អាល្លឺម៉ង់ ផ្តល់ហិរញ្ញប្បទានឥតសំណង បោសសម្អាតផ្ទៃដីបញ្ហាគ្រាប់មីន នៅបណ្តាស្រុកនៃខេត្តស្ថិតនៅជាប់ព្រំដែនកម្ពុជា-ថៃ
ភ្នំពេញ ៖ នៅថ្ងៃសុក្រទី១១ ខែសីហា ឆ្នាំ២០២៣ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់ និងលោក Rune Dale Andresen ប្រធានអង្គការNPAប្រចាំកម្ពុជា បានចុះហត្ថលខាលើកិច្ចសហប្រតិបត្តិការរវាង អង្គការNPA និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា លើ”គម្រោងបោសសម្អាតមីនមនុស្សធម៌”នៅកម្ពុជាដោយមានហិរញ្ញប្បទានសរុបចំនួន ២.១០០.០០០ដុល្លារអាម៉េរិក។
ហិរញ្ញប្បទានឥតសំណងនេះ គាំទ្រដោយរដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ ដើម្បីគាំទ្រអង្គការNPAនិងអង្គភាពស៊ីម៉ាក់សហការគ្នាក្នុងកិច្ចប្រតិបត្តិការ។ ដោយអង្គភាពស៊ីម៉ាក់ ជាអ្នកអនុវត្តការងារបោសសម្អាតមីន ហើយគម្រោងនេះមានរយៈពេល១៦ខែ ដែលត្រូវបោសសម្អាតផ្ទៃដីបញ្ហាគ្រាប់មីនទំហំចំនួន១.៦០០ហិចតា ស្ថិតនៅបណ្តាស្រុកនៃខេត្តស្ថិតនៅជាប់ព្រំដែនកម្ពុជា-ថៃ គឺខេត្តបន្ទាយមានជ័យ ឧត្តមានជ័យ និងព្រះវិហារ ដើម្បីឆ្លើយតបតាមគោលនយោបាយរាជរដ្ឋាភិបាល “ កម្ពុជាគ្មានមីន ឆ្នាំ២០២៥” ។ គម្រោងនេះក៏នឹងផ្តល់ការគាំទ្រដល់ការងារអប់រំកាត់បន្ថយគ្រោះថ្នាក់មីន និងជួយជនរងគ្រោះដោយសារមីន ក៏ដូចជាការងារហ្វឹកហ្វឺនផងដែរ ៕