ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់រថយន្តដឹកឈើ ២គ្រឿង បុកមន្ត្រីយោធាម្នាក់ ក្រោយមន្ត្រីយោធានោះបានបើករថយន្តប្រដេញតាមស្ទាក់ និងសាកសួរ

114

ខេត្តក្រចេះ ៖ នៅវេលាម៉ោងជាង១២យប់រំលងអធ្រាត្រ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះស្ថិតនៅក្នុងសង្កាត់រកាកណ្តាល ក្រុងក្រចេះ មានរថយន្តសាំងយ៉ុងចំនួន២គ្រឿង ដែលទំនងធ្វើសកម្មភាពល្មើសច្បាប់ ហើយត្រូវមន្ត្រីយោធាសឹករងម្នាក់បានបើករថយន្តប្រដេញតាមស្ទាក់ និងសាកសួរ ប៉ុន្តែត្រូវរថយន្តទាំង២គ្រឿងនោះបើកបុក និងកៀរទម្លាក់ផ្លូវតែម្តង បណ្តាលអោយមន្ត្រីយោធារងរបួស ហើយត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣នេះ កម្លាំងចម្រុះការសម្របសម្រួលពីព្រះរាជអាជ្ញារងអមសាលាដំបូង លោក រ៉ា បូរ៉ាន់ឌី បានសម្រេចធ្វើការឆែកឆេរទីតាំងស្ថានីយប្រេងឥន្ទនៈមួយកន្លែង ស្ថិតនៅក្នុងសង្កាត់រកាកណ្តាល ក្រុងក្រចេះ ក្រោយពីសង្ស័យថា រថយន្តដឹកឈើចំនួន២គ្រឿងដែលបង្កគ្រោះថ្នាក់ចរាចរណ៍ ហើយបើករត់គេចទៅលាក់ខ្លួននៅក្នុងស្ថានីយប្រេងនោះ។

ប្រភពដដែលបន្តថា ក្រោយពីបង្កហេតុរួច រថយន្តសង្ស័យទាំង២គ្រឿងខាងលើនេះ បានបើករត់គេចចម្ងាយដីរាប់សិបគីឡូម៉ែត្រទៅលាក់ខ្លួននៅក្នុងស្ថានីយប្រេងឥន្ធនៈមួយកន្លែង ស្ថិតនៅក្នុងសង្កាត់រកាកណ្តាល។ គ្រានោះ ម្ចាស់ស្ថានីយប្រេងខាងលើ ក៏បានឃុបឃិតក្នុងការលាក់បាំង និងមិនព្រមសហការជាមួយសមត្ថកិច្ចឡើយ ដោយឆ្លើយថា មិនមានឡានចូលទេ។

ក្រោយមកដោយពុំមានកិច្ចសហការពីម្ចាស់ស្ថានីយប្រេងខាងលើ កម្លាំងសមត្ថកិច្ចក៏ចាំឃ្លាំមើល និងរាយការណ៍ជូនព្រះរាជអាជ្ញា រហូតដល់ព្រឹកទើបមានវិធានការឆែកឆេរ ហើយក៏ស្រាប់តែប្រទះឃើញរថយន្ដបង្កហេតុទាំង២គ្រឿង និងឈើជាច្រើននៅក្នុងឃ្លាំង បរិវេណស្ថានីយប្រេងឥន្ទនៈនោះម្ដង។

ក្រោយពីការប្រទះឃើញរថយន្តល្មើសច្បាប់ រួមទាំងវត្ថុតាងបទល្មើសព្រៃឈើផងនោះ ព្រះរាជអាជ្ញារង ក៏បានបញ្ជាអោយរឹបអូសរថយន្ត រួមនឹងវត្ថុតាងយកទៅរក្សាទុកនៅស្ថានីយបណ្ដុះកូនឈើខ្សា ដើម្បីចាត់ការតាមច្បាប់ ស្ដីពីរដ្ឋបាលព្រៃឈើ៕

អត្ថបទដែលជាប់ទាក់ទង