អាជ្ញាធររាជធានី នឹងធ្វើតេស្ត កំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ចុះបញ្ជីបុគ្គលបម្រើការងារក្នុងវិស័យសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានជីវភាពក្រលំបាក
ភ្នំពេញ៖ នៅថ្ងៃទី១១និង១២ខែសីហាខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការសហការជាមួយនឹងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតនឹងធ្វើតេស្ត កំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ចុះបញ្ជីបុគ្គលបម្រើការងារក្នុងវិស័យសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានជីវភាពក្រលំបាក ជាមួយនឹងការធ្វើតេសរកមេរោគអេដស៍ ដោយការស្ម័គ្រចិត្តផងដែរ មុននៃការធ្វើតេស្តផ្តល់បណ្ណសមធម៌ជូនពួកគាត់ ដែលពិធីនេះគ្រោងនឹងធ្វើឡើងនៅវត្តភ្នំ។
នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកផែនការ នៃក្រសួងផែនការ ខណៈលោកនិងលោក អ៊ីមរ៉ន ហាស្សាន់ តំណាងឲ្យឯកឧត្តមឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការបន្តអនុវត្តនីតិវិធីការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ និងជំរុញការចុះបញ្ជីបុគ្គលបម្រើការងារ ក្នុងវិស័យសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានការលំបាកផ្នែកជីវភាព ដើម្បីដាក់ពាក្យស្នើសុំប័ណ្ណសមធម៌ នាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ។
លោក ថេង បញ្ញាធន បានមានប្រសាសន៍លើកឡើងថា នៅថ្ងៃទី១១ និងទី១២ខែសីហាខាងមុខនេះ យើងនឹងធ្វើពិធីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ដែលជាបុគ្គលិកបម្រើការងារក្នុងវិស័យសេវាកម្ម ទេសចរណ៍ សេដ្ឋកិច្ចក្រៅប្រព័ន្ធដែលមានការលំបាកក្នុងជីវភាពគ្រួសារ ដើម្បីទទួលបាននូវប័ណ្ណសមធម៌ ដោយយើងនឹងប្រារព្ធធ្វើឡើងនៅរមណីយដ្ឋានវត្តភ្នំ ដោយជ្រើសរើសយកពីសង្កាត់ចំនួន២ គឺសង្កាត់វត្តភ្នំ និងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
ក្នុងពិធីនោះក្រមការងារនឹងធ្វើតេស្តរកជម្ងឺអេដស៍ ដោយការស្ម័ក្រចិត្ត ហើយបើពួកគាត់មានជំងឺអេដស៍ ក្រុមការងារនឹងផ្ដល់បណ្ណសមធម៌ឲ្យពួកគាត់តែម្ដង ។ ដោយឡែកចំពោះអ្នកដែលមិនមានជំងឺអេដស៍ទេ ក្រុមការងារនឹងធ្វើការពិនិត្យលទ្ធភាពនៃការផ្ដល់បណ្ណសមធម៌ ឲ្យពួកគាត់ទៅតាមការវិនិច្ឆ័យ។
លោក អ៊ីមរ៉ន ហាស្សាន់ ក៏បានបញ្ជាក់ផងដែរថា នៅរាជធានីភ្នំពេញ មានប្រជាពលរដ្ឋក្រីក្រប្រមាណជាង៣ម៉ឺននាក់ ក្នុងនោះ ក្រប្រភេទ១ មានចំនួនជាង១ម៉ឺននាក់ និងក្រប្រភេទ២ មានប្រមាណជាង២ម៉ឺននាក់ ហើយនៅក្នុងខែសីហាខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយនឹងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត នឹងធ្វើធ្វើតេស្តរកជំងឺអេដស៍ ដោយការស្ម័គ្រចិត្តជាមួយនឹងការធ្វើតេស្ត ដើម្បីផ្ដល់នូវប័ណ្ណសមធម៌ទៅឲ្យប្រជាពលរដ្ឋក្រីក្រ ដែលគ្រោងនឹងធ្វើឡើងនៅរមណីយដ្ឋានវត្តភ្នំ ហើយចំពោះកិច្ចការងារខាងលើនេះ គឺបានទទួលការឯកភាពពីឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញរួចហើយ៕