សមត្ថកិច្ចចាប់ ជនសង្ស័យម្នាក់យកកាតវិង ចូលទៅដកលុយអេធីអឹម របស់ធនាគារអេស៊ីលីដា តែដកមិនបាន វាយបំបែកកញ្ចក់ទូ
ភ្នំពេញ ៖ ករណីជនសង្ស័យម្នាក់បាន ធ្វើឲ្យខូចខាតដោយចេតនា (យកដៃវាយបណ្ដាលឲ្យបែកកញ្ចក់ទូរATMរបស់ធនាគារអេស៊ីលីដា)នៅចំណុចផ្លូវមុន្នីរ៉េត ភូមិឫស្សី១ សង្កាត់ស្ទឹងមានជយ័ទី៣ ខណ្ឌមានជយ័ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យម្នាក់នោះ បានយកកាតវិងចូលទៅដកលុយអេធីអឹម របស់ធនាគារអេស៊ីលីដា តែដកមិនបាន ក៏វាយបំបែកកញ្ចក់ទូរួចគេខ្លួនបាត់ លុះបុគ្គលិកអេស៊ីដាឃើញចាប់ប្រគល់ឲ្យប៉ូលិសចាត់ការ នៅថ្ងៃទី២៧ខែកក្កដាឆ្នាំ២០២៣។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឃៀង ភារឹន ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកធនាគា(អេស៊ីលីដា) ស្នាក់នៅផ្ទះលេខ ២១ ផ្លូវលំ ភូមិចោមចៅ១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជយ័ រាជធានីភ្នំពេញ។ ចំណែកជនសង្ស័យឈ្មោះ ញ៉ុញ លាងសៀ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ(ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន)។
សមត្ថកិច្ចខណ្ឌមានជ័យ បានបញ្ជាក់ពីដំណើររឿងហេតុថា កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ២២និង៥៣នាទី នៅចំណុចកើតហេតុខាងលើ មានជនសង្សយ័ឈ្មោះ ញ៉ុញ លាងសៀ បានដើររើសអេតចាយមកដល់ចំណុចកើតហេតុស្រាប់តែឃើញទូរATM ជនសង្សយ័ក៏ចូលទៅរួចយកកាតវីង(Wing)ទៅដាក់ចូលទៅទូរATMធនាគា(អេស៊ីលីដា) បន្ទាប់មកក៏ចុចដកកាតចេញវិញប៉ុន្តែដក់មិនចេញ ក៏ជនសង្សយ័ខឹងវាយកញ្ចក់ទូរATM បីដៃបណ្ដាល់ឲបែករួចគេចខ្លួន ពេលនោះស្របពេលជនរងគ្រោះ ដែលជាបុគ្គលិកធនាគារនោះ កំពុងអង្គុយមើលកាំមេរ៉ាសុវត្ថិភាពឃើញដូចនោះ ក៏ចុះទៅដល់កន្លែងកើតហេតុ ប៉ុន្តែរកមិនឃើញជនសង្ស័យ។ លុះដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ជនរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹង នៅស្នាក់ការប៉ុស្តិ៍ស្ទឹងមានជ័យទី៣ ដើម្បីឲ្យសមត្ថកិច្ចស្រាវជ្រាវ។ រហូតមកដល់វេលាម៉ោង ១៥:៥០នាទីថ្ងៃដដែល ស្រាប់តែជនរងគ្រោះប្រទះឃើញជនសង្ស័យកំពុងដើរតាមផ្លូវមុន្នីរ៉េត ក្បែរធនាគារ(អេស៊ីលីដា)ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ក៏ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យទី៣ ចាត់ការតាមផ្លូវច្បាប់តែម្ដង។
សម្ភារៈខូតខាត: កញ្ចក់ទូរATM(អេស៊ីលីដា)ចំនួន០១ ។ សម្ភារៈបន្សល់ទុក: កាតATMវីង លេខគណនី ០៣៩៥១៦២០ ។
បច្ចុប្បន្នជនសង្សយ័បានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ជាបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕