ក្រុមការងារចុះរុះរើផ្ទាំងផ្សាយពាណិជ្ជកម្មនៅលើផ្លូវជាតិលេខ៥ ដែលសរសេរអក្សរថា “ប្រជាជនថៃពួកយើងមកហើយ “
ក្រុងប៉ោយប៉ែត ៖ ស្លាកសញ្ញាដាក់កាត់ទទឹងផ្លូវនាក្រុងប៉ោយប៉ែត ដែលសរសេរអក្សរថា “ប្រជាជនថៃពួកយើងមកហើយ ” ដែលទទួលរងការរិះគន់ពីមហាជនគ្រប់ទិសទីលើបណ្ដាញសង្គមនោះ ត្រូវបានអាជ្ញាធរក្រុងប៉ោយប៉ែតចុះរុះរើផ្ទាំងផ្សាយពាណិជ្ជកម្មនៅលើផ្លូវជាតិលេខ៥។
រដ្ឋបាលក្រុងប៉ោយប៉ែតបានបញ្ជាក់ថា នៅម៉ោង២រសៀលនេះថ្ងៃទី ១៣ ខែសីហាឆ្នាំ ២០២៣ នេះ អនុវត្តតាមការណែនាំរបស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងអនុវត្តតាមបទបញ្ជារបស់លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានចាត់តាំងក្រុមការងារចុះរុះរើផ្ទាំងផ្សាយពាណិជ្ជកម្មនៅលើផ្លូវជាតិលេខ៥ ទល់មុខការិយាល័យគយនិងរដ្ឋាករប៉ោយប៉ែត រួចរាល់ហើយ បន្ទាប់ពីផ្ទុះនូវការមិនពេញចិត្តពីសំណាក់បងប្អូនប្រជាពលរដ្ឋយ៉ាងច្រើន។
រដ្ឋបាលក្រុងសូមបញ្ជាក់ថា ការដាក់ស្លាកផ្សាយពាណិជ្ជកម្មនេះ ពុំមានច្បាប់អនុញ្ញាតិ ឬស្នើសុំពីអាជ្ញាធរមានសមត្ថកិច្ចណាមួយឡើយ ។ រដ្ឋបាលក្រុង សូមទទួលយករាល់មតិរិះគន់ដើម្បីស្ថាបនា ពីសំណាក់បងប្អូនប្រជាពលរដ្ឋទាំងអស់៕