អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៤នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីកាប់ប្លន់យកម៉ូតូ
បន្ទាយមានជ័យ ÷ កាលពីវេលាម៉ោង២២និង០០នាទីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោក វរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានអាវុធហត្ថក្រុង បានស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ករណីលួច (មានស្ថានទម្ងន់ទោស) ដែលប្រព្រឹត្តកាលពីវេលាម៉ោង០១និង៣០នាទី រំលងអាធ្រាតឈានចូលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ នៅចំណុចមុខហាងស៊ុប ស្មងគោ ស្ថិតក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ករណីនេះធ្វើឡើងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ហាង សុផាន់ណា ភេទស្រី អាយុ១៧ឆ្នាំ មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្ន ភូមិពន្លៃ ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ ១.ឈ្មោះ ឈឿត សម្បត្តិ (ទៀ) ភេទប្រុស អាយុ១៧ឆ្នាំជនជាតិខ្មែរ, ២.ឈ្មោះ សំណាង អាណាន់ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ, ៣.ឈ្មោះ នូ ណាវីន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ, ៤.ឈ្មោះ មល់ ដេវីត ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ។ ជនសង្ស័យទាំង៤នាក់ បច្ចុប្បន្នរស់នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ វត្ថុតាងចាប់បានរួមមាន ម៉ូតូចំនួន៣គ្រឿង (មួយគ្រឿងជារបស់ជនរងគ្រោះ បានប្រគល់ជូនម្ចាស់ដើមវិញ), កាំបិតកែច្នៃ ប្រវែង៥០សង់ទីម៉ែត្រ ចំនួន០១ដើម, កាំបិតផ្គាក់ដងឈើ ប្រវែង២៤សង់ទីម៉ែត្រ ចំនួន០១ដើម, ពូថៅដងឈើប្រវែង ១២សង់ទីម៉ែត្រ ចំនួន០១ដើម, បំពង់ទីបដែកពណ៌ស (ដងឆ័ត្រ) ប្រវែង០១ម៉ែត្រ ចំនួន០១ដើម។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បន្តថា កាលពីនៅវេលាម៉ោងប្រហែល០៩ និង៣០នាទីយប់ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ ជនរងគ្រោះរួមនិងមិត្តភត្តិ ចំនួន០៧នាក់ បាននាំគ្នាជិះម៉ូតូ០៣គ្រឿង ចេញពីភ្នំស្រុក ជិះទៅក្រុងសិរីសោភ័ណ ដើម្បីទៅកម្មពិធីខួបកំណើតអ្នកភូមិទៅរៀនជាមួយគ្នា នៅក្រុងសិរីសោភ័ណ ពេលចប់កម្មពិធី រហូតដល់ម៉ោង០១ និង៣០នាទី រំលងអាធ្រាត ចូលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ ជនរងគ្រោះ និងមិត្តភក្កិ បាននាំគ្នាជិះម៉ូតូត្រឡប់ទៅស្រុកភ្នំស្រុកវិញ ខណៈជិះដល់ចំណុចហាងលក់ស៊ុបស្នងគោ ស្ថិតក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ស្រាប់តែមានក្មេងស្ទាវ០១ក្រុម ពុំដែលស្គាល់ មានគ្នាប្រហែល០៨នាក់ ជិះម៉ូតូ០៣គ្រឿង មានកាន់កាំបិត ជិះបញ្ច្រាស់ទិសគ្នាត្រលប់ក្រោយ បានជិះម៉ូតូតាមកាប់ ពេលនោះខ្លួនផ្តួលម៉ូតូ ដេីម្បីគេចខ្លួន ក្រោយមកក៏បានត្រឡប់ទៅយកម៉ូតូស្រាប់តែបាត់ម៉ូតូ ក៏បានទៅដាក់ពាក្យបណ្តឹងនៅកងរាជអាវុធហត្ថក្រុងសិរីសោភ័ណតែម្ដង។
ពេលទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានសហការជាមួយការិយាល័យព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវ ចុះដល់កន្លែងកើតហេតុ និងពិនិត្យកាមេរ៉ាសុវត្ថិភាពជុំវិញកន្លែងកើតហេតុ រហូតកំណត់បាននូវមុខសញ្ញា និងបានពិនិត្យឃើញថា ជនសង្ស័យមានគ្នាប្រហែល១០នាក់ កម្លាំងបន្តស្រាវជ្រាវរហូតឈានដល់ឃាត់ជនសង្ស័យចំនួន៤នាក់ ដោយឡែកបក្ខពួកមួយចំនួនបាត់រត់គេចខ្លួន។ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ ត្រូវបាននាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំតាមនីតិវិធី។
ក្រោយឃាត់ខ្លួន និងសួរចម្លើយជនសង្ស័យបានសារភាពថា ក្រុមពួកខ្លួនពិតជាបានធ្វើសកម្មភាពដេញកាប់ និងយកម៉ូតូជនរងគ្រោះពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។
បច្ចុប្បន្នជន សង្ស័យទាំង៤នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០២៣នេះ អនុវត្តតាមនីតិវិធី៕