ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមកើត រិទ្ធ ចេញលិខិតជម្រាបមកឯកឧត្ដម លាវ ស្រេង អំពីសំណើសុំអន្តរាគមន៍ទៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកណ្តាល ឱ្យឃាត់ខ្លួនជនសង្ស័យ ក្នុងសំណុំរឿងព្រហ្មទណ្ឌ គ្រោះថ្នាក់ចរាចរណ៍

357

 

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ២០២៣ ឯកឧត្តមកើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានចេញលិខិតមួយច្បាប់ដោយបានជម្រាបមក ឯកឧត្ដម លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល
កម្មវត្ថុ ៖ អំពីសំណើសុំអន្តរាគមន៍ទៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកណ្តាល ឱ្យឃាត់ខ្លួន ជនសង្ស័យក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ១៦៨៤ អក ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ របស់ អយ្យការអមសាលាដំបូងខេត្តកណ្តាល។
យោង- ពាក្យសុំអន្តរាគមន៍ ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ របស់ឈ្មោះ វ៉ែន ខុន និងឈ្មោះ ផន អៀន។

តបតាមកម្មវត្ថុ និងយោងខាងលើ ឯកឧត្តមកើត រិទ្ធ បានជម្រាប ឯកឧត្តមព្រះរាជអាជ្ញា ជ្រាបថា ក្រសួងយុត្តិធម៌ បានទទួលពាក្យសុំអន្តរាគមន៍របស់ឈ្មោះ វ៉ែន ខុន និងឈ្មោះ ផន អៀន ដែលមានខ្លឹមសារដូចក្នុងកម្មវត្ថុខាងលើ។ នៅក្នុងពាក្យសុំអន្តរាគមន៍ និងឯកសារពាក់ព័ន្ធបានបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ២៥-២៦ ស្ថិតនៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល បង្កឡើងដោយរថយន្តកុងទីន័រមួយគ្រឿងបើកបរដោយឈ្មោះ ហង្សគុជសារ និងបានបណ្តាលឱ្យអ្នកបើកបរម៉ូតូម្នាក់ឈ្មោះ ស៊ន កុសល់ និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះ ម៉ុន សុខា បាន ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ហើយអ្នករួមដំណើរម្នាក់ទៀតរងរបួសស្រាល។ ក្រោយពីបានសាកសួរជនបង្ក និងអ្នករួមដំណើរដែលរងរបួសរួចហើយ សមត្ថកិច្ចបានដោះលែងជនបង្កនោះ និងប្រគល់កន្ទុយកុងទីន័រទៅឱ្យម្ចាស់ ដើមវិញ។ ម្ចាស់ពាក្យសុំអន្តរាគមន៍ដែលជាសាច់ញាតិ ជនរងគ្រោះបានលើកឡើងថា អ្នកបើកបររថយន្តកុងទីន័របង្ក ហេតុបានប្រើប្រាស់បណ្ណបើកបរប្រភេទ ឃ២(D2) ដែលពុំមែនជាប្រភេទបណ្ណបើកបរសម្រាប់រថយន្តសណ្តោងរ៉ឺម៉ក ឡើយ។
ម្ចាស់ពាក្យសុំអន្តរាគមន៍បានអះអាងបន្ថែមទៀតថា បច្ចុប្បន្នសំណុំរឿងនេះកំពុងស្ថិតនៅក្នុងចំណាត់ការ របស់អយ្យការអមសាលាដំបូងខេត្តកណ្តាល ដែលមានសំណុំរឿងព្រហ្មទណ្ឌលេខ ១៦៨៤អក ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ហើយកន្លងមកតំណាងអយ្យការ ធ្លាប់បានចុះមកពិនិត្យទីតាំងម្តង ដោយកោះហៅភាគីពាក់ព័ន្ធ និងជនបង្ក មកសាកសួរ ប៉ុន្តែពុំបានឃាត់ខ្លួនឡើយ។
អាស្រ័យហេតុនេះ ក្រសួងសូមចាត់បញ្ជូនពាក្យសុំអន្តរាគមន៍ និងឯកសារពាក់ព័ន្ធជូន ឯកឧត្តម ព្រះរាជអាជ្ញា ពិនិត្យ និងចាត់ការបន្តតាមនីតិវិធីច្បាប់ជាធរមាន៕

អត្ថបទដែលជាប់ទាក់ទង