លោកឃួង ស្រេង បានណែនាំដល់កងកម្លាំងនិងអាជ្ញាធរ ពង្រឹងការងារ ការពារសន្តិសុខសណ្ដាប់ធ្នាប់ នៅថ្ងៃទី២១និង២២សីហា ដែលជាថ្ងៃប្រជុំរដ្ឋសភា និងការស្បថ ចូលកាន់តំណែងសម្រាប់រាជរដ្ឋាភិបាលអាណត្តិថ្មី
ភ្នំពេញ៖ ប្រធានគណៈកម្មប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញលោកឃួង ស្រេង បានណែនាំដល់កងកម្លាំងនិងអាជ្ញាធរខណ្ឌទាំង១៤ ពង្រឹងការងារ ការពារសន្តិសុខសណ្ដាប់ធ្នាប់ អនាម័យបរិស្ថានអោយកាន់តែល្អប្រសើរ ពិសេសនៅទីតាំង រដ្ឋសភានិងនៅ
មុខព្រះបរមរាជវាំងនៅថ្ងៃទី២១និង២២សីហាខាងមុខនេះ ដែលជាថ្ងៃប្រជុំសភានិងការស្បថ
ចូលកាន់តំណែងសម្រាប់រាជរដ្ឋាភិបាលអាណត្តិថ្មី។
ការជំរុញបែបនេះបានធ្វើឡើងនារសៀលថ្ងៃទី១៤ សីហា ២០២៣នេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីកងកម្លាំង ចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញនិងអភិបាលខណ្ឌទាំង១៤ ។
ក្នុងកិច្ចប្រជុំនោះ លោក ឃួង ស្រេងបានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ កងកម្លាំងនិងអាជ្ញាធរដែនដីទាំង១៤ខណ្ឌ ដែលបានយកអស់កម្លាំងកាយចិត្តក្នុងកិច្ចការពារ សន្តិសុខ សណ្ដាប់ធ្នាប់ នៅក្នុងពេលបោះឆ្នោតកន្លងមកនេះ បានយ៉ាងល្អ ហើយកិច្ចការនេះ លោក សុំឲ្យកងកម្លាំងក៏ដូចជាអាជ្ញាធរ បន្តការយកចិត្តទុកដាក់បន្ថែមទៀត។
លោកឃួង ស្រេង បានបន្តទៀតថា៖ នៅថ្ងៃទី២១និង២២សីហាខាងមុខនេះ យើងនឹងមានព្រឹត្តិការណ៍ធំៗ២ នោះ គឺការប្រជុំសភានិងការស្បថ
ចូលកាន់តំណែងសម្រាប់រាជរដ្ឋាភិបាលថ្មី។ ដូច្នេះទេ លោកស្នើអោយសមត្ថកិច្ចប៉ូលីសរៀបចំផែនការ ការ
ពារសន្តិសុខឲ្យបានល្អប្រសើរបំផុត។
លោកបញ្ជាក់បានបន្តទៀតថា ក្នុងនាមកងកម្លាំងនិងអាជ្ញាធរ ត្រូវជម្រុញកិច្ចការពារសន្តិសុខ សណ្តាប់ជាមួយនិងការរិត បន្តឹង ការពិនិត្យជាតិអាកុលនៅក្នុងមូលដ្ឋានអោយបានជាប់ជាប្រចាំ។ ជាមួយគ្នានោះ ការបង្ការគ្រោះអគ្គីភ័យ ក៏ជារឿងមួយដែល លោកឃួង ស្រេង ជម្រុញអោយកម្លាំងមានសមត្ថកិច្ចនិងអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ផងដែរ។
លោកឃួង ស្រេង បានបញ្ជាក់ផងដែរថា៖ សម្រាប់ថ្ងៃទី២១ និង២២ សីហា ខាងមុខនេះ អាជ្ញាធរខណ្ឌដែលមានរដ្ឋសភា និងព្រះបរមរាជវាំង នៅក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវតែរៀបចំ សណ្ដាប់ធ្នាប់ អនាម័យបរិស្ថានអោយបានល្អជាមួយនឹងការរក្សាអោយបាននូវសន្តិសុខខ្ពស់បំផុត នៅទីតាំងទាំង២នេះ៕