ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កងកម្លាំងពិសេស នៃកងយោធពលខេមរភូមិន្ទប្រមាណ៩២ នាក់ ចេញដំណើរទៅប្រទេសចិន ដើម្បីចូលរួមក្នុងសមយុទ្ធពហុសាសន៍

105

ភ្នំពេញ៖ កងកម្លាំងពិសេស នៃកងយោធពលខេមរភូមិន្ទប្រមាណ៩២ នាក់ ប្រដាប់ដោយសម្ភារៈ បរិក្ខារ យោធា នៅព្រឹកថ្ងៃសៅរ៍ ទី ១១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានចេញដំណើរតាមជើងហោះហើរពិសេសពីព្រលាន
យន្តហោះអន្តរជាតិភ្នំពេញ ទៅកាន់តំបន់ កាវតាន ទីក្រុងស៊ាន់ជាំង ខេត្តក្វាងតុង នៃសាធារណរដ្ឋប្រជាមានិតចិនហើយ ដើម្បីចូលរួមក្នុងសមយុទ្ធពហុសាសន៍រួម ដែលមានឈ្មោះថា “សន្តិភាព មិត្តភាព អាម៉ាន់ យូ យី ២០២៣ ” “AMAN YOUYI 2023” ក្រោមប្រធានបទ “ប្រតិបត្តិការយោធាចម្រុះ លើការប្រឆាំងភេរវកម្ម និងការថែរក្សាសន្តិសុខលម្ហសមុទ្រ” ដែលមាន ៦ ប្រទេសមានរយៈពេលជាង ១០ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ទើបបញ្ចប់ ។

សមយុទ្ធរួមនេះ រៀបចំធ្វើឡើងដោយកងទ័ពរំដោះប្រជាជនចិន និងមានការចូលរួមពីកងកម្លាំងទ័ពពិសេសរបស់ប្រទេសកម្ពុជា ប្រទេសវៀតណាមប្រទេសឡាវ ម៉ាឡេស៊ី ថៃ និងភាគីកងទ័ពរំដោះប្រជាជនចិន ធ្វើជាម្ចាស់ផ្ទះ ហើយក៏មានការចូលរួមសង្កេតការណ៍ពីអ្នកតំណាងអង្គការសហប្រជាជាតិ ផងដែរ ។

ពិធីសំណេះសំណាលនេះបានប្រព្រឹត្តទៅ នាថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ នៅបញ្ជាការដ្ឋានកងពលតូចលេខ៧០ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ តំណាងឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងថា នេះគឺជាមោទនភាព ដ៏ឧត្តុងឧត្តមណាស់ ហើយក៏ជាមុខមាត់ សម្រាប់ប្រជាជនកម្ពុជាផងដែរ។ដែលកងយោធពលខេមរភូមិន្ទយើង ត្រូវបានមិត្តចិន អញ្ជើញឲ្យចូលរួមក្នុងសមយុទ្ធពហុសាសន៍រួមដ៏មានសារសំខាន់ “មិត្តភាព សន្តិភាព-
២០២៣” ដែលរៀបចំឡើងដោយកងទ័ពរំដោះប្រជាជនចិន ដែលមានបណ្ដាប្រទេសចំនួន៦ ចូលរួមក្នុងសមយុទ្ធនេះដោយរួមទាំងអ្នកតំណាងរបស់អង្គការសហប្រជាជាតិ ក៏មានវត្តមាននៅទីនោះដែរ ។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងទៀតថា នេះមិនមែនជាលើកទីមួយទេ ដែលកងយោធពលខេមរភូមិន្ទយើង បានចេញទៅចូលរួមក្នុងសមយុទ្ធពហុសាសន៍ ដែលមានបណ្ដាប្រទេសជាច្រើនចូលរួម ដូច្នេះយើងជឿជាក់ថាកម្លាំងរបស់យើងនិងចូលរួមក្នុងប្រតិបត្តិការសមយុទ្ធនេះប្រកបដោយជោគជ័យ ។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក្នុងនាមសម្ដេចបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្នុងនាមឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ហ្នឹងឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានកោតសរសើរចំពោះក្រុមការងារ ដែលបានសហការគ្នាយ៉ាងល្អជាមួយបញ្ជាការដ្ឋានកងពលតូចលេខ ៧០ និងបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក រៀបចំទាំងកម្លាំង និងសម្ភារៈបរិក្ខារយោធា ដើម្បីធានា ឱ្យការប្រុងប្រៀបចេញដំណើរទៅចូលរួមក្នុងសមយុទ្ធពហុសាសន៍រួម “សន្តិភាព មិត្តភាព ២០២៣” នៅប្រទេសចិនបានប្រកបទៅដោយរលូន ។ ឯកឧត្តម ក៏បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចបបរធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា និងថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ផ្ញើជូនដល់កងកម្លាំងយើងទាំងអស់ ដែលនឹងត្រៀមចេញទៅចូលរួមនៅក្នុងសមយុទ្ធ ដែលមានឈ្មោះថាសមយុទ្ធរួម “សន្តិភាព មិត្តភាព ២០២៣” អាមែនយូយី ២០២៣ “AMAN YOUYI 2023” លើប្រធានបទ “ប្រតិបត្តិការយោធាចម្រុះ លើការប្រឆាំងភេរវកម្ម និងការថែរក្សាសន្តិសុខលម្ហសមុទ្រ” ។

អត្ថបទដែលជាប់ទាក់ទង