នគរបាលខេត្ដកែប បញ្ជូនជនសង្ស័យម្នាក់ ទៅដាក់ពន្ធនាគារឃុំខ្លួន ពាក់ព័ន្ធករណីចាក់ទៅលើគូរកំណាន់របស់ខ្លួន
ខេត្តកែប ៖ ស្នងការដ្ឋាននគរបាលខេត្តកែប បានឲ្យដឹងថា នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ ជនសង្ស័យពាក់ព័ន្ធករណីប៉ុនប៉ងឃាតកម្មគិតទុកជាមុន ដោយយកកាំបិតចុងស្រួចចាក់ទៅលើគូរកំណាន់របស់ខ្លួន កាលពីថ្ងៃទី០១ សីហា ២០២៣ ម៉ោង៧:៣០នាទីយប់ នៅភូមិកែប សង្កាត់កែប ក្រុង-ខេត្តកែប ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្ដកែប បញ្ជូនទៅដាក់ពន្ធនាគារ តាមការសម្រេចឱ្យឃុំខ្លួនរបស់អយ្យការអមសាលាដំបូងខេត្ត។
ករណីប៉ុនប៉ងមនុស្សដោយចេតនាមានស្ថានទម្ងន់ទោស កើតឡើងនៅភូមិភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប
កាលថ្ងៃទី០១ ខែសីហាឆ្នាំ២០២៣ វេលាម៉ោង៧និង៣០នាទីយប់ក្រោយពីពីទទួលបានពត៌មានខាងលើ កម្លាំងជំនាញព្រហ្មទណកម្រិតធ្ងន់ បានចុះទៅដល់កន្លែងកើតហេតុចំណុចទល់មុខផែចាស់លើកំណាត់ផ្លូវខេត្តលេខ៣៣Aស្ថិត នៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។
ជនសង្ស័យឈ្មោះ ម៉ៅ ពិសី ភេទប្រុស អាយុ ៣៧ ឆ្នាំមុខរបរ លាងម៉ូតូរស់នៅភូមិព្រែក សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ភ្នំពេញ បានបើកម៉ូតូតាមពីក្រោយរួចដកកាំបិតចុងស្រួចចាក់ទៅលើជនរងគ្រោះជាគូរកំណាន់ចិត្ត ឈ្មោះខៀវ ផាន់ណា ភេទស្រី អាយុ៣៤ឆ្នាំមុខរបរកសិករ រស់នៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។
ក្រោយកើតហេតុជនសង្ស័យបានបើកម៉ូតូចូលមកស្នងការដ្ឋាននគរបាលខេត្តកែប ដោយខ្លួនឯង ដើម្បីឆ្លើយសារភាពជូនសមត្ថកិច្ចថា នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១រសៀល ខ្លួនបានបើកម៉ូតូចេញពីផ្ទះម្នាក់ឯង មកដល់ផ្សារបឹងត្របែក ក៏ចូលទិញកូនកាំបិតមុខស្រួចមួយដើម ក្នុងគោលបំណងយកមកចាក់គូរកំណាន់ចិត្តឲ្យស្លាប់ ពេលទិញរួចខ្លួនក៏បើកម៉ូតូមកដល់កែប វេលាម៉ោ៥ជាងល្ងាច ហើយក៏ចូលផឹកកាហ្វេ នៅការ៉ាសសាំងតូតាល់ទល់មុខមន្ទីរពេទ្យបង្អែកខេត្តកែប រហូតដល់ម៉ោង៦ជាងយប់ ខ្លួនក៏បានបើកម៉ូតូចេញទៅឃ្លាំមើលគូរកំណាន់ចិត្តរបស់ខ្លួន ចេញពីផ្ទះនៅពីខាងកើតសាលាសង្កាត់កែប ចំងាយប្រហែល៥០ម៉ែត្រ ចាំរហូតដល់ម៉ោង៧និង២០នាទីយប់ ខ្លួនក៏បានឃើញគូរកំណាន់ចិត្តបើកម៉ូតូចេញពីផ្ទះម្នាក់ឯងខ្លួន ក៏បានបើកម៉ូតូតាមពីក្រោយរហូតដល់ចំណុចកើតហេតុខាងលើ ក៏ដកកូនកាំបិតមុខស្រួចចាក់ត្រូវ ចំពីក្រោយខាងឆ្វេង មួយកាំបិតបណ្ដាលឲ្យរងរបួសធ្ងន់។ ជនរងគ្រោះខាងលើត្រូវបានសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តកំពត និងបន្តសង្គ្រោះដល់ទីក្រុងភ្នំពេញ៕