ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្រ្តីនគរបាលទាំងអស់ បង្ក្រាបដោយគ្មានការលើកលែង ចំពោះបទល្មើសគ្រឿងញៀនគ្រប់ប្រភេទ រួមទាំងឧក្រិដ្ឋជនគ្រឿងញៀន ក្នុងពន្ធនាគារ

57

 

ភំ្នពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ បានណែនាំមន្រ្តីទាំងអស់ ធ្វើការបង្ក្រាប ដោយគ្មានការលើកលែង ចំពោះបទល្មើសគ្រឿងញៀនគ្រប់ប្រភេទ និងគ្រប់គ្រងមុខសញ្ញាពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន រួមទាំងឧក្រិដ្ឋជនគ្រឿងញៀនក្នុងពន្ធនាគារឱ្យទាន់បានម៉ត់ចត់។

នៅព្រឹកថ្ងៃចន្ទទី១៣ ខែវិចិ្ឆកា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនប្រឆាំងគ្រឿងញៀន បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំខែតុលា និងលើកទិសដៅបន្ត របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានណែនាំឲ្យមន្រ្តីទាំងអស់ មានស្មារតីប្រឹងប្រែងចុះបង្រ្កាប ចុះស្រាវជ្រាវ ស៊ើបអង្កេត តស៊ូធ្វើករណីជួញដូរ ករណីកែច្នៃគ្រឿងញៀន ដែលជាករណីធំៗ ហើយធ្វើឲ្យត្រឹមត្រូវតាមនីតិវិធី។ ចំណែកករណីប្រើប្រាស់ គឺទុកឲ្យខាងអាជ្ញាធរមូលដ្ឋានជាអ្នកធ្វើ ។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា រាល់ពេលចុះបង្រ្កាបត្រូវរាយការណ៍បឋមមកឯកឧត្តមផ្ទាល់ ដើម្បីឲ្យឯកឧត្តម រាយការណ៍បន្តទៅតាមឋានានុក្រម។
ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ បានកោតសរសើរដល់កងកម្លាំង នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលលទ្ធផលក្នុងរបាយការណ៍នៃការបង្រ្កាប គឺទទួលបានលទ្ធផលល្អ និងសូមឲ្យខិតខំបន្ថែមទៀត។ ឯកឧត្តម ក៏បានឯកភាពនូវទិសដៅក៏ដូចជាការលើកឡើង ដើម្បីអនុវត្តបន្តរបស់ ឯកឧត្តមនាយកមន្ទីរប្រឆាំងគ្រឿងញៀនផងដែរ។

ដើម្បីឱ្យការងារប្រឆាំងគ្រឿងញៀនកាន់តែមានប្រសិទ្ធិភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំសន្ធរ បានណែនាំចំណុចមួយចំនួនដូចខាងក្រោម ៖
១/ធ្វើការបង្ក្រាបដោយគ្មានការលើកលែង ចំពោះបទល្មើសគ្រឿងញៀនគ្រប់ប្រភេទ និងគ្រប់គ្រងមុខសញ្ញាពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន រួមទាំងឧក្រិដ្ឋជនគ្រឿងញៀនក្នុងពន្ធនាគារឱ្យទាន់បានម៉ត់ចត់។
២/ជម្រុញឱ្យមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ លើការងារបង្ការ ទប់ស្កាត់ បង្រ្កាបបទល្មើសគ្រឿងញៀន ។
៣/អប់រំដល់មន្ត្រីអនុវត្តច្បាប់ ឱ្យគោរពនូវក្រមសីលធម៌វិជ្ជាជីវៈ ជាមន្ត្រីនគរបាលជាតិ អនុវត្តត្រឹមត្រូវតាមជំនាញ នីតិវិធីច្បាប់ ដើម្បីលុបបំបាត់នូវភាពអវិជ្ជមាន ក្នុងគោលបំណង បញ្ចៀសការរិះគន់អំពីសំណាក់ប្រជាពលរដ្ឋ។
៤/បណ្ដុះបណ្ដាលផ្ទៃក្នុង ដើម្បីទទួលបានចំណេះដឹងថ្មីៗ ជំនាញ បទពិសោធន៍ និងលើកកម្ពស់សមត្ថភាពមន្រ្តីអនុវត្តច្បាប់ បង្កើនការយល់ដឹងលើលិខិតបទដ្ឋានគតិយុត្តិ និងនីវិតិធីច្បាប់ដែលមានជាធរមាន។
៥/បន្តជំរុញតាមបណ្តារាជធានី-ខេត្ត ជាពិសេសប៉ុស្តិ៍នគរបាលរដ្ឋបាល អធិការក្រុង ស្រុក ខណ្ឌ ។
៦/លើកទឹកចិត្ត ដល់កងកម្លាំងដែលមានស្នាដៃ និងចៀសវាងឲ្យបាន នូវការអនុវត្តដែលផ្ទុយទៅនឹងវិន័យរបស់កងកម្លាំង។
៧/ត្រូវមានរបបប្រជុំឲ្យបានទៀងទាត់ ចាប់តាំងពីថ្នាក់ការិយាល័យ មន្ទីរ នឹងមានការជួបប្រជុំតាមបណ្តារាជធានី-ខេត្តជាប់ជាប្រចាំ ដើម្បីតាមដានត្រួតពិនិត្យនូវបញ្ហាប្រឈម ក៏ដូចជារកដំណោះស្រាយរួមគ្នាកាត់បន្ថយការប្រើប្រាស់ ការចែកចាយ ការជួញដូរ នៅក្នុងប្រទេសកម្ពុជារបស់យើង។

ជាមួយគ្នានោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានថ្លែងថា កន្លងមក រាជរដ្ឋាភិបាលអាណត្តិទី៦ និងរាជរដ្ឋាភិបាលអាណត្តិទី៧ គឺនៅតែបន្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដោយសារតែយុទ្ធនាការនេះហើយ ដែលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនស៊ីជម្រៅទៅដល់សង្គម ដល់គ្រប់មជ្ឈដ្ឋាន ព្រោះថា យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ជាចលនាជាតិមួយដែលមានការចូលរួមគ្រប់ស្រទាប់វណ្ណៈ មិនថាសាសនាណា មិនថានិន្នាការនយោបាយ ពណ៌សម្បុរ មន្រ្តីរាជការ ឬប្រជាពលរដ្ឋនោះទេ គឺត្រូវចូលរួមទាំងអស់គ្នា ចូលរួមគិត រួមទទួលផល រួមទទួលខុសត្រូវ។ កន្លងមក នៅតាមបណ្តាប្រទេសជឿនលឿនមួយចំនួន មិនបានស៊ីជម្រៅ មិនបានចូលរួមគ្រប់ស្រទាប់វណ្ណៈដូចយើងទេ ។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការរងនគរបាលជាតិ មានប្រសាសន៍ទៀតថា ប្រទេសកម្ពុជា បានក្លាយជាប្រទេសដែលរងគ្រោះ ដោយត្រូវក្រុមឧក្រិដ្ឋជន យកធ្វើជាប្រទេសឆ្លងកាត់ការក្នុងការលួចដឹកជញ្ជូនគ្រឿងញៀន ពីតំបន់ត្រីកោណមាស ទៅក្នុងលំហរសមុទ្រ ដើម្បីនាំចេញទៅប្រទេសទី៣ និងមួយផ្នែកត្រូវបានចែកចាយនៅក្នុងប្រទេសកម្ពុជា។ ដោយសារការឆ្លងកាត់នូវសារធាតុញៀនដ៏ច្រើនសន្ធឹកសន្ធាប់ សមត្ថកិច្ចកម្ពុជាបានធ្វើការបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនធំៗ ចាប់យកសារធាតុញៀនជាច្រើនតោនដែលមិនធ្លាប់មានពីមុនមក ។

ឯកឧត្តម បានថ្លែងថា កម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនចំនួន២ចំណុច ៖ ទី១-យើងបង្រ្កាបបានរាល់ឧបាយកល ដែលឧក្រិដ្ឋជនប៉ុនប៉ងយកកម្ពុជា ជាទីកន្លែងផលិត ។ ទី២-កន្លងមកនេះ អង្គការ FAT បានដាក់កម្ពុជាក្នុងបញ្ជីប្រផេះ ក្នុងការងារប្រឆាំងការសម្អាតប្រាក់ ។ តែក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានរៀបចំក្រុមការងារចំពោះកិច្ចមួយនៅទូទាំងប្រទេស រួមគ្នាប្រឹងប្រែងដើម្បីលុបបំបាត់ការងារ ការសម្អាតប្រាក់នេះឲ្យខាងតែបាន និងទទួលបានជោគជ័យ ដោយអង្គការ FAT បានដកកម្ពុជាពីបញ្ជីប្រផេះ ។
ឯកឧត្តម នាយឧត្តមសេនីយ៍ បន្តថា ការទទួលបាននូវភាពជោគជ័យនេះ គឺដោយសារអង្គភាពមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានលះបង់អស់កម្លាំងកាយចិត្ត បង្រ្កាបបានករណីធំៗជាច្រើនរួមទាំងការសម្អាតប្រាក់ ហើយរហូតដល់មកពេលនេះ ក្នុងអង្គភាពរបស់យើងក៏បានបាត់បង់ជីវិតមនុស្សចំនួន៥នាក់មកហើយ ៕

អត្ថបទដែលជាប់ទាក់ទង