ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក កើត ឆែ ណែនាំអោយមន្ត្រីចំណុះ អោយរដ្ឋបាលរាជធានី ត្រូវមានឥរិយាបទល្អ ជាមួយនិងបំរើសេវាជូនពលរដ្ឋអោយកាន់តែល្អ និងទាន់ពេលវេលា

55

ភ្នំពេញ ៖ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ លោក កើត ឆែ បានណែនាំអោយមន្ត្រីចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ ត្រូវមានឥរិយាបទល្អ ជាមួយនិងបំរើសេវា ជូនប្រជាពលរដ្ឋអោយកាន់តែល្អ និងទាន់ពេលវេលា សំដៅធ្វើយ៉ាងណាអោយពួកគាត់ជឿទុកចិត្តមកលើមន្ត្រីរបស់យើង។

ការណែនាំបែបនេះបានធ្វើឡើង នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣នេះ ខណៈលោកអញ្ជើញជាតំណាងលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុង «វគ្គបណ្តុះបណ្តាល ស្ដីពីការបណ្ដុះផ្នត់គំនិត និងឥរិយាបថវិជ្ជមានរបស់បុគ្គលិក ក្នុងការបំពេញការងារ» នៅសាលារាជធានីភ្នំពេញ។
លោក កើត ឆែ បានមានប្រសាសន៍លើកឡើងថា៖ វគ្គបណ្តុះបណ្តាលនេះ គឺជាការចែករំលែកអំពីវិធីសាស្ត្រ នៃការបណ្ដុះផ្នត់គំនិតវិជ្ជមាន ក្នុងទីកន្លែងបំពេញការងារ ជូនដល់ បុគ្គលិក-មន្ត្រីរាជការទាំងអស់ ឱ្យខិតខំបំពេញតួនាទី-ភារកិច្ចរបស់ខ្លួន កាន់តែល្អប្រសើរឡើងៗ ស័ក្តិសមជា ប្រតិបត្តិករសេវាសាធារណៈ និងជាមន្ត្រី ពោរពេញដោយគុណសម្បត្តិ ចំនួន៤យ៉ាងនោះគឺ ឆន្ទៈម្ចាស់ការ ភក្តីភាព មនសិការ វិជ្ជាជីវៈ និងវប្បធម៌សេវាសាធារណៈ។
លោកបន្តថា តាមរយៈវគ្គបណ្តុះបណ្តាលនេះរំពឹងថា នឹងទទួលបាននូវធាតុចូលបន្ថែមអំពីវិធីសាស្ត្រ និង របៀបរបបនៃការគ្រប់គ្រងអង្គភាព និងបុគ្គលិក-មន្ត្រីរាជការ ក្រោមឱវាទ សំដៅធ្វើយ៉ាងណាធានា នូវប្រសិទ្ធភាព ការងារផង និងសុខដុមនីយកម្ម ក្នុងអង្គភាពផង។ វគ្គបណ្តុះបណ្តាលនេះ ក៏នឹងរួម ចំណែកផ្តល់ជូនបុគ្គលិក-មន្ត្រីរាជការទាំងអស់ នូវអានុភាព ថាមពល ភាពស្វាហាប់ គំនិតវិជ្ជមាន និងឆន្ទៈខ្ពស់ ក្នុងការបំពេញការងាររបស់ខ្លួន ព្រោះថាបុគ្គលិក-មន្ត្រីរាជការ គឺជាកោសិការបស់ស្ថាប័ន និងទ្រទ្រង់ដង្ហើម ស្ថាប័ន ឱ្យដំណើរការទៅប្រកបដោយចីរភាព ស្ថិរភាព និងនិរន្តរភាព។
លោកន្ថែមថា សា្ថប័នមួយដំណើរការទៅបាន លុះត្រាតែថ្នាក់ដឹកនាំ ជាបុគ្គលដែលមានសមត្ថភាព សុខ
ភាព និងព្រហ្មវិហារធម៌ រីឯបុគ្គលិក ត្រូវជាបុគ្គលដែលមានចំណេះដឹង ជំនាញ ខិតខំតស៊ូ សំភីការងារ និងត្រូវគោរពនូវរាល់អនុសាសន៍ និង ការណែនាំរបស់ថ្នាក់ដឹកនាំ នោះទើបយើងអាចទទួលបាននូវ «សុខដុមនីយកម្ម»។ លោកសូមអោយមន្ត្រីដែលទទួលការផ្តល់សេវា ត្រូវតែមានលក្ខណទន់ភ្លន់ចំពោះប្រជាពលរដ្ឋ នៅពេលដែលពួកគាត់មកទទួលសេវា ហើយការផ្តល់សេវានេះ ត្រូវតែលឿន ដើម្បីអោយពួកគាត់ជឿទុកចិត្តមកលើមន្ត្រីរបស់យើង៕

អត្ថបទដែលជាប់ទាក់ទង