ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទំនាក់ទំនងការទូត ដែលបានបង្កើតជាមិត្តភាពដែកថែប ប្រទេសចិន បានក្លាយជាដៃគូពាណិជ្ជកម្ម ប្រភពទុនវិនិយោគ និងទេសចរធំជាងគេ របស់កម្ពុជា

48

 

ភ្នំពេញ៖ ឯកឧត្តម សុខ ចិន្តាសោភា បានថ្លែងថា ទំនាក់ទំនងការទូតដែលបានបង្កើតជាមិត្តភាពដែកថែបនេះត្រូវបានឆ្លុះបញ្ចាំងតាមរយៈ ទំនាក់ទំនងសេដ្ឋកិច្ចយ៉ាងរឹងមាំ ដោយប្រទេសចិនបានក្លាយជាដៃគូពាណិជ្ជកម្ម ប្រភពទុនវិនិយោគ និងទេសចរធំជាងគេរបស់កម្ពុជា។

នៅរសៀល ថ្ងៃសៅរ៍ ទី១២ ខែសីហា ឆ្នាំ២០២៣ នៅសណ្ឋាគារ រ៉ូសវូដ ភ្នំពេញ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយក រដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ ចិនដឹកនាំដោយ ឯកឧត្តម វ៉ាង យី (Wang Yi) សមាជិកការិយាល័យនយោបាយ ប្រធានការិយាល័យ គណៈកម្មាធិការកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសដែលឯកឧត្តមអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅ ព្រះរាជាណាចក្រកម្ពុជារយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១២-១៣ ខែសីហា ឆ្នាំ២០២៣។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម សុខ ចិន្តាសោភា បានសម្ដែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តចំពោះ ដំណើរទស្សនកិច្ចមកកម្ពុជារបស់ឯកឧត្តម វ៉ាង យី ក្នុងគោលដៅពង្រឹង និងពង្រីកបន្ថែមនូវទំនាក់ ទំនង និងកិច្ចសហប្រតិបត្តិការដើម្បីទាញយកផលប្រយោជន៍ទៅវិញទៅមកជាអតិបរមាសម្រាប់ប្រជា ជននៃប្រទេសទាំងពីរ។ ឯកឧត្តម បានថ្លែងអំណរគុណដល់ឯកឧត្តម វ៉ាង យី និងគណៈប្រតិភូដែល បានអញ្ជើញមកពិភាក្សាការងារដោយផ្ទាល់ ដែលបានផ្តល់ឱកាសដល់ឯកឧត្តមបានជម្រាបជូនអំពីការវិវត្តសំខាន់ៗ នៅកម្ពុជា ពាក់ព័ន្ធនឹងកាលានុវត្តភាពវិនិយោគនៅកម្ពុជា។

ឯកឧត្តមបានលើកឡើងពីទំនាក់ទំនងដ៍ល្អប្រសើររវាងប្រទេសទាំងពីរ ដែលមានតាំងពីយូរ លង់មកហើយនៅជំនាន់មុន ហើយដែលត្រូវបានពង្រឹង និងលើកកម្ពស់ដោយ សម្តេចតជោ នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំចិនជាបន្តបន្ទាប់ រហូតសម្រេចបានកម្រិត “ភាពជាដៃគូយុទ្ធសាស្ត គ្រប់ជ្រុងជ្រោយ នៅឆ្នាំ២០១០។ បន្ថែមពីនេះ រដ្ឋាភិបាលនៃប្រទេសទាំងពីរបានប្រកាសបើក ព្រឹត្តិការណ៍ “ឆ្នាំមិត្តភាព កម្ពុជា-ចិន” ក្នុងឆ្នាំ២០២៣ នេះ ដើម្បីអបអរសាទរខួបលើកទី៦៥ នៃការ បង្កើតទំនាក់ទំនងការទូត និងឆ្នាំមិត្តភាពឆ្ពោះទៅយុគសម័យថ្មី នៃការកសាងសហគមន៍វាសនារួមគ្ន កម្ពុជា-ចិន និងបានឯកភាពបង្កើតក្របខណ្ឌ “កិច្ចសហប្រតិបត្តិការត្បូងពេជ្រ” ក្នុងដំណើរទស្សនកិច្ច ផ្លូវការរបស់ សម្តេចតជោហ៊ុន សែន នៅសាធារណរដ្ឋប្រជាមានិតចិន កាលពីខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅ។ ទំនាក់ទំនងការទូតដែលបានបង្កើតជាមិត្តភាពដែកថែបនេះ ត្រូវបានឆ្លុះបញ្ចាំងតាមរយៈ ទំនាក់ទំនងសេដ្ឋកិច្ចយ៉ាងរឹងមាំ ដោយប្រទេសចិនបានក្លាយជាដៃគូពាណិជ្ជកម្ម ប្រភពទុនវិនិយោគ និងទេសចរធំជាងគេរបស់កម្ពុជា។

ឯកឧត្តម វ៉ាង យី បានអបអរសាទរចំពោះការរីកចម្រើនដ៏ឆាប់រហ័សរបស់កម្ពុជា និងបានវាយ តម្លៃខ្ពស់ចំពោះសមិទ្ធផលការងារទាំងឡាយ ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាន ជាពិសេសគឺការ ទទួលបាននូវការបណ្តាក់ទុនវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់ពីបរទេស។ ឯកឧត្តមក៍បានរំលេចនូវកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំងពីរ កម្ពុជា-ចិន តាមរយៈការប្រើប្រាស់នូវយន្តការសម្របសម្រួល កិច្ចសន្ននាទ្វេភាគី និងការផ្លាស់ប្តូរទស្សនកិច្ចសិក្សា ដែលឆ្លើយតបយ៉ាងវិជ្ជមានទៅនឹងក្របខ័ណ្ឌន ការអនុវត្តគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ ” ។
នាឱកាសនោះ ឯកឧត្តម សុខ ចិន្តាសោភា និងឯកឧត្តម វ៉ាង យី ក៍បានផ្លាស់ប្តូរទស្សនៈ និង ពិភាក្សាលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនទៀត ដែលជាកង្វល់ និងការផ្តល់ផលប្រយោជន៍រួមផង ដែរ។ ជាមួយគ្នានេះ ភាគីទាំងពីរមានជំនឿជឿជាក់ថា ច្បាប់ស្តីពីវិនិយោគថ្មី និងក្របខណ្ឌគតិយុត្ត សម្រាប់អនុវត្តច្បាប់នេះដែលត្រូវបានដាក់ឱ្យប្រើប្រាស់ជាស្ថាពរ ដូចការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងការលើកកម្ពស់ក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ នឹងជំរុញ ឱ្យទំនាក់ទំនងកម្ពុជា-ចិន រឹតតែទទួលបានលទ្ធផលល្អត្រចះត្រចង់បន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង