគម សហគ្រិន ស្រ្តីកម្ពុជា បានលើកឡើងដែរថា៖ ចំពោះ វិស័យបច្ចេកវិទ្យាឌីជីថលរូបនីយកម្ម វិស័យបច្ចេកវិទ្យាបានកំពុងជំរុញផ្លាស់ប្តូរ យ៉ាងលឿន ក្នុងនោះសហគ្រិនជាស្រ្តីបាននិង កំពុងចាប់យកវិស័យនេះផងដែរ សម្រាប់ការប្រើប្រាស់ក្នុងអាជីវកម្ម ក្នុងការធ្វើពាណិជ្ជកម្មផ្សេងៗនៅកម្ពុជាផងដែរ ៕. សំរិត