ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកតំណាងរាស្រ្ដ កំពង់ស្ពឺ នាំយកអំណោយមនុស្សធម៏ ចែកជូនកម្មករ កម្មការិនី៧៦នាក់ ដែលគ្រោះថ្នាក់ចរាចរណ៏នៅសំរោងទង

85

 

កំពង់ស្ពឺ៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃអាទិត្យ ៥រោច ខែទុតិយាសា ឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ ចែកជូនដល់កម្មករ កម្មការិនីចំនួន៧៦នាក់ រងគ្រោះធ្ងន់ស្រាល ដែលជួបឧបទ្ទវហេតុក្រឡាប់រថយន្ត នៅចំណុចភូមិទ្រា ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ក្នុងឱកាសនោះ លោក ហ៊ុន ម៉ានី បានមានប្រសាសន៍ថា គ្រោះថ្នាក់ពិតជាមើលមិនឃើញនោះទេ ការធ្វេសប្រហែសតែមួយវិនាទី គឺបណ្តាលឱ្យយើងជួបគ្រោះថ្នាក់ភ្លាម។ ខ្ញុំមានការសោកស្តាយ ដែលបានទទួលដំណឹង ពីគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្តដឹកកម្មករ ដែលបានកើតឡើងនឹកស្មានមិនដល់។

លោក បាននាំយកនូវការផ្ដាំផ្ញើ សាកសួរសុខទុក្ខរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនកម្មករ កម្មការិនី ដែលបានជួបគ្រោះថ្នាក់ជាយ ថាហេតុទាំងអស់ ហើយសម្តេចកិតិព្រឹទ្ធបណ្ឌិត ជានិច្ចកាលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋជួបគ្រោះថ្នាក់ផ្សេងៗជាប្រចាំ។ ជាងនេះសម្តេចបានដាស់តឿនចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។
កម្មករ កម្មការិនីរងរបួស ទទួលបានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ និងទទួលបានការសម្រាកព្យាបាលដោយមិនអស់ប្រាក់ ដោយ ប.ស.ស. ជាអ្នកចេញថ្លៃព្យាបាលទាំងអស់។ ក្នុងនោះ ចំពោះកម្មករ-កម្មការិនី ដែលរងរបួសធ្ងន់ម្នាក់ទទួលបាន ឃីត១កញ្ចប់ (សារុង១  ក្រមា១ មុង១ ភួយ១) និងថវិកា១០ម៉ឺនរៀល ខណៈអ្នករបួសស្រាល ទទួលបានឃីត១កញ្ចប់ (សារុង១ ក្រមា១ មុង១ ភួយ១) និងថវិកា ៥ម៉ឺនរៀល។

សូមបញ្ជាក់ថា រថយន្ដដឹកកម្មករមួយគ្រឿងក្រឡាប់ធ្លាក់ផ្លូវ នៅព្រឹកព្រលឹមថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ ចំណុចភូមិទ្រា ឃុំព្នាយ ស្រុកសំរោងទង បណ្ដាលឱ្យមនុស្សជាង៦០នាក់រងរបួស។ របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា រថយន្ដដឹកកម្មករនេះ អ្នកបើកបរឈ្មោះគាទីណា អាយុ២៤ ឆ្នាំ រស់នៅភូមិកណ្ដក់ ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ (រត់គេចខ្លួន)។

សមត្ថកិច្ចបានបញ្ជាក់ថា រថយន្ដនេះដឹកកម្មករ-កម្មការិនី សរុបប្រហែលជាង៧០នាក់ បើកបរទិសដៅពីជើងទៅត្បូង ដល់ចំណុចផ្លូវកោងកើតហេតុខាងលើ បានបត់ទៅកើតបណ្ដាលឱ្យរេចង្កូតក្រឡាប់ធ្លាក់ស្រែ។ ករណីនេះ បណ្តាលឱ្យរងរបួសមនុស្សប្រមាណជាង៦០នាក់ ស្រី៥៤ នាក់នាក់ ក្នុងនោះរបួសធ្ងន់១០នាក់ និងរបួសស្រា ល៥០នាក់ ហើយបានបញ្ជូនទៅនៅមន្ទីរពេទ្យដែលនៅជិតកន្លែងកើតហេតុ ដើម្បីសង្គ្រោះបន្ទាន់ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង