ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម្ចាស់អាជីវកម្ម ទូកចម្លង ទីតាំងរមណីយដ្ឋាននៅស្រុកទឹកឈូ ត្រូវណែនាំភ្ញៀវទេសចរណ៍ទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់អំពីគ្រោះថ្នាក់ នៅពេលទឹកឡើង ពិសេសនៅពេលមានភ្លៀងធ្លាក់ ទឹកហូរ តាមជ្រោះ ជ្រលងភ្នំ អូរ ព្រែក នារដូវវស្សា

34

 

កំពត ៖ រដ្ឋបាលស្រុកទឹកឈូ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹងជម្រាបជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋ ដែលប្រកប អាជីវកម្មនៅតាម មាត់ទឹក មាត់ជ្រោះ អូរ ព្រែក ទាំងអស់ឲ្យបានជ្រាបថា ៖ កន្លងមក រដ្ឋបាលស្រុកទឹកឈូ បានពិនិត្យឃើញថា មានបងប្អូនដែលជាភ្ញៀវទេសចរណ៍ ជាតិ និងអន្តរជាតិ បានមកទស្សនា និងលេងកម្សាន្ត ព្រមទាំងបានបោះតង់ស្នាក់នៅ តំបន់រមណីយដ្ឋានទេសចរណ៍ ក្នុងស្រុកទឹកឈូ រួមមានតំបន់ទេសចរណ៍ ទឹកឈូ ជ្រោះឪម៉ាល់ ទឹកជ្រោះតាដា ដូងទេរ ទំនប់ប្រទ័ក្សក្រឡា ជាដើម ។
ដើម្បីបង្ការ ទប់ស្កាត់ គ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ បណ្ដាលមកពីអាកាសធាតុ ដូចជាខ្យល់កន្ត្រាក់ ជំនន់ទឹកភ្លៀង ជំនន់ ទឹកព្រែក រដ្ឋបាលស្រុកទឹកឈូ សូមធ្វើការណែនាំ ដល់ម្ចាស់អាជីវកម្ម ទូកចម្លង ទីតាំងរមណីយដ្ឋាន ទាំងអស់ដូចខាងក្រោម៖

១. អ្នកដំណើរត្រូវពាក់អាវពោងសុវត្ថិភាពជានិច្ច នៅពេលជិះទូកចម្លងពីកន្លែងមួយទៅកន្លែងមួយ

២. ត្រូវរៀបចំទីតាំង ដែលមានសុវត្ថិភាពឲ្យអ្នកបោះតង់ និងរាយការណ៍ជូនអាជ្ញាធរមាន សមត្ថកិច្ចពាក់ព័ន្ធ

៣. ត្រូវណែនាំភ្ញៀវទេសចរណ៍ទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់អំពីគ្រោះថ្នាក់ នៅពេលទឹកឡើង ពិសេសនៅពេលមានភ្លៀងធ្លាក់ ទឹកហូរ តាមជ្រោះ ជ្រលងភ្នំ អូរ ព្រែក នារដូវវស្សា

៤. ត្រូវសម្អាតអនាម័យបរិស្ថានឲ្យបានស្អាតជានិច្ចនៅកន្លែងកម្សាន្តទាំងអស់ ។

បើតាមរដ្ឋបាលស្រុកទឹកឈូ សូមបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់អាជីវកម្ម ទូកចម្លង ម្ចាស់ទីតាំងរមណីយដ្ឋាន ព្រមទាំងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ទាំងអស់មេត្តាជ្រាបជាព័ត៌មាន និង ចូលរួមអនុវត្តន៍ឲ្យមានប្រសិទ្ធភាពខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង