ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ត្រីយោធាម្នាក់ដកកាំភ្លើងខ្លីម៉ាក រ៉ូឡូ បាញ់ឡើងលើមួយគ្រាប់ ក្រោយពីផឹកស្រវឹង ត្រូវប៉េអឹមចាប់ខ្លួន

95

ខេត្តកំពង់ឆ្នាំង ៖ មន្ត្រីយោធាម្នាក់ដកកាំភ្លើងខ្លីម៉ាក រ៉ូឡូ បាញ់ឡើងលើមួយគ្រាប់ ក្រោយពីផឹកស្រវឹង និងមានទំនាស់ពាក្យសម្ដីគ្នា។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង០០នាទីយប់ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិទំនប់ ឃុំត្រងិល ស្រុកកំពង់លែង ។ ទោះបីជាយ៉ាងនេះក្តី ក្រោយកើតហេតុ មន្ត្រីយោធារូបនេះ ក៏ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត ធ្វើការឃាត់ខ្លួនផងដែរ។

យោងតាមមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានប្រាប់ឱ្យដឹងថា យោធាប្រើអាវុ.ធខ្លីបា.ញ់ឡើងលើមួយគ្រាប់នេះមានឈ្មោះ ឡោ ប៊ុនភ័ក្ត្រ ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅក្នុងភូមិអូដឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងមានមុខងារជាយោធាបម្រើការងារនៅកងអន្តរាគមន៍លេខ៧០ នៃកងយុទ្ធពលខេមរៈភូមិន្ទ។

ប្រភពដដែលបានបន្តថា មុនពេលកើតហេតុ មន្ត្រីយោធាបាញ់បោះសេរីរូបនោះ រួមនឹងមិត្តភក្តិម្នាក់ទៀត បានមកលេងផ្ទះរបស់ឈ្មោះ ផូ កូលាប ភេទស្រី អាយុ៤៦ឆ្នាំ មានទីលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ បន្ទាប់មកក៏មានការផឹកស៊ីផងដែរ។

ប្រភពដដែលបន្តថា លុះរហូតដល់វេលាម៉ោងជាង៨យប់ ស្រាប់តែមានទំនាស់ពាក្យសម្ដីនឹងគ្នាកើតឡើងតែម្ដង ។ ខណៈសមត្ថកិច្ចឃាត់ខ្លួនកំពុងធ្វើការសាកសួរនោះ មិនទាន់បញ្ជាក់បានទេថា តើទំនាស់ខាងលើនេះកើតឡើងដោយសាររឿងអ្វីឡើយ? ប៉ុន្តែនៅពេលទាស់ពាក្យសម្ដីគ្នានោះ មន្ត្រីយោធារូបនោះបានដកកាំភ្លើងខ្លីម៉ាក រ៉ូឡូ បា.ញ់ឡើងលើមួយគ្រាប់ ទុកជាការគំរាម ធ្វើឲ្យមានការឆោឡោកើតឡើងតែម្ដង។

អត្ថបទដែលជាប់ទាក់ទង