ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន នឹងមិនព្យាយាមធ្វើឱ្យប៉ះពាល់ ដល់ការដឹកនាំរបស់នាយករដ្ឋមន្រ្ដី ឬគណៈរដ្ឋមន្រ្ដីថ្មី ប៉ុន្ដែបើនាយករដ្ឋមន្រ្ដី និងរដ្ឋមន្រ្ដី ធ្វើខុសពីគោលការណ៍គណបក្សប្រជាជនកម្ពុជា នឹងត្រូវអញ្ជើញមកប្រជុំដោះស្រាយភ្លាម

83

 

កណ្តាល ៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីថា សម្ដេចនឹងមិនព្យាយាមធ្វើឱ្យប៉ះពាល់ដល់ការដឹកនាំរបស់នាយករដ្ឋមន្រ្ដី ឬគណៈរដ្ឋមន្រ្ដីថ្មី នៅពេលឡើងកាន់អំណាចនោះទេ។ ប៉ុន្ដែបើនាយករដ្ឋមន្រ្ដី និងរដ្ឋមន្រ្ដីធ្វើខុសពីគោលការណ៍គណបក្សប្រជាជនកម្ពុជានោះ នឹងត្រូវអញ្ជើញមកប្រជុំដោះស្រាយភ្លាម។

នៅព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ នេះ សម្តេច​អគ្គមហាសេនាបតីតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់​ផ្លូវ​ក្រវាត់ក្រុងទី៣ (រង្វង់មូលមហាវិថីឈ្នះឈ្នះ-ផ្លូវជាតិលេខ១) និងផ្លូវខ្នែង។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣នេះ អាចជាពេលវេលាចុងក្រោយ ដែលសម្ដេចថ្លែងជាសាធារណៈ ក្នុងតំណែងជានាយករដ្ឋមន្រ្ដី នៃកម្ពុជា ព្រោះបន្ទាប់ទៅ កម្មវិធីក្រោយៗទៀតនឹងត្រូវមាននាយករដ្ឋមន្ត្រីថ្មីត្រូវមកជំនួសគឺឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត។

សម្តេចតេជោបានមានប្រសាសន៍ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបានចេញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ដ៏ច្រើន ដែលមានចំនួន៨៤,៥៨ភាគរយ ដែលចំនួនច្រើនជាងការបោះឆ្នោតនាពេលកន្លងមក។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៅកាន់ប្រជាពលរដ្ឋថា ការចាកចេញពីតំណែងនាយករដ្ឋមន្រ្ដីរបស់សម្ដេចនាពេលខាងមុខ គឺថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ខាងមុខនេះ គឺមិនមែនជាការចាកចេញដោយរត់ចោលស្រុកនោះទេ សម្ដេចនៅតែបន្តនៅជាមួយប្រជាជនកម្ពុជាជារៀងរហូត។

ពាក់ព័ន្ធនឹងការបោះឆ្នោតកន្លងទៅថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផែនការបំផុសបំផុលប្រជាពលរដ្ឋឱ្យគូសសន្លឹកឆ្នោតចោល គឺមានគណបក្សនយោបាយមួយ មានជាប់ពាក់ព័ន្ធលើផែនការនេះ ដោយអ្នកដែលប្រព្រឹត្តិកំហុសទាំងនោះ បានចេញមកសារភាពជាបន្តបន្ទាប់។ សម្តេចតេជោបន្តថា ការបោះឆ្នោតនៅកម្ពុជានៅក្នុងអាណត្តិទី៧ ឆ្នាំ២០២៣នេះ គឺបានបង្ហាញពីជោគជ័យ នៃលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា តាមរយៈការចេញទៅបោះឆ្នោតរបស់ប្រជាពលរដ្ឋដ៏ច្រើនលើសលុប។ ការចាកចេញរបស់សម្តេចពីតំណែងនាយករដ្ឋមន្ត្រី គឺជាការលះបង់ដ៏ធំធេង ដើម្បីធានានិរន្តរភាព នៃសុខសន្តិភាព និងការអភិវឌ្ឍរយៈពេលវែង នៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានប្រសាសន៍ថា ការផ្ទេរអំណាចដល់អ្នកបន្តវេននាពេលនេះ គឺជាពេលវេលាដ៏ល្អបំផុត ដើម្បីធានានិរន្តរភាព និងស្ថិរភាពនយោបាយនៅកម្ពុជា គឺវាល្អជាងផ្ទេរពេលដែលយើងចាស់ ឬមរណភាព។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កន្លងមក គណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា បានដាក់ចេញសេនារីយ៉ូចំនួន២ ដោយសេនារីយ៉ូទី១អ្នកចាស់នឹងឡើងកាន់អំណាចរយៈពេល១ ឬ២ឆ្នាំ ចាំផ្ទេរទៅអ្នកបន្តវេន និងសេនារីយ៉ូទី២ ឱ្យអ្នកបន្តវេនឡើងកាន់អំណាចពីដើមអាណត្តិតែម្តង ។ សេនារីយ៉ូទាំង២នេះ គណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា បានជ្រើសយកសេនារីយ៉ូទី២ គឺអនុញ្ញាតឱ្យអ្នកបបន្តវេនឡើងកាន់អំណាងពីដើមអាណត្តិតែម្តង។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ជំនាន់ចាស់មិនទាន់ចាកចេញពីវិស័យនយោបាយរបស់កម្ពុជានោះទេ ខណៈសម្ដេចតេជោ នឹងនៅតែមបន្តធ្វើជាប្រធានគណបក្សប្រជាជនកម្ពុជា ចំណែកមន្រ្ដីចាស់ៗមួយចំនួនទៀត ក៏នឹងបន្តធ្វើការងារលើវិស័យនយោបាយនេះដែរ នៅក្នុងជួរគណបក្សប្រជាជនកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សមាសភាពគណៈរដ្ឋមន្រ្ដីថ្មីបានរៀបចំឡើងតាំងពី ចុងខែធ្នូ ឆ្នាំ ២០២៣ឯណោះ ដែលនេះគឺជាផែនការច្បាស់លាស់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំរាជរដ្ឋាភិបាល និងប្រទេសកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីថា សម្ដេចនឹងមិនព្យាយាមធ្វើឱ្យប៉ះពាល់ដល់ការដឹកនាំរបស់នាយករដ្ឋមន្រ្ដី ឬគណៈរដ្ឋមន្រ្ដីថ្មី នៅពេលឡើងកាន់អំណាចនោះទេ។ ប៉ុន្ដែបើនាយករដ្ឋមន្រ្ដី និងរដ្ឋមន្រ្ដីធ្វើខុសពីគោលការណ៍គណបក្សប្រជាជនកម្ពុជានោះ នឹងត្រូវអញ្ជើញមកប្រជុំដោះស្រាយភ្លាម។ សម្តេចតេជោ បានថ្លែងសារទៅកាន់មន្រ្ដីនយោបាយទាំងឡាយថា ការដោះស្រាយគណៈរដ្ឋមន្រ្ដីថ្មីនៅក្នុងអាណត្តិទី៧នេះ គឺដោះស្រាយតែតំណែងនាយករដ្ឋមន្រ្ដី ឧបនាយករដ្ឋមន្រ្ដី និងរដ្ឋមន្រ្ដីប៉ុណ្ណោះ មិនមានការប៉ះពាល់ដល់មន្រ្ដីនយោបាយផ្សេងនោះទេ៕

អត្ថបទដែលជាប់ទាក់ទង