ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ត្រីស៊ើបអង្កេត ក.ប.ប. ចុះអនុវត្តវិធានការលើស្ថានីយ ដេប៉ូប្រេងឥន្ធនៈ ដែលប្រកបអាជីវកម្មមិនសុចរិត

59

ភ្នំពេញ៖ ដោយសង្កេតឃើញថា មានភាពមិនប្រក្រតីលើដេប៉ូប្រេងឥន្ធនៈ១កន្លែង នៅតាមបណ្តាញសង្គមហ្វេសបុក លោកប្រធានសាខា ក.ប.ប. ខេត្តកណ្តាល នាថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣នេះ បានដឹកនាំកម្លាំងមន្ត្រីជំនាញរបស់ខ្លួន ចុះទៅដល់ទីតាំងដេប៉ូប្រេងឥន្ធនៈ១កន្លែងស្ថិតក្នុងភូមិព្រៃបាំង ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ដោយធ្វើការត្រួតពិនិត្យយ៉ាងហ្មត់ច៉ត់តាមរយៈការប្រើប្រាស់ឧបករណ៍ត្រួតពិនិត្យប្រេងឥន្ធនៈ (Pumpwatch)។

ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញថា ដេប៉ូខាងលើមានកម្អិតលម្អៀងផ្នែកបរិមាណ(បន្លំលីត្រ)ទាំងប្រេងសាំងធម្មតា (លម្អៀង៤.៨ល/១០០ល) និងប្រេងម៉ាស៊ូត (លម្អៀង៣.១ល/១០០ល)។ ដូចនេះ មន្ត្រីយើងបានអនុវិធានការតាមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ជាធរមាន និងបានឱ្យម្ចាស់ដេប៉ូនោះធ្វើកិច្ចសន្យាកែតម្រូវជាដាច់ខាត។

ជាមួយគ្នានេះដែរ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ កណ្តាល កំពត ស្វាយរៀង និងខេត្តកំពង់ធំ នាថ្ងៃខែឆ្នាំដដែល មន្ត្រី ក.ប.ប. បានបន្តត្រួតពិនិត្យអនុលោមភាពលើស្ថានីយ ដេប៉ូប្រេងឥន្ធនៈ សរុបចំនួន១៥ទីតាំង ដោយបានរកឃើញថាមានដេប៉ូប្រេងឥន្ធនៈ ចំនួន ២ទីតាំង ពុំមានអនុលោមភាពផ្នែកបរិមាណ និងបានទទួលរងនូវការពិន័យអន្តរការណ៍ពីមន្ត្រីជំនាញ ក៏ដូចជាធ្វើកិច្ចសន្យាកែតម្រូវផងដែរ។

ដោយឡែកនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មន្ត្រីយើងបានចុះអង្កេត និងតាមដានតម្លៃប្រេងឥន្ធនៈនៅតាមស្ថានីយ ដេប៉ូ បានចំនួន ៦ទីតាំង ក្នុងខណ្ឌទួលគោក និងខណ្ឌមានជ័យ ដែលពុំមានស្ថានីយ ដេប៉ូណាដាក់លក់លើសតម្លៃ កំណត់ដោយក្រសួងពាណិជ្ជកម្មនោះទេ៕

អត្ថបទដែលជាប់ទាក់ទង